តើការក្លែងបន្លំផលិតផល និងម៉ាកយីហោ ជះឥទ្ធិពលអវិជ្ជមានអ្វីខ្លះ ដល់ដំណើរការផលិតកម្មរបស់សហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចកម្ពុជា? (Video inside)
30-07-2026 17:21
(ភ្នំពេញ)៖ ក្រោយផ្ទុះករណីនៃការក្លែងបន្លំផលិតផលសាប៊ូស្ពៃ បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាថ្មី ពីការបែងចែកមួយណាជាផលិតផលពិត និងមួយណាក្លែងក្លាយ ក៏ដូចជាផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងការបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការផលិតកម្ម ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។ បញ្ហានេះមិនត្រឹមតែធ្វើឱ្យបាត់បង់ចំណូលប៉ុណ្ណោះទេ ថែមទាំងរារាំងដល់ការរីកចម្រើន និងនិរន្តរភាពអាជីវកម្មរបស់ពួកគេទៀតផង។
បណ្តាក្រុមផលិតក្នុងស្រុក ដែលបាននិងកំពុងផលិតផលិតផល រួមមានទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងចំណីអាហារ បានសម្តែងក្តីព្រួយបារម្ភចំពោះបញ្ហានេះ និងអំពាវនាវឱ្យសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការម៉ឺងម៉ាត់ ចំពោះក្រុមអ្នកបន្លំផលិតផលទាំងនោះ។ ការព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពី SMEs ជាច្រើនបានចំណាយទុន និងពេលវេលាច្រើន ក្នុងការអភិវឌ្ឍផលិតផលដែលមានគុណភាពខ្ពស់ ប៉ុន្តែត្រូវរងផលប៉ះពាល់ដោយសារទង្វើខុសច្បាប់ទាំងនេះ។
តើការក្លែងបន្លំផលិតផល ជះឥទ្ធិពលអវិជ្ជមានអ្វីខ្លះ ដល់ដំណើរការផលិតកម្មរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា?
* ច្រវាក់ផលិតកម្ម ត្រូវបានកាត់បន្ថយ
លោកស្រី នុត សម្ផស្ស អគ្គនាយិកាក្រុមហ៊ុន LSV Industry ដែលជាក្រុមហ៊ុន ផលិតនិងចែកចាយសាប៊ូស្ពែ បានឱ្យដឹងថា ក្រោយលេចលឺដំណឹងនៃការបង្ក្រាបទីតាំងស្តុក និងចែកចាយសាប៊ូក្លែងក្លាយដ៏ធំមួយកន្លែង ស្ថិតក្នុងខណ្ឌបឹងកេងកង បានប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការអាជីវកម្ម និងការផលិតរបស់ក្រុមហ៊ុនរបស់លោកស្រី។ មុនពេលមានបញ្ហា ការផលិតប្រចាំខែរបស់ក្រុមហ៊ុន ប្រើប្រាស់ស្ពៃកើនឡើង១៣០ តោនក្នុងមួយខែ ប៉ុន្តែក្រោយពីមានដំណឹងនៃការបង្ក្រាបផលិតផលក្លែងក្លាយ អតិថិជនលក់រាយ និងលក់ដុំបានផ្អាកការកម្ម៉ង់ភ្លាមៗ ដោយសារពួកគេមិនអាចបែងចែករវាងផលិតផលពិត និងក្លែងក្លាយ។ ការផ្អាកការកម្ម៉ង់នេះ បានបណ្ដាលឱ្យផលិតផលសម្រេចចាល់ពេញរោងចក្រ ហើយការផលិតក៏ត្រូវកាត់បន្ថយយ៉ាងគំហុកមកត្រឹមជាង ៣៥ តោនក្នុងមួយខែ។
* ការខូចខាតកេរ្តិ៍ឈ្មោះ និងម៉ាកយីហោ
