គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥៧០លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៦

11-06-2026 20:59

(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥៧០លានដុល្លារអាម៉េរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចុះបញ្ជីនៅកម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ទៀតថា ក្នុងចំណោមគម្រោងវិនិយោគទាំង ៣៧ មានគម្រោងចំនួន ២៩ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៤៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៣ពាន់ កន្លែង ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ដែលក្នុងនោះគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៦​ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២ និងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១១។

ដោយឡែក គម្រោងដែលត្រូវបានចុះបញ្ជីដោយ​អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត មានចំនួន ៨ ក្នុងទំហំទុនវិនិយោគប្រមាណ ២៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២,២ពាន់កន្លែង៕