កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បញ្ចប់ដោយជោគជ័យ និងទទួលការកោតសរសើរពីប្រតិភូអាស៊ាន និងដៃគូ (Video inside)
04-06-2026 16:15
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦, បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានដឹកនាំកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ មានការចូលរួមពីគណៈប្រតិភូរដ្ឋបាលគយ នៃប្រទេសសមាជិកអាស៊ានទាំងអស់ រួមទាំងគណៈប្រតិភូរដ្ឋបាលគយនៃប្រទេសទីម័រឡេស្តេ ដែលជាសមាជិកអាស៊ានថ្មីទី១១របស់អាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន។ ដោយឡែកគណៈប្រតិភូនៃរដ្ឋបាលគយថៃ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។
គួររំលឹកផងដែរថា នេះជាលើកទី៣ ដែល អគរ បានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអគ្គនាយកគយអាស៊ាន ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ ដោយការទទួលធ្វើជាម្ចាស់ផ្ទះលើកទី១ នៅឆ្នាំ២០០៦ និងលើកទី២នៅឆ្នាំ២០១៦។
ថ្លែងក្នុងពិធីបើក, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកោតសរសើរសមិទ្ធផល ដែលសម្រេចបានក្រោមអាណត្តិដឹកនាំរបស់រដ្ឋបាលគយព្រុយណេ ព្រមទាំងបានលើកទឹកចិត្តរដ្ឋបាលគយអាស៊ាន ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តនូវវិធានការ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឆ្នាំ ២០២៦-២០៣០ ក្រោមអាណត្តិដឹកនាំបន្តរបស់រដ្ឋបាលគយកម្ពុជា ទោះបីស្ថិតក្នុងស្ថានភាពប្រឈមនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជា ស្ថានភាពថាមពលសកលមានភាពប្រែប្រួលខ្លាំង ដែលរំខានដល់លំហូរពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកលក៏ដោយ។
អគ្គបណ្ឌិតសភាចារ្យ បានស្នើដាក់ចេញអនុសាសន៍គន្លឹះចំនួន ៥ ជូនអង្គប្រជុំ រួមមាន៖ (១)ជំរុញឌីជីថលនីយកម្មក្នុងអាស៊ាន តាមរយៈការអនុវត្តប្រព័ន្ធបញ្ជរតែមួយអាស៊ានឱ្យបានពេញលេញស្របតាមផែនទីចង្អុលផ្លូវជំនាន់២.០ ឆ្នាំ២០២៦–២០៣០; (២)បង្កើនកិច្ចសម្រួលពាណិជ្ជកម្មនិងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ តាមរយៈការពង្រីកវិសាលភាព នៃការទទួលស្គាល់គ្នាទៅវិញទៅមកនៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (AEO-MRA) រវាងអាស៊ាន និងដៃគូអាស៊ាន; (៣)ពង្រីកការអនុវត្តប្រព័ន្ធឆ្លងកាត់គយអាស៊ាន (ACTS) តាមផ្លូវដែក, តាមច្រករបៀងប៉ូណេអូ និងពិនិត្យលទ្ធភាពតភា្ជប់ជាមួយប្រទេសចិន ដើម្បីត្រៀមទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលនឹងចូលជាធរមាននៅឆ្នាំ២០២៧; (៤)ពង្រឹងកិច្ចសហប្រតិបត្តិការគយលើការបង្ការនិងបង្ក្រាបបទល្មើស តាមរយៈការផ្លាស់ប្តូរព័ត៌មានសម្ងាត់គយ និងចូលរួមប្រតិបត្តិការគយរួមគ្នា និង (៥)វិនិយោគជាអតិបរមាលើការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពស្ថាប័ន។
