អ៊ែបបញ្ជាទិញទំនិញតាមអនឡាញ(Tiptop App) ដែលបង្កើតឡើងដោយកូនខ្មែរ ​បាននឹងកំពុងរួមចំណែក ជំរុញការលក់ផលិតផលខ្មែរ និងជួយរកទីផ្សារឱ្យម្ចាស់សិប្បកម្ម និង​អាជីវកម្មក្នុងស្រុក​ (Video inside)

13-06-2026 09:14

(ភ្នំពេញ)៖ ដើម្បីជំរុញការលក់ផលិតផលខ្មែរ និងជួយរកទីផ្សារឱ្យម្ចាស់សិប្បកម្ម និង​ម្ចាស់អាជីវកម្មក្នុងស្រុក ស្រ្តីខ្មែរមួយរូបបាន ផ្តួចផ្តើមគំនិត បង្កើតកម្មវិធីទិញទំនិញតាមទូរសព្ទមួយ ដែលមានឈ្មោះថា Tiptop App ​ដោយបច្ចុប្បន្ននេះ អតិថិជន ប្រមាណជិត២០០ប្រទេស អាចបញ្ជាទិញទំនិញខ្មែរគ្រប់ប្រភេទនៅលើអ៊ែបនេះ។

Tiptop ជាកម្មវិធីទិញទំនិញតាមអនឡាញ ​បង្កើតឡើងដោយកូនខ្មែរ​ មានលក់ផលិផលខ្មែរជាង ១០០០មុខ ដែល​ជាប្រភេទទំនិញដែលមានគុណភាព ​ពីម្ចាស់សិប្បកម្ម និង ហាង។ ធីបថបអាចឱ្យបងប្អូនខ្មែរទាំងក្នុងស្រុក និង ក្រៅស្រុក គ្រប់រូប រកផលិផលខ្មែរបានដោយងាយស្រួល។ ក្រៅពីផលិតផលខ្មែរ អតិថិជន ក៏អាចបញ្ជាទិញផលិតផលពីប្រទេសចិនជាច្រើនមុខបានផងដែរ។

លោកស្រី ណាំង គង្គា ដែលជាស្ថាបនិក Tiptop App បានឱ្យដឹងថា ​ការបង្កើត អ៊ែបនេះឡើង ដើម្បីរួមចំណែកជំរុញផលិតក្នុងស្រុក ឱ្យកាន់តែខិតជិតជាមួយអ្នកប្រើប្រាស់។ អតិថិជននៅទូទាំង២៥ខេត្តក្រុង និង បណ្តាប្រទេសនានាជុំវិញពិភពលោក អាចធ្វើការបញ្ជាទិញ ទំនិញពីកម្មវិធី TipTopបាន។

Tiptop Appបានបំពាក់់បច្ចេកវិទ្យាទំនើប​ផ្តល់ទំនុកចិត្តខ្ពស់ និង ផ្តល់សុវត្ថិភាពជូនអ្នកទិញ និង អ្នកលក់ ដោយលំហូរនៃដំណើរការទិញ និងលក់មានភ្ជាប់ប្រព័ន្ធជាមួយធនាគារ ABA និង ភ្នាក់ងារដឹកជញ្ជូនរហ័ស Pendasend ដោយស្វួយប្រវត្តិ។​

លោកស្រីបន្តថា កម្មវិធីធីបថប​ អនុញ្ញាតឱ្យម្ចាស់ រោងចក្រ សិប្បកម្ម និងម្ចាស់អាជីវកម្មក្នុងស្រុកទាំងអស់​ អាចបង្ហោះឬដាក់លក់ផលិតផលដោយខ្លួនឯង ដោយម្ចាស់អាជីវកម្មអាចគ្រប់គ្រងព័ត៌មានផលិតផល តម្លៃ ស្តុក និងការបញ្ជាទិញបានដោយឯករាជ្យ។ មុខងារនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការរីកចម្រើនរបស់អាជីវកម្មក្នុងស្រុក ដោយផ្តល់ឱកាសឱ្យពួកគេចូលទៅកាន់ទីផ្សារឌីជីថលកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។

​TipTop មានចក្ខុវិស័យច្បាស់លាស់ក្នុងការភ្ជាប់អាជីវកម្មកម្ពុជាទៅកាន់ទីផ្សារពិភពលោក តាមរយៈបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក។

គោលបំណងសំខាន់របស់ TipTop គឺជួយឱ្យសហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងសិប្បករ និងអ្នកផលិតក្នុងស្រុក អាចចូលទៅកាន់អតិថិជនអន្តរជាតិបានយ៉ាងងាយស្រួល និងមានប្រសិទ្ធតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការទូទាត់អន្តរជាតិ ប្រព័ន្ធដឹកជញ្ជូនអន្តរជាតិ និងការផ្សព្វផ្សាយឌីជីថល TipTop អាចជួយបង្កើនការលក់ផលិតផលខ្មែរ ចូលរួមមួយផ្នែកតូចក្នុងការបង្កើន​កំណើនសេដ្ឋកិច្ចកម្ពុជា។

លើសពីនេះ TipTop ក្លាយជាម៉ាកយីហោរបស់កម្ពុជា (Cambodian Brand) ដែលមានកេរ្តិ៍ឈ្មោះនៅ អាស៊ាន និងលើឆាកអន្តរជាតិ ដោយជួយបង្ហាញពីគុណភាពផលិតផលខ្មែរ វប្បធម៌ខ្មែរ និងសក្តានុពលអាជីវកម្មរបស់កម្ពុជា ទៅកាន់ពិភពលោក។

ការរីកចម្រើនរបស់ TipTop នឹងមិនត្រឹមតែបង្កើតអត្ថប្រយោជន៍ដល់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់មុខមាត់ និងកិត្យានុភាពរបស់ប្រទេសកម្ពុជាឱ្យកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិផងដែរ​៕