* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកជំនាញកំពុងស្រាវជ្រាវពូជកាហ្វេនៅខេត្តមណ្ឌលគិរី ដើម្បីអភិវឌ្ឍវិស័យកាហ្វេក្នុងស្រុក ស្របពេលកសិករក្នុងខេត្តងាកមកដាំកាហ្វេច្រើន

25-06-2026 11:41

​(មណ្ឌលគិរី)៖ សមាគមកាហ្វេកម្ពុជា បានចាប់ដៃគូសហការជាមួយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ​ចុះសិក្សាស្រាវជ្រាវលើប្រភេទពូជកាហ្វេ ដែលកសិករកំពុងដាំដុះបច្ចុប្បន្ន នៅក្នុងខេត្តមណ្ឌលគិរី​ ដើម្បីវាយតម្លៃ និងអភិវឌ្ឍពូជកាហ្វេក្នុងស្រុកឱ្យកាន់តែមានគុណភាព និងសក្តានុពលខ្ពស់។

គំនិតផ្តួចផ្តើមនៃការសិក្សាស្រាវជ្រាវនេះ ទទួលបានការចង្អុលបង្ហាញ និងជំរុញពីលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានកិត្តិយសនៃសមាគមកាហ្វេកម្ពុជា។

បណ្ឌិត ធន់ វឌ្ឍនា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍពូជកាហ្វេក្នុងស្រុក ដែលមានសមត្ថភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ធន់នឹងជំងឺ ព្រមទាំងអាចផ្តល់ទិន្នផលខ្ពស់ជូនដល់កសិករ។

កិច្ចសហការរវាងស្ថាប័នទាំងពីរនេះ មិនត្រឹមតែជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពកសិករអ្នកដាំដុះកាហ្វេនៅខេត្តមណ្ឌលគិរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះក្នុងការជំរុញខ្សែច្រវាក់ផលិតកម្មកាហ្វេខ្មែរ ឱ្យមានភាពចីរភាព និងសមត្ថភាពបំពេញតម្រូវការលើទីផ្សារផងដែរ។​

កាហ្វេខេត្តមណ្ឌលគិរី ទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែរដែលនិយមទទួលទានកាហ្វេ ប៉ុន្តែបច្ចុប្បន្ននេះ ការដាំដុះ និងការផ្គត់ផ្គង់នៅមានបរិមាណតិចតួច មិនទាន់អាចឆ្លើយតបតាមតម្រូវការទីផ្សារនៅឡើយ។

លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានប្រាប់បណ្តាញព័ត៌មាន Fresh News កាលពីពេលថ្មីៗនេះថា ​ក្នុងរង្វង់៣ឆ្នាំចុងក្រោយនេះ ផ្ទៃដីដាំកាហ្វេនៅខេត្តមណ្ឌលគិរី បានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដោយសារតែកសិករបានបង្វែរពីការដាំដំណាំផ្សេងមកដាំដំណាំកាហ្វេវិញ។ ការកើនឡើងនេះ ​ដោយសារ ​បច្ចុប្បន្ន​នេះកាហ្វេមានទីផ្សារល្អ និងតម្លៃខ្ពស់ បើធៀបនឹងការដាំដំណាំផ្សេងៗ​ ស្របពេលពលរដ្ឋកម្ពុជានិយមទទួលទានកាហ្វេទាំងក្មេង និងចាស់​។

ទន្ទឹមគ្នានេះ ខេត្តមណ្ឌលគិរី គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់ក្នុងការដាំដំណាំហ្វេ ព្រោះខេត្តនេះមានរយៈកម្ពស់ ចន្លោះពី៥០០ទៅដល់ជិត១០០០ម៉ែត្របើធៀបនឹងនីវ៉ូទឹកសមុទ្រ ដែលអំណោយផលដល់ការដាំដំណាំកាហ្វេ។ ស្រុកដែលមានអំណោយផលសម្រាប់​ដំណាំកាហ្វេច្រើនជាងគេ ស្រុកពេជ្រាដា ស្រុកអូរាំង និងក្រុងសែនមនោរម្យ។

