អ្នកឧកញ៉ា សៀ ឬទ្ធី៖ កម្ពុជានឹងមានច្រករបៀងដឹកជញ្ជូនពហុមធ្យោបាយផ្លូវទឹក និងផ្លូវអាកាសតភ្ជាប់រវាងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងព្រលានយន្តហោះ

23-07-2026 14:09

(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge បានបញ្ជាក់ថា ក្រោមកិច្ចសហការរវាងក្រុមហ៊ុន WorldBridge និងក្រុមហ៊ុន Cambodia Airports នឹងសិក្សារួមគ្នាអំពីសក្តានុពលនៃការបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឃ្លាំងស្តុកទំនិញ អាចត្រូវបានអភិវឌ្ឍនៅលើដីព្រលានយន្តហោះក្រុងព្រះសីហនុ ព្រមទាំងពិនិត្យមើលលើលទ្ធភាពនៃអ្វីដែលអាចក្លាយជាច្រករបៀងដឹកជញ្ជូនពហុមធ្យោបាយផ្លូវទឹក និងផ្លូវអាកាសដ៏ពិតប្រាកដមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

ការថ្លែងយ៉ាងដូច្នេះរបស់អ្នកឧកញ៉ា បានធ្វើឡើងក្នុឳកាសក្រុមហ៊ុន WorldBridge និងក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន VINCI Airports ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសិក្សារួមគ្នាអំពីសក្តានុពលនៃការបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឃ្លាំងស្តុកទំនិញ និងសកម្មភាពអាជីវកម្មពាក់ព័ន្ធ នៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏របស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

អនុស្សរណៈនៃការយោគយល់គ្នានេះ ដោយបង្កើតជាក្របខណ្ឌមួយដើម្បីឱ្យក្រុមហ៊ុនទាំងពីរសិក្សាពីរបៀបដែលមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឃ្លាំង និងទីតាំងឡូជីស្ទិក អាចត្រូវបានអភិវឌ្ឍនៅលើដីព្រលានយន្តហោះ ព្រមទាំងពិនិត្យមើលលើលទ្ធភាពនៃអ្វីដែលអាចក្លាយជាច្រករបៀងដឹកជញ្ជួនពហុមធ្យោបាយផ្លូវទឹក និងផ្លូវអាកាសដ៏ពិតប្រាកដមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលតភ្ជាប់រវាងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិ។

អ្នកឧកញ៉ា សៀ ឬទ្ធី បានថ្លែងបន្តថា «នេះមិនមែនជាការបញ្ចប់ការងារធ្វើកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែវាគឺជាការចាប់ផ្តើមនៃកិច្ចសន្ទនា។ ក្រុងព្រះសីហនុគឺជាចំណុចប្រសព្វដ៏កម្រមួយ ដែលកំពង់ផែទឹកជ្រៅរបស់ប្រទេសកម្ពុជាតភ្ជាប់នឹងអាកាសយានដ្ឋានអន្តរជាតិ ហើយពួកយើងជឿជាក់ថាវាអាចក្លាយជាច្រករបៀងដឹកជញ្ជូនពហុមធ្យោបាយផ្លូវទឹក និងផ្លូវអាកាសដ៏ពិតប្រាកដមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា សៀ ឬទ្ធី បានគូសបញ្ជាក់ទៀតថា ក្នុងនោះក្រុមហ៊ុន VINCI Airports គឺនាំមកនូវជំនាញជាសកលក្នុងប្រតិបត្តិការ និងការអភិវឌ្ឍអាកាសយានដ្ឋាន ហើយនៅពេលដែលផ្គូរផ្គងជាមួយចំណេះដឹងក្នុងស្រុករបស់ក្រុមហ៊ុន WorldBridge មានមូលដ្ឋានត្រឹមត្រូវក្នុងការវាយ
តម្លៃឱកាសនេះ។

ជាមួយគ្នានេះ លោក Julien Bert បាលើកឡើងថា «ពួកយើងមានគោលបំណងពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមយន្តហោះ ពង្រឹងសមត្ថភាពគ្រប់គ្រងទំនិញដឹកតាមយន្តហោះ ផ្តល់នូវភាពបត់បែន និងប្រសិទ្ធភាពដែលតម្រូវឱ្យមាន ដើម្បីភាពរីកចម្រើនជាបន្តបន្ទាប់នៃការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស។ ខ្ញុំមានទំនុកចិត្តថា ភាពជាដៃគូដែលទើបនឹងបង្កើតឡើងរវាង WorldBridge និង Cambodia Airports នឹងបង្កើតតម្លៃយូរអង្វែងសម្រាប់ស្ថាប័នទាំងពីរ ព្រមទាំងពង្រឹងជំហររបស់ប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលឡូជីស្ទិកនិងពាណិជ្ជកម្មក្នុងតំបន់»

ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ក្រុមការងាររបស់ក្រុមហ៊ុនទាំងពីរនឹងសិក្សាឱកាសនេះរួមគ្នា និងអភិវឌ្ឍចក្ខុវិស័យគម្រោងមេរួមគ្នា។ ភាពជាដៃគូនេះគឺដើរស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល ដែលចង់ឳ្យមានហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទិកកាន់តែរឹងមាំជាអាទិភាពសម្រាប់ការទាក់ទាញការវិនិយោគ ការគាំទ្រដល់ក្រុមហ៊ុននាំចេញ និងការបង្កើតការងារ។

ក្រុមហ៊ុន WorldBridge ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ដោយអ្នកឧកញ៉ា សៀ ឬទ្ធី ក្រុមហ៊ុន WorldBridge គឺជា
ក្រុមហ៊ុនចម្រុះដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលមានបុត្រសម្ព័ន្ធ និងវិស័យអាជីវកម្ម រួមមានឡូជីស្ទិក ការអភិវឌ្ឍអចលនទ្រព្យ ម្ហូបអាហារ និងភេសជ្ជៈ បច្ចេកវិទ្យា សន្តិសុខ ធនាគារ និងសេវាហិរញ្ញវត្ថុ ប្រព័ន្ធផ្សព្វផ្សាយ បដិសណ្ឋារកិច្ច និងសំណង់។ ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនឡូជីស្ទិកក្នុងស្រុកដំបូងគេបង្អស់របស់ប្រទេសកម្ពុជា។ WorldBridge បានកសាងភាពជាដៃគូជាមួយម៉ាកយីហោ និងស្ថាប័នសកលធំៗ ហើយផលប័ត្ររបស់ក្រុមហ៊ុននេះមានគម្រោងអភិវឌ្ឍន៍ធំៗដូចជា The Bridge និង The Peak ដោយសហការជាមួយសណ្ឋាគារ Shangri-La។

ក្រុមហ៊ុន Cambodia Airports និង VINCI Airports ក្រោមភាពជាដៃគូរវាងរដ្ឋ និងឯកជន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន Cambodia Airports កាន់កាប់សិទ្ធិសម្បទានលើអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងទទួលប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុន Cambodia Airports ភាគច្រើនជាកម្មសិទ្ធិរបស់ក្រុមហ៊ុន VINCI Airports ដែលជាប្រតិបត្តិករអាកាសយានដ្ឋានឯកជនឈានមុខគេលើពិភពលោក ដែលអភិវឌ្ឍ ផ្តល់ហិរញ្ញប្បទាន សាងសង់និងដំណើរការអាកាសយានដ្ឋាននៅទ្វីបអឺរ៉ុប អាស៊ី អាហ្វ្រិក និងអាមេរិក៕