* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

៥ខែដើមឆ្នាំនេះ SMEs កើតថ្មីមានជាង ៧០០មូលដ្ឋាន កើនឡើងជាង៤០%, ភាគច្រើនជាសហគ្រាសផលិតចំណីអាហារ និងភេសជ្ជៈ ផលិតជំនួសទំនិញនាំចូល

23-06-2026 14:31

(ភ្នំពេញ)៖ គិតត្រឹម៥ខែដើម ឆ្នាំ២០២៦នេះ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SMEs) កើតថ្មី ដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួន ៧៣៨មូលដ្ឋាន ដោយបានកើនឡើងប្រមាណ ៤០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។

កំណើននេះ ស្របពេលទំនិញថៃសំខាន់ៗ ជាពិសេសប្រភេទចំណីអាហារ និងភេសជ្ជៈ ដែលធ្លាប់នាំចូលមកកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីពលរដ្ឋកម្ពុជា ធ្វើពហិការឈប់ប្រើទំនិញថៃ និងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក។

លោក ហេង សុគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះថា សហគ្រាសធុនតូច និងមធ្យមដែលបានមកចុះបញ្ជី កើនឡើងច្រើនជាងគេ គឺប្រភេទសហគ្រាសផលិតចំណីអាហារ និងភេសជ្ជៈ ដែលមានរហូតដល់៣៩៩មូលដ្ឋាន, ប្រភទទី២ គឺឧស្សាហកម្មគីមី កៅស៊ូ និងប្លាស្ទិក មានចំនួន១៦០មូលដ្ឋាន,ទី៣ ប្រភេទឧស្សាហកម្មតម្បាញ់ កាត់ដេរ កាបូប និងស្បែកជើង មានចំនួន៦៥មូលដ្ឋាន ,ទី៤ ផ្នែកឧស្សាហកម្មកែច្នៃលោកហៈដែលមានចំនួន៣៣មូលដ្ឋាន និងទី៥ ប្រភេទឧស្សាហកម្មផលិតពីរ៉ែមិនមែនលោហៈដែលមានចំនួន ២០មូលដ្ឋាន។

លោកបានគូសបញ្ជាក់បន្ថែម «សម្រាប់ផលិតផលជាពិសេសម្ហូបអាហារ និងភេសជ្ជៈ គឺយើងឃើញថាកម្ពុជារបស់យើង ផលិតបានច្រើន ហើយបណ្តារោងចក្រសហគ្រាសបានកើតឡើងជាបន្តបន្ទាប់ច្រើន បើប្រៀបធៀបនឹងបណ្តារោងចក្រសហគ្រាសដទៃទៀត ដែលផលិតផលិតផលផ្សេង។ ឃើញថានៅក្នុងនោះផលិតផលមួយចំនួន ផ្នែកម្ហូបអាហារ និងភេសជ្ជៈ បានបង្កើនការផលិត ដែលអាចជំនួសការនាំចូលបាន រហូតដល់១០០% ហើយមួយចំនួនទៀត ចន្លោះពី៤០%ទៅ៦០%»។

លោកបានបន្ថែមថា ស្របពេលដែលពលរដ្ឋកម្ពុជាពហិការឈប់ប្រើទំនិញថៃ និងងាកមកប្រើប្រាស់ផលិតផលខ្មែរ បានធ្វើឱ្យអ្នកផលិតក្នុងស្រុក ចាប់ផ្តើមពង្រីក និងពង្រឹងនូវសង្វាក់ផលិតកម្មរបស់ខ្លួនស្របតាមស្តង់ដារគុណភាព និងការបង្កើតរោងចក្រ សហគ្រាសថ្មីៗ ដើម្បីផលិតផលិតផល ជំនួសទំនិញនាំចូល។

ដោយឡែកការលក់វិញ ចាប់តាំងពីកើតមានសង្រ្គាមព្រំដែន រហូតមកដល់បច្ចុប្បន្ននេះ ការលក់របស់សហគ្រាសធុនតូច និងមធ្យម មានកំណើនខ្ពស់ រហូតដល់៤០%ទៅ៤៥% បើធៀបនឹងមុនពេលកើតមានសង្រ្គាមព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះ លោក ហេង សុគង់ បន្តអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមបន្តគាំទ្រផលិតផលខ្មែរឱ្យកាន់តែច្រើនថែមទៀត ក្រោមពាក្យស្លោក«ប្រើប្រាស់ផលិតផលខ្មែរ គឺស្នេហាជាតិ»។

ថ្លែងក្នុងវេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម (FASMEC) ដែលរៀបចំឡើងកាលពីពេលថ្មីៗនេះ លោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជា មានប្រសាសន៍ថា ការពហិការរបស់ប្រជាពលរដ្ឋខ្មែរ បានធ្វើឱ្យទំហំពាណិជ្ជកម្ម និងការនាំចូលទំនិញថៃធ្លាក់ចុះយ៉ាងខ្លាំង រយៈពេល ៥ ខែ ក្នុងឆ្នាំ២០២៦នេះ។

លោកបានលើកឡើងថា ទំនិញថៃដែលជាប់បម្រាមហាមឃាត់រួមមាន ប្រេងឥន្ធនៈ, បន្លែ និងផ្លែឈើស្រស់ធ្លាក់ចុះ ១០០% (ស្មើនឹងសូន្យ)។ ចំណែកភេសជ្ជៈគ្រប់ប្រភេទ ដោយក្នុងនោះភេសជ្ជៈល្បីៗដូចជាគោជល់ និងអូអ៊ីឈិ ជាដើម ធ្លាក់ចុះ ៩៨% ខណៈផលិតផលកាហ្វេ, តែ, ធញ្ញជាតិ, និងអាហារកែច្នៃពីទឹកដោះគោ ធ្លាក់ចុះ ៨៦%។ ទន្ទឹមគ្នានេះ ផលិតផលសម្រេច និងវត្ថុធាតុដើមធ្វើពីប្លាស្ទិក និងកៅស៊ូ ធ្លាក់ចុះពី ៦៨% ទៅ ៦៩% និងគ្រឿងចក្រកសិកម្ម ធ្លាក់ចុះ ៥៧%៕