មន្រ្តី ក.ប.ប៖ អ្នកផលិតក្នុងស្រុក និងអ្នកនាំចូលត្រូវមានកាតព្វកិច្ចធានាថា ទំនិញរបស់ខ្លួនមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ (Video inside)
26-06-2026 14:16
(ភ្នំពេញ)៖ លោក ម៉េង សុងឃាង អគ្គនាយករងអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប) បានថ្លែងឲ្យដឹងថា ទាំងអ្នកផលិតក្នុងស្រុក និងអ្នកនាំចូលត្រូវមានកាតព្វកិច្ចធានាថា ទំនិញរបស់ខ្លួនមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។
ការលើកឡើងរបស់លោក ម៉េង សុងឃាង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការការពារអ្នកប្រើប្រាស់ និងការកសាងទំនុកចិត្តលើទំនិញកម្ពុជា»។
លោក ម៉េង សុងឃាង បានថ្លែងថា ក.ប.ប គឺធ្វើយ៉ាងណាគាំពាអ្នកប្រើប្រាស់ តម្កល់ផលប្រយោជន៍អ្នកប្រើប្រាស់ជាធំ ដូច្នេះមានន័យថា ផលិតផលក្នុងស្រុកអ្នកនាំចូល និងអ្នកផលិតត្រូវមានកតព្វកិច្ច មានគុណភាព សុវត្ថិភាព អនុលោមភាព សម្រាប់អ្នកប្រើប្រាស់។ ដូច្នេះ ក.ប.ប អនុវត្តដោយឈរលើដែនសមត្ថកិច្ច តួនាទីភារកិច្ច ដោយឈរលើភាស្មើភាព និងស្មោះត្រង់ និងមិនមានការរើសអើងនោះទេ ចំពោះផលិតករក្នុងស្រុក និងអ្នកនាំចូលដោយតម្កល់ផលប្រយោជន៍អ្នកប្រើប្រាស់ជាធំ។
លោកបានបន្ដថា សម្រាប់ការងារ ក.ប.ប គឺបានគិតគូរពីផលិតផលក្នុងស្រុក មានការអប់រំ ណែនាំ ចំពោះបទបញ្ញាតិផ្សេងៗដែលត្រូវធ្វើតាម ព្រោះផលិតផលក្នុងស្រុកមានខ្នាតតូច មធ្យម ដូច្នេះធនធាននៅមានកម្រិត ចំពោះការប្រឹក្សាអ្នកច្បាប់ បច្ចេកទេសក្នុងការផលិត អាចនឹងពិបាក ដូច្នេះម្ចាស់អាជីវកម្មអាចមកពិភាក្សាជាមួយ ក.ប.ប បាន។ ក.ប.ប មិនមែនត្រឹមតែជាអ្នកអនុវត្តន៍ច្បាប់ប៉ុណ្ណោះទេ ប៉ុន្ដែជាអ្នកប្រឹក្សានូវរាល់ផ្នែកផ្សេងៗដល់ម្ចាស់អាជីវកម្មទៀត៕
សូមស្តាប់ការលើកឡើងរបស់លោក ម៉េង សុងឃាង៖