អង្គប្រជុំបានស្តាប់របាយការណ៍ (១)វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឆ្នាំ២០២៦-២០៣០ ដែលបានសម្របសម្រួលអនុវត្ត ដោយគណៈកម្មាធិការសម្របសម្រួលកិច្ចការគយអាស៊ាន ក្រោមអាណត្តិដឹកនាំរបស់រដ្ឋបាលគយព្រុយណេ និង (២)វឌ្ឍនភាពនៃប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដែលបានសម្របសម្រួលអនុវត្ត ដោយគណៈកម្មាធិការដឹកនាំប្រព័ន្ធបញ្ជរតែមួយអាស៊ាន។ អង្គប្រជុំបានកត់សម្គាល់លើការងារ និងឯកសារសំខាន់ៗ ដែលបានអនុវត្តដោយក្រុមការងារតាមវិស័យក្រោមក្របខ័ណ្ឌអគ្គនាយកគយអាស៊ាន ដូចជា៖ ផែនការសកម្មភាពតាមដំណាក់កាលប្រចាំឆ្នាំ២០២៦, ឯកសារទស្សនទានស្តីពីការសិក្សាលទ្ធភាពតភ្ជាប់ប្រព័ន្ធឆ្លងកាត់គយអាស៊ាន(ACTS) ជាមួយប្រទេសចិន, របាយការណ៍វាយតម្លៃស្តីពីលទ្ធភាពនៃការចរចា AEO-MRA រវាងរដ្ឋបាលគយអាស៊ាននិងរដ្ឋបាលគយដៃគូ, ឯកសារទស្សនទានស្តីពីការស្នើបង្កើតកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយអាស៊ាន និងវិស័យឯកជនលើការផ្លាស់ប្តូរព័ត៌មានការរត់គេចពន្ធផលិតផលថ្នាំជក់និងពាណិជ្ជកម្មខុសច្បាប់, ឯកសារទស្សនទាន ស្តីពីមគ្គុទ្ទេសក៍នៃការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ជាដើម។
អង្គប្រជុំបានអនុម័តលើឯកសារចំនួន ៤ រួមមាន៖ (១)លក្ខខណ្ឌយោងសម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយអាស៊ាននិងរដ្ឋបាលគយជប៉ុន ស្តីពីការចែករំលែកព័ត៌មានពាក់ព័ន្ធករណីរឹបអូសទំនិញ, (២)លក្ខខណ្ឌយោងសម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយអាស៊ាន និងរដ្ឋបាលគយកូរ៉េ ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់ឱ្យបានទាន់ពេល (៣)មគ្គុទ្ទេសក៍ស្តីពីការកែទម្រង់និងទំនើបកម្មគយអាស៊ាន និង(៤)ផែនទីបង្ហាញផ្លូវនៃប្រព័ន្ធបញ្ជរតែមួយស៊ានជំនាន់២.០ សម្រាប់ឆ្នាំ២០២៦-២០៣០។ ជាមួយនេះ អង្គប្រជុំបានអនុម័តលើ (១)អាណត្តិថ្មីរបស់ប្រធានអនុក្រុមការងារស្តីពីប្រព័ន្ធឆ្លងកាត់គយអាស៊ាន (SWG-ACTS) សម្រាប់ឆ្នាំ ២០២៦-២០២៨ ដែលត្រូវដឹកនាំដោយរដ្ឋបាលគយម៉ាឡេស៊ី, (២)ពន្យារអាណត្តិប្រធានអនុក្រុមការងារបច្ចេកទេសស្តីពីចំណាត់ថ្នាក់ទំនិញ (TSWGC) សម្រាប់ឆ្នាំ២០២៦-២០២៧ ដែលត្រូវដឹកនាំដោយរដ្ឋបាលគយឥណ្ឌូណេស៊ី និង(៣)កាលវិភាគកិច្ចប្រជុំនានាក្រោមឆ័ត្រកិច្ចសហប្រតិបត្តិការគយអាស៊ាន សម្រាប់រយៈពេលពីខែកក្កដា ឆ្នាំ២០២៦ ដល់ខែមិថុនា ឆ្នាំ២០២៧។
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានចេញនូវសេចក្តីថ្លែងការណ៍រួម ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលគយអាស៊ានក្នុងការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការធ្វើទំនើបកម្មគយ ស្របពេលពិភពលោកកំពុងប្រឈមនឹងបញ្ហាថ្មីៗ ដូចជា ភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះនៅមជ្ឈិមបូព៌ា ជាដើម ដែលបានបន្តប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ។ អគ្គនាយកគយអាស៊ាន បានបញ្ជាក់ជាថ្មីនូវការខិតខំប្រឹងប្រែងពង្រីកឌីជីថលភាវូបនីយកម្មនីតិវិធីគយ តាមរយៈប្រព័ន្ធបញ្ជរតែមួយអាស៊ាន, បានស្វាគមន៍វឌ្ឍនភាពនៃគំនិតផ្តួចផ្តើមសំខាន់ៗក្នុងតំបន់ រួមមាន៖ ការរៀបចំ AEO MRA ក្នុងចំណោមរដ្ឋបាលគយតំបន់ និងបន្តពង្រីក AEO-MRA ជាមួយរដ្ឋបាលគយដៃគូអាស៊ាន, ពង្រីកវិសាលភាពប្រព័ន្ធឆ្លងកាត់គយអាស៊ានទាំងក្នុងតំបន់ និងពិនិត្យលទ្ធភាពតភ្ជាប់ជាមួយប្រទេសចិន។
សេចក្តីថ្លែងការណ៍ ក៏បានកត់សម្គាល់អំពីវឌ្ឍនភាពនៃរៀបចំតារាងពន្ធគយស៊ីចង្វាក់អាស៊ានជំនាន់ថ្មី ឆ្នាំ២០២៨ (ASEAN Harmonised Tariff Nomenclature 2028), កោតសរសើរប្រតិបត្តិការគយរួមគ្នាលើកទី៣ ដើម្បីប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំដើមកំណើតទំនិញ ដែលបានដឹកនាំដោយរដ្ឋបាលគយកម្ពុជា, និងបន្តលើកកម្ពស់ការវិនិយោគលើការកសាងសមត្ថភាពធនធានមនុស្ស។
