មន្រ្តីជាន់ខ្ពស់ពាណិជ្ជកម្ម ជំរុញឱ្យសហគ្រាសពាណិជ្ជកម្មកម្ពុជា បន្តសហការជាមួយកសិករ សហគមន៍កសិកម្ម និងវិស័យឯកជន បង្កើតខ្សែច្រវាក់តម្លៃដែលមានប្រសិទ្ធភាព និងប្រកួតប្រជែងបាន
12-06-2026 15:30
(ភ្នំពេញ)៖ លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យសហគ្រាសពាណិជ្ជកម្មកម្ពុជា (CTE) បន្តជំរុញកិច្ចសហការជាមួយកសិករ សហគមន៍កសិកម្ម សហករណ៍ សហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុនកែច្នៃ វិនិយោគិន និងដៃគូអន្តរជាតិ ដើម្បីបង្កើតខ្សែច្រវាក់តម្លៃដែលមានប្រសិទ្ធភាព និងអាចប្រកួតប្រជែងបាន។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ សហគ្រាសពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ លោក កឹម ស៊ីថន បានណែនាំដល់គ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសសហគ្រាសពាណិជ្ជកម្មកម្ពុជាថ្មីនេះ ត្រូវបន្តរួមគ្នាដោយយកចិត្តទុកដាក់តាមសមត្ថកិច្ចរៀងៗខ្លួន ដើម្បីចូលរួមចំណែកពង្រឹងនិងពង្រីកឧត្តមភាពពាណិជ្ជកម្មកម្ពុជាប្រកបដោយភាពធន់និងបរិយាបន្ន។
បន្ថែមពីនេះ លោកលើកទឹកចិត្តឱ្យ CTE ប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ចំនួនបី រួមមានទី១.ត្រូវមានចក្ខុវិស័យវែងឆ្ងាយ និងភាពច្នៃប្រឌិត ក្នុងការស្វែងរកឱកាសអាជីវកម្ម និងទីផ្សារថ្មីៗ។ ទី២. ត្រូវផ្អែកលើភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ និងទី៣.ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ ប្រសិទ្ធភាព តម្លាភាព និងវិជ្ជាជីវៈខ្ពស់ ក្នុងការបំពេញបេសកកម្មរបស់ខ្លួន។
បន្ថែមពីនេះ លោកបានស្នើឱ្យ CTE វិស័យឯកជន និងភាគីពាក់ព័ន្ធ សហការជិតស្និទ្ធជាមួយក្រុមការងារជំរុញការនាំចេញ និងអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម សិក្សានិងតាមដាន និន្នាការទីផ្សារនិងរៀបចំផែនការយុទ្ធសាស្រ្តទីផ្សារ ដើម្បីបង្កើនចំណែកទីផ្សារ និងជ្រៀតចូលទីផ្សារអន្តរជាតិថ្មីៗសម្រាប់ផលិតផលសក្តានុពលរបស់កម្ពុជា។ ទន្ទឹមគ្នានេះ CTE និងវិស័យឯកជនទាំងអស់ សូមបន្តសហការនិងចូលរួមចំណែកឱ្យសកម្មក្នុងដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ និងការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់។
លោកមានប្រសាសន៍បន្តថា «សូមស្នើឱ្យ CTE ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ចូលរួមនិងសហការឱ្យបានជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងអនុព័ន្ធពាណិជ្ជកម្មនៅក្រៅប្រទេស ក្នុងការបង្កើតប្រព័ន្ធតាមដាន និងវិភាគតម្លៃទំនិញយុទ្ធសាស្ត្រនៅលើទីផ្សារទាំងក្នុងស្រុកនិងអន្តរជាតិ ឱ្យបានម៉ឺងម៉ាត់ និងជាប្រចាំ ដើម្បីអាចត្រៀមនិងដាក់ចេញវិធានការអន្តរាគមន៍ទីផ្សារបានទាន់ពេលវេលា សំដៅការពារផលប្រយោជន៍ និងជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ»។
លើសពីនេះ លើកទឹកចិត្តឱ្យ CTE ត្រូវចូលរួមឱ្យបានសកម្មជាមួយក្រសួងពាណិជ្ជកម្ម ក្នុងបេសកកម្មចរចានិងស្វែងរកទីផ្សារ និងដើរតួជាអ្នកសម្របសម្រួលតំណាងឱ្យវិស័យឯកជនកម្ពុជា ក្នុងការចរចាកិច្ចសន្យាផ្គត់ផ្គង់ផលិតផលកសិផលក្នុងទម្រង់ «រដ្ឋាភិបាលទៅរដ្ឋាភិបាល» (G2G) ជាមួយបណ្តាប្រទេសបញ្ជាទិញធំៗនិងដៃគូសក្តានុពល ឱ្យបានកាន់តែច្រើន និងមានតម្លៃប្រកួតប្រជែង។ ព្រមទាំងលើកទឹកចិត្តឱ្យ CTE ពិចារណាសិក្សាលទ្ធភាពអំពីការវិនិយោគចាំបាច់មួយចំនួន លើហេដ្ឋារចនាសម្ព័ន្ធកែច្នៃនិងឃ្លាំងស្តុកក្រោយពេលប្រមូលផល សម្រាប់កសិផលសំខាន់ៗ ដើម្បីចូលរួមចំណែកក្នុងការរក្សាលំនឹងទីផ្សារ សំដៅកាត់បន្ថយហានិភ័យទីផ្សារ និងធានាបានប្រភពផ្គត់ផ្គង់ស្បៀងប្រកបដោយចីរភាព។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណចំពោះគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងការរៀបចំ និងអភិវឌ្ឍ CTE ព្រមទាំងបន្តផ្តល់កិច្ចសហការជិតស្និទ្ធនិងផ្តល់ការគាំទ្រ សំដៅជំរុញឱ្យ CTE ក្លាយជាស្ថាប័នថ្មីមួយសម្រាប់អនាគតរបស់កម្ពុជា។
ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរនេះដែរ CTE បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាង CTE និងបណ្តាគ្រឹះស្ថានធនាគារនិងក្រុមហ៊ុនដឹកជញ្ជូននានាផងដែរ ដែលជាជំហានដ៏សំខាន់ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យ និងទិសដៅរួម ក្នុងការជំរុញអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មកម្ពុជា៕













