ជើងទំនិញដំបូង! គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ត្រូវបានដឹកជញ្ជូនត្រង់ទៅកាន់កំពង់ផែឈីងចូវ ខេត្តក្វាងស៊ី ដោយជោគជ័យ! (Video inside)
28-07-2026 21:23
(ក្វាងស៊ី)៖ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីគយ ប្រចាំកំពង់ផែឈីងចូវ ក្រុមហ៊ុន Beibu Gulf Port Co., Ltd. និងបណ្តាក្រុមហ៊ុនភ្នាក់ងារគយក្រុមហ៊ុនកម្ពុជា KHNUTS PROCESSING CO., LTD. (ហៅកាត់ថា "KHNUTS") និងក្រុមហ៊ុនChina National Township Enterprises Co., Ltd.(ហៅកាត់ថា "CTEC") នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានសហការជំរុញការដឹកជញ្ជូនត្រង់នូវគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជាជាលើកដំបូង ហើយបានបញ្ចប់នីតិវិធីបញ្ចេញទំនិញពីគយ ដោយរលូននៅច្រកទ្វារកំពង់ផែឈីងចូវ។
នេះជាសញ្ញាបញ្ជាក់ថា កិច្ចសហប្រតិបត្តិការឧស្សាហកម្មស្វាយចន្ទីកម្ពុជា-ចិន បានតភ្ជាប់ដោយជោគជ័យនូវប្រព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់ពេញលេញពីដើមដល់ចប់ គឺ «ការប្រមូលទិញនិងកែច្នៃផ្ទាល់ពីតំបន់ដាំដុះនៅកម្ពុជា, ការដឹកជញ្ជូនឆ្លងដែនដោយផ្ទាល់, ការលក់រាយនៅលើទីផ្សារចិន»។
របកគំហើញថ្មីនេះកើតឡើងចំពេលដែលឧស្សាហកម្មស្វាយចន្ទីកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរដ៏សំខាន់។
យោងតាមទិន្នន័យផ្លូវការចុងក្រោយបានបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាសម្រេចបានរហូតដល់១.០៣លានតោន ដែលបង្កើតចំណូលបាន១.៧៥ពាន់លានដុល្លារអាមេរិក។
ទោះជាយ៉ាងណាក៏ដោយជាង ៩០% នៃគ្រាប់ស្វាយចន្ទីឆៅក្នុងស្រុក ត្រូវបាននាំចេញទៅប្រទេសវៀតណាមក្នុងទម្រង់ជាវត្ថុធាតុដើមសម្រាប់ការកែច្នៃ ខណៈដែលអត្រានៃការកែច្នៃក្នុងស្រុកមានមិនដល់៥%ឡើយ ដែលធ្វើឱ្យបាត់បង់តម្លៃបន្ថែមនៃឧស្សាហកម្ម។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧» ដែលបញ្ជាក់យ៉ាងច្បាស់ពីការជំរុញបង្កើនអត្រាកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក និងបានចាប់ផ្តើមបង្កើតសួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីដំបូងគេបង្អស់នៅខេត្តកំពង់ធំ។
ក្នុងបរិបទនេះ ការដឹកជញ្ជូន និងការបញ្ចេញទំនិញពីគយដោយផ្ទាល់ដោយក្រុមហ៊ុន KHNUTS និងក្រុមហ៊ុន CTEC បានធ្វើឱ្យគ្រាប់ស្វាយចន្ទីកម្ពុជា អាចឈានចូលទីផ្សារប្រើប្រាស់របស់ប្រទេសចិនដោយផ្ទាល់ ក្នុងនាមជា «ផលិតផលសម្រេចដែលកែច្នៃក្នុងស្រុក»។ នេះគឺជាការអនុវត្តដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ក្នុងការរំដោះខ្លួនចេញពីទម្រង់ «ការលក់វត្ថុធាតុដើមទៅក្រៅប្រទេស» និងជំរុញការផ្លាស់ប្តូរ ព្រមទាំងការលើកកម្ពស់ឧស្សាហកម្មនេះ។
