កម្ពុជាត្រៀមរៀបចំ​ព្រឹត្តិការណ៍ CTM 2026 នៅខែក្រោយ​ ដើម្បីទាក់ទាញអ្នក​​ធុរកិច្ច និងទេសចរ​ពីឥណ្ឌា​ មកទស្សនាតំបន់ទេសចរណ៍សំខាន់ៗ

25-06-2026 14:44

​(ភ្នំពេញ)​៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ត្រៀមរៀបចំ ​​ព្រឹត្តិការណ៍ Cambodia Travel Match (CTM) 2026 រយៈពេល៦ថ្ងៃ ​ដែលជាព្រឹត្តិការណ៍ពិសេស ធ្វើឡើងដើម្បីទាក់ទាញទេសចរ និងធុរជនឥណ្ឌា​ ដើម្បីចូលរួមចំណែកគាំទ្រដល់ចីរភាពនៃឧស្សាហកម្មទេសចរណ៍កម្ពុជា។

ព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏សំខាន់នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ ទី២៣ ខែកក្កដា ឆ្នាំ២០២៦​ ប្រមូលផ្ដុំដោយប្រតិបត្តិករទេសចរណ៍ ​, ភ្នាក់ងារទេសចរណ៍ (DMCs) និងថ្នាក់ដឹកនាំធុរកិច្ចទេសចរណ៍មកពី ប្រទេសឥណ្ឌាសរុបចំនួន ៣៥ក្រុមហ៊ុន ដើម្បីធ្វើការវាយតម្លៃលើសក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

ក្រោមការរៀបចំដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ព្រឹត្តិការណ៍នេះទទួលបាន​ការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (ICC) ព្រមទាំងរដ្ឋបាលខេត្តតាមគោលដៅនីមួយៗ រួមនឹងដៃគូពាណិជ្ជកម្មនានា។ ព្រឹត្តិការណ៍នេះ មានគោលដៅយុទ្ធសាស្ត្រក្នុងការជំរុញឱកាសធុរកិច្ចដោយផ្ទាល់ (B2B) ព្រមទាំងលើកកម្ពស់កិត្យានុភាពកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ភាពចម្រុះ និងគោលដៅទេសចរណ៍ប្រកបដោយតម្លៃខ្ពស់។ ​

ក្នុងរយៈពេល៦យប់៧ថ្ងៃ នៃកម្មវិធីនេះ គណៈប្រតិភូឥណ្ឌានឹ​ងចូលរួមក្នុងទស្សនកិច្ចវាយតម្លៃគោលដៅទេសចរណ៍ ជំនួបពាណិជ្ជកម្មទល់មុខ (B2B Meetings) កម្មវិធីបង្កើតបណ្តាញទំនាក់ទំនង ពិព័រណ៍ ផលិតផលទេសចរណ៍ និងការដកស្រង់បទពិសោធន៍វប្បធម៌ នៅតាមគោលដៅយុទ្ធសាស្ត្ររួមមាន​ ខេត្តសៀមរាប រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងកោះរ៉ុង។

កម្មវិធីនេះរៀបយ៉ាងឡើងយ៉ាងពិសេស ដើម្បីបង្ហាញជូនអ្នកទិញអន្តរជាតិមិនត្រឹមតែអំពីតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលេច នូវផលិតផលទេសចរណ៍ថ្មីៗ រួមមាន ទេសចរណ៍ទីក្រុង តំបន់ឆ្នេរ កោះ សុខុមាលភាព ទេសចរណ៍ ប្រណីតភាព កម្មវិធី MICE និងទេសចរណ៍បែបបទពិសោធន៍ (Experiential Tourism)។

ការរៀបចំកម្មវិធីពិសេសសម្រាប់ទីផ្សារឥណ្ឌានេះ គឺជាយុទ្ធសាស្ត្រស្នូលរយៈពេលវែងរបស់សមាគម ក្នុងការធ្វើទីផ្សារទេសចរអន្តរជាតិរបស់កម្ពុជា និងពង្រឹងភាពជាដៃគូពាណិជ្ជកម្មជាមួយទីផ្សារដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយនៅលើពិភពលោក។
ស្របពេលជាមួយគ្នានេះ CTM 2026 Mini-Series ជាវេទិកាដ៏មានតម្លៃសម្រាប់សហគ្រាសទេសចរណ៍ក្នុងស្រុក​រួមមាន សណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុន DMCs និងអ្នកផ្តល់សេវាទេសចរណ៍នានា​ក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មដោយផ្ទាល់ជាមួយអ្នកទិញពីឥណ្ឌាដែលមានសក្តានុពលខ្ពស់ ដើម្បីពង្រីកទំហំអាជីវកម្ម និងទីផ្សាររបស់ខ្លួន។

គិតចាប់តាំងពីការដាក់ឱ្យដំណើរការជាផ្លូវការនៅខែមីនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ CTM ទទួលបាន ជោគជ័យក្នុងការស្វាគមន៍ប្រតិភូអ្នកទិញអន្តរជាតិ (Hosted Buyers) ចំនួន៨០ស្ថាប័ន ពីទីផ្សារគោល ដៅចំនួន ៧ ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មដែលអាចវាស់វែងបានយ៉ាងច្បាស់លាស់។

សមិទ្ធផល លេចធ្លោរួមមាន​ កំណើនទេសចរណ៍ក្រុមហ៊ុនមកពីវៀតណាម ការពង្រីកទីផ្សារថ្មីពីឥណ្ឌូនេស៊ី សក្ដានុពលទេសចរណ៍វាយកូនហ្គោលពីសិង្ហបុរី ការតភ្ជាប់កញ្ចប់ទស្សនកិច្ចពីមីយ៉ាន់ម៉ា និង ការរក្សាបាននូវ កំណើនពាណិជ្ជកម្មរឹងមាំជាមួយទីផ្សារចិន។

ជុំវិញការរៀបចំកម្មវិធីពិសេសនេះ លោកបណ្ឌិត ធួន ស៊ីណា ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ី ហ្វិកប្រចាំកម្ពុជា បានគូសបញ្ជាក់ថា«CTM មិនមែនត្រឹមតែជាព្រឹត្តិការណ៍ជួបជុំទេសចរណ៍នោះទេ ប៉ុន្ត វាជាវេទិកាធុរកិច្ចជាក់ស្ដែងដែលតភ្ជាប់អ្នកទិញអន្តរជាតិជាមួយប្រតិបត្តិករក្នុងស្រុក ដើម្បីបង្កើតឱកាស សេដ្ឋកិច្ចពិតប្រាកដ និងគាំទ្រដល់ចីរភាពនៃឧស្សាហកម្មទេសចរណ៍កម្ពុជា។ យើងជឿជាក់យ៉ាងមុតមាំថា ភាពជោគជ័យនៃវិស័យនេះ កើតចេញពីភាពជាដៃគូដ៏រឹងមាំ និងសកម្មភាពជាក់ស្ដែង ហើយយើងអាច រួបរួមគ្នាដើម្បីលើកស្ទួយកម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោបំផុតនៅអាស៊ី»៕