សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុន នាំចេញអង្ករចំនួន១០ ចូលរួមតាំងបង្ហាញ នូវផលិតផលអង្ករកម្ពុជា នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក
16-06-2026 10:10
(ភ្នំពេញ)៖ ក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម ជាអាណាព្យាបាលបច្ចេកទេស និងទទួលបានការចូលរួមឧបត្ថម្ភថវិកា ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញអង្ករចំនួន ១០ ក្រុមហ៊ុន ដែលមានសមាសភាពប្រតិភូចូលរួមចំនួន ៣៦ រូប ចូលរួមតាំងបង្ហាញនូវផលិតផលអង្កររបស់កម្ពុជា ដែលជាផលិតផលមានគុណភាពខ្ពស់ និងធ្លាប់បានឈ្នះនូវពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ Summer Fancy Food Show 2026 ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
គោលបំណងនៃការចូលរួមនៅក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិនេះ គឺមានដើម្បី ផ្សព្វផ្សាយអង្ករដ៏មានគុណភាពរបស់កម្ពុជា និងធ្វើពិពិធកម្មទីផ្សារក្នុងការបង្កើនឱកាស និងផ្សារភ្ជាប់ទំនាក់ទំនង ជាមួយអ្នកទិញអន្តរជាតិ ជាពិសេសអ្នកទិញនៅសហរដ្ឋអាម៉េរិក ។ នេះគឺជាលើកដំបូងរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ Summer Fancy Food Show 2026 ដែលការចូលរួមនេះ មានការតាំងបង្ហាញនូវផលិតផលរបស់វិស័យឯកជនរួមគ្នាជាក្រុម នៅក្រោមដំបូលនៃពន្លារួមនៃទង់ជាតិកម្ពុជា។
Summer Fancy Food Show 2026 គឺជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក ដែលផ្ដោតសំខាន់លើការបង្ហាញផលិតផល ដែលមានគុណភាពខ្ពស់ និងការច្នៃប្រឌិតថ្មីៗ ដូចជាផលិតផលសរីរាង្គ និងផលិតផលប្រកបដោយនិរន្តរភាព ដែលធ្វើឱ្យព្រឹត្តិការណ៍នេះ ក្លាយជាវេទិកាដ៏សំខាន់ សម្រាប់ក្រុមហ៊ុនទាំងឡាយណាដែលចង់ពង្រីកទីផ្សារអន្តរជាតិ និងស្វែងរកកិច្ចសន្យាលក់ក្នុងបរិមាណធំ។
Summer Fancy Food Show 2026 ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំនេះ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំនៅមជ្ឈមណ្ឌល Javits ក្នុងទីក្រុងញូវយ៉ក ដែលមានក្រុមហ៊ុនផ្នែកម្ហូបអាហារចំនួន 2500 ក្រុមហ៊ុន មកពីបណ្តាលប្រទេសនានានៅជុំវិញពិភពលោក។
ក្រុមហ៊ុនដែលនឹងចូលរួមតាំងបង្ហាញនូវផលិតផលនៅព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ Summer Fancy Food Show 2026 ក្រោមពន្លារបស់សហព័ន្ធស្រូវអង្ករកម្ពុជា រួមមាន៖
១៖ ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៊ីមផត អិចផត (៣៥១២) (3512)
២៖ ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍ (៣៥១4) (3514)
៣៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូអិលធីឌី (៣៥១៥) (3515)
៤៖ ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ ឯ.ក (៣៥១៦) (3516)
៥៖ ក្រុមហ៊ុន ដេលី ហ្រ្វេស ហ៊្វូដ (ខេមបូឌា) ឯ.ក (៣៥១៧) (3517)
៦៖ ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា) (៣៥១៨) (3518)
៧៖ ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន អិលធីឌី (៣៥១៩) (3519)
៨៖ ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប (៣៥២០) (3520)
៩៖ ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មីល លីមីធីត (៣៥២១) (3521)
១០៖ ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា) (២៥៦៥) (សាល ៣ )
ក្រៅពីការចូលរួមព្រឹត្តិការណ៍ Summer Fancy Food Show 2026 ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានការចួលរួមពីលោក បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងដឹកនាំប្រតិភូទាំងអស់ចូលរួមព្រឹត្តិការណ៍ផ្គូផ្គងពាណិជ្ជកម្មជាមួយបណ្តាក្រុមហ៊ុននាំចូល និងអ្នកចែកចាយចំណីអាហារ និងផ្សារបោះដុំនៅទីក្រុង Los Angeles រដ្ឋ California នៅថ្ងៃទី០២ និងទី០៣ ខែកក្កដា ឆ្នាំ២០២៦។
កម្មវិធីផ្គូផ្គងពាណិជ្ជកម្មនេះ ត្រូវបានសម្របសម្រួល និងរៀបចំឡើងដោយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វូញ៉ា និង ស្ថានកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំរដ្ឋកាលីហ្វូញ៉ា ដឹកនាំដោយលោក គឹម ឆាហួត៕