ក្នុងនាមជាសហគ្រាសស្នូលនៃគម្រោងដឹកជញ្ជូនផ្ទាល់នេះ KHNUTS គឺជាសហគ្រាសចិនដែលបានចាក់ឫសយ៉ាងជ្រៅក្នុងឧស្សាហកម្មស្វាយចន្ទីកម្ពុជាជាងន៧ឆ្នាំមកហើយ។ ក្រុមហ៊ុនមានទីស្នាក់ការកណ្តាលស្ថិតនៅតំបន់ដាំដុះស្នូលក្នុងខេត្តកំពង់ចាម និងបានកសាងខ្សែច្រវាក់ឧស្សាហកម្មយ៉ាងពេញលេញ ដែលគ្របដណ្តប់លើ ការដាំដុះ ការប្រមូលទិញ ការកែច្នៃ ការស្តុកទុក ការដឹកជញ្ជូន និងការចម្រាញ់ប្រេង។
ក្រុមហ៊ុនបានជួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋទំហំ ៣៧០ហិកតា ដើម្បីអភិវឌ្ឍការដាំដុះ និងមានទីតាំងរោងចក្រកែច្នៃផ្ទាល់ខ្លួនទំហំ ១១ហិកតា (ប្លង់រឹង) ដែលមានសមត្ថភាពធ្វើពាណិជ្ជកម្មកម្រិតខ្ទង់ម៉ឺនតោន និងជាក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីមួយក្នុងចំណោមសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីមួយចំនួនតូចនៅកម្ពុជា ដែលមានសមត្ថភាពប្រតិបត្តិការខ្សែច្រវាក់ពេញលេញ ចាប់ពីចម្ការរហូតដល់ការនាំចេញផលិតផលសម្រេច។
ឆ្ពោះទៅអនាគត KHNUTS កំពុងជំរុញការបង្កើតរោងចក្រស្តង់ដារដែលមានសមត្ថភាពកែច្នៃចំនួន ១០ ០០០តោន ក្នុងមួយឆ្នាំ និងមានគម្រោងដាក់ដំណើរការម៉ាកសញ្ញាផ្ទាល់ខ្លួនដោយពឹងផ្អែកលើបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិន ដោយកំណត់គោលដៅក្លាយជាសហគ្រាសឈានមុខគេក្នុងឧស្សាហកម្មស្វាយចន្ទីកម្ពុជា ក្នុងរយៈពេល៣ឆ្នាំ។
ជាមួយនឹងការបន្តបញ្ចេញអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកែច្នៃកសិផល ភស្តុភារកម្មឆ្លងដែន និងការសម្របសម្រួលខ្សែសង្វាក់ឧស្សាហកម្ម ត្រូវបានពង្រឹងកាន់តែស៊ីជម្រៅឥតឈប់ឈរ។
កិច្ចសហប្រតិបត្តិការរវាង KHNUTS និងក្រុមហ៊ុន CTEC លើកនេះ មិនត្រឹមតែជួយឱ្យកសិករដាំស្វាយចន្ទីកម្ពុជាទទួលបានចំណូលកាន់តែខ្ពស់ពីការបង្កើនតម្លៃផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតគំរូខ្សែច្រវាក់ផ្គត់ផ្គង់ដែលអាចយកទៅអនុវត្តបន្តសម្រាប់កិច្ចសហប្រតិបត្តិការកសិកម្មប្រកបដោយគុណភាពខ្ពស់រវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិនផងដែរ។
នាពេលអនាគត ភាគីទាំងពីរនឹងបន្តពង្រីកទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដើម្បីរួមគ្នាកសាងខ្សែសង្វាក់ផ្គត់ផ្គង់គ្រាប់ធញ្ញជាតិសកលដែលមានតម្លៃបន្ថែមខ្ពស់ និងការអភិវឌ្ឍប្រកបដោយចីរភាព៕