លើសពីនេះ អគ្គនាយកគយអាស៊ាន បានស្វាគមន៍ការបញ្ចប់ការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA), ការចុះហត្ថលេខាលើពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) និងការចុះហត្ថលេខាការដំឡើងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ និងការបន្តចរចាដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានបូក ផ្សេងទៀត។
អគ្គនាយកគយអាស៊ាន ក៏បានប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នាជាមួយគណៈប្រតិភូនៃរដ្ឋបាលគយអូស្រ្តាលី, រដ្ឋបាលគយចិន, រដ្ឋបាលគយជប៉ុន, រដ្ឋបាលគយកូរ៉េ និងអង្គការគយពិភពលោក (WCO) ដើម្បីបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារគយ ដូចជា៖ ការចែករំលែកឧត្តមានុវត្តន៍ និងជំនួយបច្ចេកទេសសម្រាប់រដ្ឋបាលគយអាស៊ាន, ប្រតិបត្តិការគយរួមគ្នាដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ និងបទល្មើសឆ្លងដែន, ការផ្លាស់ប្តូរព័ត៌មានសម្ងាត់ និងគំនិតផ្តួចផ្តើមថ្មីៗ សម្រាប់គាំទ្រគ្នាទៅវិញទៅមករវាងរដ្ឋបាលគយអាស៊ាននិងរដ្ឋបាលគយជាដៃគូ ដើម្បីឆ្លើយតបនឹងបរិបទស្ថានភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនាពេលចុងក្រោយនេះ។
គួរបញ្ជាក់ថា លោកស្រី Meijun Sun រដ្ឋមន្ត្រីនៃរដ្ឋបាលគយចិន, លោក Mitsuhiro Teraoka អគ្គនាយកនៃរដ្ឋបាលគយជប៉ុន និងលោក Mr. Antony William Smith អគ្គនាយករងនៃរដ្ឋបាលគយអូស្ត្រាលី បានផ្តល់កិត្តិយសដល់អគ្គនាយកគយអាស៊ាន ដោយបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ។
លោក Ian Saunders អគ្គលេខាធិការនៃអង្គការគយពិភពលោក ក៏បានឆ្លៀតឱកាសដ៏មានតម្លៃចូលរួមកិច្ចពិគ្រោះយោបល់តាមប្រព័ន្ធវីដេអូ ពីទីស្នាក់ការកណ្តាលនៃ WCO នៅទីក្រុងព្រុចសែល ផងដែរ។ ចំពោះកិច្ចពិគ្រោះយោបល់ជាមួយរដ្ឋបាលគយកូរ៉េ, លោកអគ្គនាយករង ចាន់ សុភាព តំណាងរដ្ឋបាលគយកម្ពុជា បានធ្វើជាសហប្រធានជាមួយលោក Min Han អគ្គនាយក នៃការិយាល័យកិច្ចការអន្តរជាតិ រដ្ឋបាលគយកូរ៉េ លើប្រធានបទស្តីពីគម្រោងផ្លាស់ប្តូរវិញ្ញាបនបត្រដើមកំណើតទំនិញអេឡិចត្រូនិក, ប្រតិបត្តិការគយរួមគ្នាក្នុងការបង្ក្រាបការរត់ពន្ធគ្រឿងញៀនឆ្លងកាត់ព្រំដែន និងការចែករំលែកចំណេះដឹង និងបទពិសោធការងារគយ និងកម្មវិធីជំនួយបច្ចេកទេសនាឆ្នាំខាងមុខ។
គួរទាញចំណាប់អារម្មណ៍ផងដែរថា កិច្ចប្រជុំពិគ្រោះយោបល់ជាមួយរដ្ឋបាលគយចិន និងរដ្ឋបាលគយកូរ៉េ នាកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានឯកភាពចេញសេចក្តីថ្លែងការណ៍រួម ផ្សេងដាច់ដោយឡែកពីគ្នា ដោយឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលគយអាស៊ានជាមួយរដ្ឋបាលគយដៃគូអាស៊ាន។ សេចក្តីថ្លែងការណ៍រួមទាំងពីរនេះ ជាសេចក្តីថ្លែងការណ៍លើកដំបូងបង្អស់ ដែលកិច្ចប្រជុំពិគ្រោះយោបល់ជាមួយរដ្ឋបាលគយដៃគូ ពុំធ្លាប់បានរៀបចំនាកិច្ចប្រជុំពិគ្រោះយោបល់នាពេលកន្លងមក។
អគ្គនាយកគយអាស៊ាន ក៏បានប្រជុំពិគ្រោះយោបល់ជាមួយសមាគមធុរកិច្ចនៃវិស័យឯកជនសំខាន់ៗ រួមមាន៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ABAC), ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាម៉េរិក (US-ABC) ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហការរវាងរដ្ឋបាលគយអាស៊ាននិងវិស័យឯកជន ស្តាប់អនុសាសន៍និងពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាមួយចំនួន ដែលវិស័យឯកជនបានលើកឡើង ក្នុងន័យលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់។