​ប្រធានមន្ទីរកសិកម្មរូបនេះ ​បានឱ្យដឹងថា កន្លងមកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តមណ្ឌលគិរី បានសហការជាមួយក្រុមហ៊ុនឯកជន និងអង្គការដៃគូអភិវឌ្ឍន៍ បានបណ្តុះបណ្តាលបច្ចេកទេសនៃការដាំកាហ្វេដល់កសិករ ចាប់តាំងពីររៀបចំដី ការថែទាំ រហូតដល់ការប្រមូលផល។ ដូច្នេះហើយ នៅពេលកសិករចេះពីបច្ចកទេសនៃការដាំដំណាំកាហ្វេ បានធ្វើឱ្យកសិករ បង្វែរពីការដាំណាំផ្សេង មកដាំដំណាំកាហ្វេវិញ​ ​ខណៈកាហ្វេពូជថ្មីងាយស្រួលដាំ និងឆាប់បានប្រមូលដោយប្រើរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ។

​កាលពីពេលថ្មីៗសមាគមកាហ្វេកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលចែករំលែកបច្ចេកទេស «តាក់តែងមែក និងកាត់តដើមកាហ្វេ»ដល់កសិករ នៅខេត្តមណ្ឌលគិរីផងដែរ ដើម្បីបង្កើនសមត្ថភាពកសិករ ដែលនឹងក្លាយជាទុនដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាព និងគុណភាពកាហ្វេកម្ពុជា។
​
​កម្មវិធីបណ្តុះបណ្តាល និងអនុវត្តជាក់ស្តែងស្តីពី «បច្ចេកទេសតាក់តែងមែក និងកាត់តដើមកាហ្វេ» បានរៀបចំឡើងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅចម្ការពូឌី ស្ថិតក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់អ្នកបច្ចេកទេស ម្ចាស់ចម្ការ និង​ប្រជាកសិករ។

កម្មវិធីបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងជំរុញការកែប្រែទម្លាប់ដាំដុះបែបប្រពៃណី ទៅជាការគ្រប់គ្រងចម្ការបែបអាជីវកម្មវិញ។ ​តាមរយៈការសិក្សានេះ កសិករបានសិក្សាបន្ថែមលើគន្លឹះសំខាន់ៗរួមមាន៖ បច្ចេកទេសតាក់តែងមែក និងកាត់តដើម, បច្ចេកទេសបំបៅកូនកាហ្វេសម្រាប់យកទៅដាំ និងវិធីសាស្ត្របំបៅដើមចាស់យកដើមថ្មី និងការបំបៅយកមែក

សមាគមកាហ្វេកម្ពុជា លើកឡើងថា «ចំណេះដឹង និងបច្ចេកទេសពិតប្រាកដទាំងនេះ ពិតជាមានតម្លៃណាស់ក្នុងការជួយឱ្យកសិករអភិវឌ្ឍចម្ការឱ្យទទួលបានទិន្នផលខ្ពស់ ធានាបាននូវនិរន្តរភាពសេដ្ឋកិច្ចគ្រួសារ និងវិស័យកាហ្វេទាំងមូល»។ សមាគមកាហ្វេកម្ពុជា ជឿជាក់ថាចំណេះដឹងទាំងនេះនឹងក្លាយជាទុនដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាព និងគុណភាពកាហ្វេកម្ពុជា ហើយសមាគមនឹងបន្តរៀបចំកម្មវិធីចែករំលែកបច្ចេកទេសបែបនេះនៅតាមបណ្តាខេត្តផ្សេងៗទៀតជាបន្តបន្ទាប់។

​បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ​បច្ចុប្បន្ននេះ ផ្ទៃដីដាំកាហ្វេនៅខេត្តមណ្ឌលគិរីមានប្រមាណជាង៦០០ហិកតា​ ដោយផ្ដល់ទិន្នផលប្រហែល១,៦០០តោន ក្នុងមួយឆ្នាំ៕