ការក្លែងបន្លំផលិតផល និងម៉ាកយីហោ បានជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់ SMEs រួមមានការបាត់បង់ទំនុកចិត្តពីអតិថិជន ដែលជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់អាជីវកម្ម។ នៅពេលដែលផលិតផលក្លែងក្លាយមានគុណភាពអន់ ឬបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ នោះកេរ្តិ៍ឈ្មោះរបស់ផលិតផលដើមនឹងត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ បើទោះបីជា SMEs មិនបានប្រព្រឹត្តកំហុសក៏ដោយ។
មានបទពិសោធផលិតអស់រយៈពេលជាង ២០ឆ្នាំ ឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាម្ចាស់សហគ្រាសផលិតនំស្រួយលីលី បានលើកឡើងពីបញ្ហាប្រឈមធ្ងន់ធ្ងរនៃការក្លែងបន្លំផលិតផល និងម៉ាកយីហោ ដែលបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ និងម៉ាកយីហោក្នុងស្រុក។ ជាក់ស្តែង លោកស្រីផ្ទាល់ ក៏ធ្លាប់ជួបបញ្ហានៃការបន្លំម៉ាកនេះតាំងពីឆ្នាំ ២០១០ មកម្ល៉េះ ដោយមានការក្លែងបន្លំប្រើឈ្មោះលីលី លើផលិតផលផ្សេងៗ។
លោកស្រីមានប្រសាសន៍ថា ផលិតផលក្លែងបន្លំទាំងនោះ គឺប្រាកដជាគ្មានគុណភាពដូចផលិតផលដើមឡើយ។ ដូច្នេះនៅពេលដែលអតិថិជនប្រើប្រាស់ផលិតផលក្លែងក្លាយ ដែលគ្មានគុណភាព ពួកគេនឹងវាយតម្លៃថា ម៉ាកយីហោនោះមិនល្អ ហើយឈប់ប្រើប្រាស់ ឬគាំទ្រផលិតផលនោះទៀត ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មក្នុងស្រុក។
ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ការក្លែងបន្លំផលិតផល និងម៉ាកយីហោ នឹងធ្វើកម្ពុជានឹងបាត់បង់ឱកាសក្នុងការបង្កើតម៉ាកយីហោដ៏រឹងមាំមួយ ដែលតំណាងឱ្យប្រទេសជាតិ។ ការបាត់បង់ទំនុកចិត្តពីអន្តរជាតិ នឹងធ្វើឱ្យយើងមិនអាចទាក់ទាញទីផ្សារ និងវិនិយោគិនបានឡើយ។ ផលប៉ះពាល់នេះមិនត្រឹមតែធ្លាក់ទៅលើអ្នកផលិត ដែលបន្លំគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ របស់អ្នកផលិតដទៃទៀត ដែលមានផលិតផលល្អ និងស្របច្បាប់ផងដែរ ដោយសារតែអ្នកប្រើប្រាស់បាត់បង់ទំនុកចិត្តទាំងស្រុង។
ចំណែក លោក ហេង សុគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងបញ្ជាក់ថា ផលិតផលក្លែងក្លាយ មិនត្រឹមតែបំផ្លាញសេដ្ឋកិច្ចជាតិ និងទីផ្សារប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យបាត់បង់កិត្តិនាម និងតម្លៃស្លាកសញ្ញាផលិតផលពិតរបស់កូនខ្មែរ ខណៈដែលផលិតករខ្មែរបានខិតខំប្រឹងប្រែងក្នុងការស្រាវជ្រាវ បង្កើត និងផលិតផលិតផលរបស់ខ្លួន រហូតទទួលបានជោគជ័យ ត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយសារផលិតផលក្លែងបន្លំទាំងនេះ។
* អតិថិជនបាត់បង់ជំនឿលើផលិតផលខ្មែរ