ឆ្លៀតក្នុងឱកាសដ៏មមាញឹក ក្រៅពីដឹកនាំកិច្ចប្រជុំអគ្គនាយកគយអាស៊ាន, បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជា បានជួបប្រជុំទ្វេភាគីដាច់ដោយឡែកជាមួយ (១) រដ្ឋបាលគយអូស្ត្រាលី ដោយបានចុះហត្ថលេខាលើសេចក្តីថ្លែងហេតុបង្ហាញ ពីឆន្ទៈរបស់ភាគីទាំងពីរក្នុងការរៀបចំចរចា បង្កើតអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមរួម និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន, (២) រដ្ឋបាលគយជប៉ុន ដោយបានវាយតម្លៃខ្ពស់លើជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព ដែលបានផ្តល់ជូនកម្ពុជា នាពេលកន្លងមក និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ និង (៣) រដ្ឋបាលគយឡាវ ដោយបានពិភាក្សាលើការសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ និងការត្រៀមធ្វើបច្ចុប្បន្នភាពនៃអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការគយ។
នៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំ រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយចិន បានចុះហត្ថលេខាលើ AEO MRA សំដៅសម្រួលការធ្វើពាណិជ្ជកម្មទ្វេភាគីដូចជា៖ ការផ្តល់អាទិភាពក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ, ការកាត់បន្ថយការត្រួតពិនិត្យរូបវន្តនិងតម្រូវឯកសារពាណិជ្ជកម្ម, ការយកទំនិញចេញពីគយមុនពេលបង់ពន្ធនិងអាករ, រួមទាំងផ្តល់អត្ថប្រយោជន៍នៃកិច្ចសម្រួលពាណិជ្ជកម្ម ជាច្រើនផ្សេងទៀត។ ការចុះ AEO MRA ជាមួយរដ្ឋបាលគយចិននេះ គឺជាការចុះ AEO MRA ទ្វេភាគីលើកទី១ របស់រដ្ឋបាលគយកម្ពុជា។
ក្រៅពីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយរដ្ឋបាលគយអាស៊ាន និងកិច្ចប្រជុំជាមួយរដ្ឋបាលគយកម្ពុជា លោកជំទាវរដ្ឋមន្ត្រី នៃរដ្ឋបាលគយចិន ក៏បានជួបប្រជុំដោយឡែកជាមួយ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងដែរ។
គណៈប្រតិភូកម្ពុជា បានជួបប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាម៉េរិក (US-ABC) ដើម្បីបន្តពង្រឹងកិច្ចសហការរវាងរដ្ឋបាលគយនិងផ្នែកឯកជន, ស្តាប់អនុសាសន៍ និងសំណូមពររបស់ផ្នែកឯកជនពាក់ព័ន្ធសាមញ្ញកម្មនីតិវីធីគយ ចំពោះពាណិជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងបញ្ញើរហ័ស, សំណើរសុំរដ្ឋបាលគយកម្ពុជាសម្របសម្រួលជាមួយស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ឱ្យកាន់តែប្រសើរ និងជំរុញការទប់ស្កាត់បទល្មើសគេចបន្លំពន្ធ និងបទល្មើសឆ្លងដែន សំដៅបង្កើតបរិយាកាសប្រកួតប្រជែង ដោយស្មើភាព។
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានបញ្ចប់ប្រកបដោយជោគជ័យ លើសពីការរំពឹងទុក និងទទួលបានការកោតសរសើរពីរដ្ឋបាលគយអាស៊ាន រដ្ឋបាលគយដៃគូអាស៊ាន និងផ្នែកឯកជនប្រចាំតំបន់អាស៊ាន។ បន្ថែមពីលើនេះ គណៈប្រតិភូចូលរួមទាំងអស់បានអបអរសាទរ ចំពោះការរៀបចំកិច្ចប្រជុំដ៏ឥតខ្ចោះ របស់ អគរ និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលក្នុងនាមជាម្ចាស់ផ្ទះ៕































