ក្រុមហ៊ុនរដ្ឋដែលទទួលខុសត្រូវលើស្បៀងបំរុងរបស់ជាតិ ត្រូវបានប្តូរជា «សហគ្រាសពាណិជ្ជកម្មកម្ពុជា» ដើម្បីពង្រឹងការប្រកួតប្រជែងរបស់កម្ពុជា និងការវិនិយោគការកែច្នៃកសិផល
12-06-2026 13:37
(ភ្នំពេញ)៖ ក្រុមហ៊ុនរដ្ឋ ហ្រ្គីនត្រេដ ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើស្បៀងបំរុងរបស់ជាតិ ត្រូវបានប្តូរជា សហគ្រាសពាណិជ្ជកម្មកម្ពុជា (CTE) ដោយបានសម្ពោធដាក់ឱ្យដំណើរការផ្លូវការនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីឱ្យស្ថាប័នរដ្ឋមួយនេះ ក្លាយទៅជាសហគ្រាសសាធារណៈដ៏ទំនើបមួយ ដែលអាចចូលរួមចំណែកក្នុងការពង្រឹងការប្រកួតជែងរបស់កម្ពុជា ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រីកឱកាសពាណិជ្ជកម្មថ្មីៗសម្រាប់ប្រទេសជាតិទាំងមូល។
ថ្លែងក្នុងពិធីសម្ពោធនេះ លោក កឹម ស៊ីថន រដ្ឋលេខាប្រចាំការ និងជាតំណាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការធ្វើទំនើបកម្មកែទម្រង់ពីក្រុមហ៊ុនហ្រ្គីនត្រេដ ទៅជាសហគ្រាសពាណិជ្ជកម្មកម្ពុជា គឺស្របតាមទិសដៅអទិភាពរបស់រាជរដ្ឋាភិបាល។
លោកគូសបញ្ជាក់បន្ថែមថា CTE នឹងមានទស្សនៈវិស័យធំទូលាយជាងមុន ដោយមិនផ្តោតចម្បងតែលើស្រូវអង្ករនោះទេ និងបន្ថែមការផ្តោតលើផលិតផលផ្សេងៗទៀតដែលមានសក្តានុពលស្រាប់។ ពោលគឺការបង្កើតសហគ្រាសនេះឡើង ដោយមើលឃើញពីសារៈសំខាន់នៃវិស័យស្បៀងអាហារ ដូច្នេះហើយវាជាឱកាសសម្រាប់កម្ពុជា ក្នុងការជំរុញអភិវឌ្ឍន៍ និងទាញឱ្យបានជាអតិបរមាពីខ្សែច្រវាត់តម្លៃសម្រាប់កសិផលសំខាន់ៗរបស់កម្ពុជា ដូចជាអង្ករ ស្វាយចន្ទី ស្វាយ ម្រេច ដំឡូង និងផលិតផលកសិកម្មផ្សេងទៀត ដើម្បីបង្កើតការច្នៃក្នុងស្រុក និងពង្រីកការនាំចេញទៅក្នុងតំបន់ និងទីផ្សារអន្តរជាតិបន្ថែមទៀត។
លោកបន្តថា «CTE នឹងដើរតួនាទីក្នុងការរក្សាសន្តិសុខស្បៀងប្រកបដោយវៃឆ្លាត និងភាពធន់ ជំរុញការវិនិយោគការកែច្នៃកសិផល និងពង្រីកដៃគូពាណិជ្ជកម្មទាំងក្នុងតំបន់ និងពិភពលោក»។
បើទោះបីជា CTE ពង្រីកបេសកម្មនិងទស្សនៈវិស័យធំជាមុនក៏ដោយ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ បានអះអាងថា ការបង្កើត CTE មិនមែនក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយវិស័យឯកជននោះទេ ហើយក៏មិនមានគោលបំណងជំនួសតួនាទីរបស់ វិស័យឯកជនក្នុងទីផ្សារដែរ ប៉ុន្តែ CTE នឹងដើរតួនាទីជាដៃគូរយុទ្ធសាស្រ្ត ប្រកបដោយថាមវ័ន្ត ដែលនឹងជួយបើកផ្លូវទៅរកការអភិវឌ្ឍន៍ទីផ្សារថ្មីៗ និងជួយបង្កើនលក្ខខណ្ឌអំណោយផលសម្រាប់ការចូលរួមកាន់តែច្រើនសម្រាប់ឯកជននៅកម្ពុជា។
ក្នុងពិធីសម្ពោធនេះដែរ ក៏មានការប្រកាសតែងតាំង លោកស្រី គឹម ស្រីរ័ត្ន ជានាយកប្រតិបត្តិ សហគ្រាសពាណិជ្ជកម្មកម្ពុជា (Cambodia Trade Enterprise) ផងដែរ។
មុនទទួលបានតំណែងនេះ លោកស្រីមានតំណែងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តែត្រូវបញ្ចប់តួនាទីជាអនុរដ្ឋលេខាធិការ ទើបទទួលមុខតំណែងថ្មី។
លោកស្រី គឺជាកូនស្រីរបស់ លោកឧកញ៉ា គឹម សាវុធ អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ ខ្មែរហ្វូដ ដែលមានកេរ្តិ៍ឈ្មោះល្បីមួយ។ លោកឧកញ៉ា គឹម សាវុធ ធ្លាប់ជាប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា តាំងពីមុនបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា។
តាមរយៈបទពិសោធន៍ក្នុងការងាររោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្កររបស់់ឪពុក លោកស្រី គឹម ស្រីរ័ត្ន នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំសហគ្រាសរដ្ឋមួយនេះ៕














