កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ ក្រុមការងារសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ
22-06-2026 20:40
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយសហព័ន្ធបរិយាបន្ន ហិរញ្ញវត្ថុ (AFI) បានធ្វើបាជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំលើកទី៣៣ របស់ក្រុមការងារលើផលប៉ះពាល់ និងទិន្នន័យបរិយាបន្ន ហិរញ្ញវត្ថុ (Financial Inclusion Data and Impact Working Group - FIDIWG) និងកិច្ចប្រជុំលើក ទី២៨ របស់ក្រុមការងាររៀបចំយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុ (Financial Inclusion Strategy Peer Learning Group - FISPLG) ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
កិច្ចប្រជុំលើកទី៣៣របស់ក្រុមការងារលើផលប៉ះពាល់ និងទិន្នន័យបរិយាបន្ន ហិរញ្ញវត្ថុ និងកិច្ចប្រជុំលើក ទី២៨ របស់ក្រុមការងាររៀបចំយុទ្ធសាស្ត្រ បរិយាបន្នហិរញ្ញវត្ថុ រៀបចំឡើងក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកបណ្ឌិត Eliki Boletawa នាយកផ្នែកកម្មវិធីគោលនយោបាយ និងការអនុវត្តន៍ នៃសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (Alliance for Financial Inclusion - AFI) និងមានការចូលរួមពីតំណាងស្ថាប័នសមាជិកចំនួន ៣៩ និងមកពី៣៧ប្រទេស និងមានអ្នកចូលរួមសរុប ប្រមាណជិត ១០០នាក់។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ និងអាជ្ញាធរត្រួតពិនិត្យវិស័យធនាគារ ធនាគារជាតិនៃកម្ពុជា បានដឹកនាំ និងសម្របសម្រួលការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រជាតិបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងជំរុញ ការអភិវឌ្ឍហិរញ្ញវត្ថុឌីជីថល ការទូទាត់អេឡិចត្រូនិក ការការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការអប់រំផ្នែកហិរញ្ញវត្ថុ ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និង និរន្តរភាពនៅកម្ពុជា។
លោកស្រីបណ្ឌិតបានបន្ថែមថា កិច្ចប្រជុំក្រុមការងារទាំងពីរនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចែករំលែកបទពិសោធន៍ក្នុងការប្រមូល និងប្រើប្រាស់ទិន្នន័យ ការវាស់វែងផលប៉ះពាល់ និងការរៀបចំយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព។ ជាពិសេសកិច្ចប្រជុំនេះ នឹងរួមចំណែកជំរុញការរៀបចំគោលនយោបាយ ផ្អែកលើទិន្នន័យ និងការអនុវត្តយុទ្ធសាស្ត្រជាតិបរិយាបន្នហិរញ្ញវត្ថុ ដើម្បីពង្រីកលទ្ធភាពទទួល បានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋ។
លោកបណ្ឌិត Eliki Boletawa បានលើកឡើងថា សហព័ន្ធបរិយាបន្ន ហិរញ្ញវត្ថុ (AFI) គឺជាបណ្តាញអន្តរជាតិនៃស្ថាប័ន រៀបចំគោលនយោបាយហិរញ្ញវត្ថុ ដែលមានបេសកកម្មលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច
ប្រកបដោយបរិយាបន្ន និងនិរន្តរភាព។
បន្ទាប់ពីកិច្ចប្រជុំទាំងពីរក្រុមនេះ ភ្ញៀវអន្តរជាតិទាំងអស់ ក៏បានអញ្ជើញទស្សនកិច្ច ព្រះបរមរាជវាំង សារមន្ទីរជាតិ និងសារមន្ទីរព្រះស្រីឦសានវរ្ម័ន ដើម្បីស្វែងយល់អំពីវប្បធម៌ អរិយធម៌ និងបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា។
គួររំលេចផងដែរថា សារមន្ទីរព្រះស្រីឦសានវរ្ម័ន គឺជាសារមន្ទីរបែបទំនើបមួយរបស់កម្ពុជា ដែលបង្ហាញពីការវិវត្ត នៃប្រវត្តិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ចនៃរូបិយវត្ថុខ្មែរ និងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា តាមរយៈសម័យកាលផ្សេងៗ ចាប់ពីអតីតកាលរហូតដល់បច្ចុប្បន្ន៕



