ការក្លែងបន្លំផលិតផលអាចនាំឱ្យមាន ការថយចុះទំនុកចិត្តពីអតិថិជន និងការបាត់បង់ចំណែកទីផ្សារ សម្រាប់ SMEs។ គុណភាពអន់នៃផលិតផលក្លែងក្លាយ ដែលប្រើប្រាស់ម៉ាកយីហោដូចគ្នា នឹងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងទំនុកចិត្តរបស់អតិថិជនចំពោះផលិតផលដើម ដែលជាការខាតបង់ដ៏ធំធេងសម្រាប់ SMEs ក្នុងការកសាងម៉ាកយីហោរបស់ខ្លួនឡើងវិញ។
ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានលើកឡើងថា បញ្ហាការក្លែងបន្លំផលិតផល គឺជាមូលហេតុចម្បងដែលធ្វើឱ្យអតិថិជនបាត់បង់ជំនឿទុកចិត្តទាំងស្រុងទៅលើផលិតផលខ្មែរ។
លោកឧកញ៉ាបានពន្យល់ថា នៅពេលដែលមានការក្លែងបន្លំកើតឡើងជាញឹកញាប់ យូរៗទៅអតិថិជននឹងលែងមានជំនឿចិត្តលើផលិតផលក្នុងស្រុក ហើយអាចឈានដល់ការគិតថា ផលិតផលខ្មែរទាំងអស់សុទ្ធតែមិនមានគុណភាព ឬជាផលិតផលក្លែងបន្លំ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានកត់សម្គាល់ថា ការបន្លំគ្រប់រូបភាពទាំងអស់ទៅលើផលិតផល រួមមានការយកផលិតផលបរទេសមកក្លែងជារបស់ខ្មែរ ការផលិតផលិតផលខ្មែរដែលគ្មានគុណភាព និងការក្លែងបន្លំម៉ាកយីហោ គឺសុទ្ធតែមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍ SMEs នៅកម្ពុជា និងបានបំផ្លាញទំនុកចិត្តរបស់អ្នកប្រើប្រាស់។ លោកបានលើកឡើងថា កន្លងមកប្រជាពលរដ្ឋខ្មែរជាច្រើន បានងាកមកស្វែងរកផលិតផលក្នុងស្រុក ប៉ុន្តែនៅតែមិនទាន់មានទំនុកចិត្តពេញលេញ ដោយសារតែបញ្ហាគុណភាពទាប ផលិតផលក្លែងក្លាយ ឬការបន្លំម៉ាកយីហោបរទេសមកប្រើជារូបភាពផលិតផលខ្មែរ ដែលប៉ះពាល់ដល់សុខភាព និងកិត្យានុភាពជាតិ។
លោកលើកឡើងថា ការធ្វើឱ្យអតិថិជនបាត់បង់ជំនឿ គឺពិបាកនឹងស្រោចស្រង់ឡើងវិញណាស់។ ករណីនេះអាចប៉ះពាល់ដល់ផលិតផលខ្មែរពិតប្រាកដ ដែលផលិតដោយគោរពតាមស្តង់ដារ និងបទដ្ឋានច្បាប់កំណត់ដោយក្រសួងស្ថាប័នពាក់ព័ន្ធ។
* បង្កឱ្យអ្នកផលិត ខ្លាចរអាមិនហ៊ានពង្រីកផលិតកម្មបន្ថែម និងធ្វើឱ្យបាត់បង់ជំនឿទុកចិត្ត ពីអ្នកវិនិយោគក្នុងស្រុក និងបរទេស
បញ្ហានៃការក្លែងបន្លំផលិតផលស បានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា ដែលបង្កឱ្យមានការភ័យខ្លាច និងស្ទាក់ស្ទើរក្នុងការបន្តពង្រីកផលិតកម្មរបស់ខ្លួន។
លោក ហេង សុគង់ មានប្រសាសន៍ថា បញ្ហាក្លែងបន្លំផលិតផលនេះ មិនត្រឹមតែធ្វើឱ្យអាជីវករ សិប្បករ និងផលិតករ ស្របច្បាប់បាត់បង់ចំណូល និងទីផ្សារប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់អារម្មណ៍ និងឆន្ទៈក្នុងការបន្តផលិតរបស់ពួកគេ។
រីឯឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី បានគូសបញ្ជាក់ថា ការក្លែងបន្លំម៉ាកផលិតផល វាមិនមែនជាបញ្ហាធម្មតា ដែលប៉ះពាល់ត្រឹមតែម្ចាស់ម៉ាកផលិតផលពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែបង្កផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងប្រព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ក៏ដូចជាធ្វើឱ្យវិនិយោគិនបាក់ទឹកចិត្តក្នុងការបណ្តាក់ទុនវិនិយោគ។
លោកស្រី នុត សម្ផស្ស បានលើកឡើងថា សហគ្រិនជាច្រើន ជាពិសេសហគ្រិនថ្មីថ្មោងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា ប្រសិនបើផលិតផលរបស់ពួកគេត្រូវបានក្លែងបន្លំ ពួកគេមិនដឹងថាត្រូវដោះស្រាយបែបណា ដែលអាចនឹងធ្វើឱ្យអាជីកម្មដួលរលំ។
ទន្ទឹមគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចាត់ទុកថា ការក្លែងបន្លំផលិតផល ការហូរចូលនូវផលិតផលក្លែងក្លាយ និងការរត់ពន្ធទំនិញជាច្រើន គឺជាដើមហេតុបំផ្លាញទីផ្សារសហគ្រាសធុនតូច និងមធ្យមកម្ពុជាដោយស្វ័យប្រវត្តិ និងធ្វើឱ្យបាត់បង់ជំនឿទុកចិត្តពីអ្នកវិនិយោគក្នុងស្រុក និងបរទេស ដែលជាគ្រោះថ្នាក់ដល់សេដ្ឋកិច្ចជាតិ។
* ប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់
ផលិតផលក្លែងក្លាយបាន និងកំពុងបង្កជាក្តីបារម្ភយ៉ាងខ្លាំង ចំពោះសុខភាពសាធារណៈ និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដោយសារតែផលិតផលទាំងនេះ ពុំបានឆ្លងកាត់ការត្រួតពិនិត្យគុណភាព និងការធ្វើតេស្តត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសឡើយ។
លោក ហេង សុគង់ បានគូសបញ្ជាក់ថា ផលិតផលក្លែងក្លាយមិនមានស្តង់ដារត្រឹមត្រូវនោះទេ ដោយសារតែខ្វះការធ្វើតេស្ត និងការត្រួតពិនិត្យបញ្ជាក់គុណភាព។ កត្តាទាំងនេះធ្វើឱ្យផលិតផលកាន់តែគ្មានគុណភាព ដែលជាហេតុផលសំខាន់មួយប៉ះពាល់ដោយផ្ទាល់ ទៅលើសុខភាពរបស់អ្នកប្រើប្រាស់។
បន្ថែមពីនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាផលិតផលក្លែងក្លាយនេះ គឺជាគ្រោះថ្នាក់ដល់សេដ្ឋកិច្ចជាតិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ លោកបានបន្ថែមថា ប្រសិនបើជាវត្ថុប្រើប្រាស់ វានឹងគំរាមកំហែងដល់សុវត្ថិភាព ហើយបើជាម្ហូបអាហារវិញ វានឹងប៉ះពាល់ដល់សុខភាព។
ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី បានកត់សម្គាល់ដែរថា ការប្រើប្រាស់ផលិតផលក្លែងក្លាយ ដែលមិនច្បាស់ពីគុណភាព ឬជាផលិតខូចគុណភាព កំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាព ដែលធ្វើឱ្យប្រជាពលរដ្ឋខាតបង់ថវិកា ក្នុងការព្យាបាលជំងឺ។
* អ្នកក្លែងបន្លំផលិតផលទទួលផល ដោយមិនចាំបាច់ខិតខំប្រឹងប្រែង
ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី និងឧកញ៉ា កែវ មុំ សុទ្ធតែបានសម្តែងការមិនពេញចិត្ត និងថ្កោលទោស ចំពោះសកម្មភាពក្លែងបន្លំផលិតផល និងម៉ាកយីហោ ដែលធ្វើឱ្យអ្នកក្លែងបន្លំទាំងនោះទទួលបានផលប្រយោជន៍ ដោយមិនចាំបាច់ខិតខំប្រឹងប្រែង ស្របពេលដែលម្ចាស់ផលិតផលពិតប្រាកដ បានចំណាយថវិកា និងពេលវេលាយ៉ាងច្រើន ក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ផលិតផលឱ្យកាន់តែប្រសើរឡើង ព្រមទាំងជំរុញការផ្សព្វផ្សាយទៅដល់អតិថិជន ប៉ុន្តែគេវិញនៅអង្គុយចាំទទួលផលស្រាប់ៗ។
* ការលើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព គឺជាគន្លឹះក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ និងភាពប្រកួតប្រជែងរបស់ SMEs
ដើម្បីការពារការក្លែងបន្លំផលិតផល ការលើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព គឺជាពិតសំខាន់ណាស់។
លោក ហេង សុគង់ បានសង្កត់ធ្ងន់ថា ការក្លែងបន្លំផលិតផល គឺជាអំពើខុសឆ្គងធ្ងន់ធ្ងរនូវក្រមសីលធម៌សង្គម និងខុសនឹងច្បាប់ជាធរមានរបស់កម្ពុជា ដូចជាច្បាប់ស្តីពីការក្លែងបន្លំប្រភពដើមទំនិញ ស្លាកសញ្ញា ច្បាប់ស្តីពីការប្រកួតប្រជែងមិនស្មើភាព និងការការពារអ្នកប្រើប្រាស់។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គាំទ្រឱ្យមានចំណាត់ការផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរលើផលិតផលក្លែងក្លាយទាំងអស់នោះ។
កន្លងមករវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយនឹងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម ក្នុងជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុក ព្រមទាំងការពារការក្លែងបន្លំ។ ក្នុងន័យនេះ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ ឱ្យមានការពិនិត្យឱ្យបានល្អិតល្អន់ ដើម្បីសម្គាល់ផលិតផលពិត និងក្លែងក្លាយ។
ជាមួយគ្នានេះ ឧកញ៉ា កែវ មុំ បានទទូចឱ្យមានការចាត់វិធានការឱ្យបានតឹងរ៉ឹង ចំពោះអ្នកក្លែងបន្លំម៉ាកផលិតផល និងម៉ាកយីហោ ដើម្បីធានានិរន្តភាពអាជីវកម្មរបស់ អ្នកផលិតពិតប្រាកដ ដែលផលិតនូវផលិតផលដែលមានគុណភាព និងមានស្តង់ដារច្បាស់លាស់សម្រាប់អ្នកប្រើប្រាស់។
ទន្ទឹមគ្នានេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវដល់អាជ្ញាធរឱ្យស្រាវជ្រាវរកឫសគល់នៃបញ្ហា និងដាក់ទោសអ្នកពាក់ព័ន្ធទាំងអស់។ សភាពាណិជ្ជកម្មកម្ពុជាក៏បានអំពាវនាវដល់អាជីវករ និងអ្នកវិនិយោគទាំងអស់ ឱ្យចូលរួមសហការតាមរយៈយន្តការរាជរដ្ឋាភិបាល ដើម្បីរាយការណ៍ពីបញ្ហាផ្សេងៗដែលរាំងស្ទះដល់ការវិនិយោគ និងការអនុវត្តច្បាប់៕




