ការកៀគរទុនក្នុងទីផ្សារមូលបត្រកម្ពុជា រំពឹងថានឹងកើនដល់ ២ ប៊ីលានដុល្លារនៅឆ្នាំ២០២៦

05-08-2026 20:46

(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានថ្លែងថា ការកៀរគរទុនតាមរយៈទីផ្សារមូលបត្រក្នុងឆ្នាំ២០២៦ នេះ ត្រូវបានរំពឹងថានឹងកើនដល់ប្រមាណ ២ ប៊ីលានដុល្លារអាម៉េរិក ដែលជាសញ្ញាណវិជ្ជមានសម្រាប់ការរីកចម្រើននៃទីផ្សារមូលធនកម្ពុជា។ ជាមួយគ្នានេះ ការដាក់ឱ្យដំណើរការទីផ្សារមូលបត្ររដ្ឋ បានចូលរួមចំណែកជំរុញការអភិវឌ្ឍ និងពង្រឹងទីផ្សារមូលធនកម្ពុជាឱ្យមានភាពរឹងមាំ។
លោក ស៊ូ សុជាតិ ថ្លែងបែបនេះធ្វើឡើងក្នុងវេទិកាវិនិយោគិនលើកទី៦ ស្ដីពី «ការសន្សំមូលបត្រ» នៅទី៥ ខែសីហា ឆ្នាំ២០២៦ ដែលសហការរៀបចំឡើងដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ជាមួយក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក និងផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ដើម្បីពង្រឹងចំណេះដឹង និងលើកកម្ពស់ការយល់ដឹងអំពីវិស័យមូលបត្រ ព្រមទាំងបង្ហាញពីកាលានុវត្តភាពនៃការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា។

នាឱកាសនេះ លោក ស៊ូ សុជាតិ បានបន្តជំរុញឱ្យសាធារណជនសាកល្បងចូលរួមទិញមូលបត្រ (ភាគហ៊ុន) ឬតាមដានអំពីការចុះបញ្ជីមូលបត្រ ជាពិសេសក្នុងដំណាក់កាល IPO ដើម្បីមានឱកាសស្វែងយល់ពីអត្ថប្រយោជន៍ ក៏ដូចជាបង្កើតបទពិសោធន៍វិនិយោគផ្ទាល់។

លោក សេង ចាន់ធឿន នាយកប្រតិបត្តិនៃក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក បានមានប្រសាសន៍ថា វិនិយោគិនដែលបានបើកគណនីវិនិយោគជាមួយក្រុមហ៊ុនរបស់លោក អាចធ្វើការជួញដូរផលិតផលនៅក្នុងផ្សារមូលបត្រកម្ពុជា ហើយនាពេលខាងមុខនឹងអាចជួញដូរក្នុងទីផ្សារមូលបត្រអន្តរជាតិផងដែរ។
លោកបានណែនាំឱ្យវិនិយោគិនគួរស្វែងយល់ពីហានិភ័យ និងផលចំណេញ ដោយសិក្សាពីក្រុមហ៊ុនចុះបញ្ជី និងទិសដៅវិនិយោគ ព្រមទាំងវិនិយោគដោយប្រើប្រាស់ប្រាក់ដែលនៅសេសសល់ ចៀសវាងខ្ចីបំណុល ឬយកប្រាក់ដែលចាំបាច់សម្រាប់ចំណាយប្រចាំថ្ងៃមកវិនិយោគ។ លោកក៏បានលើកទឹកចិត្តឱ្យចាប់ផ្តើមវិនិយោគជាមុនសិន ដោយមិនចាំបាច់មានប្រាក់រាប់ម៉ឺនដុល្លារទើបអាចវិនិយោគបានទេ ហើយចាប់ផ្តើមពីចំនួនតិចតួច ដើម្បីស្វែងយល់ពីចលនាទីផ្សារ។
សូមជម្រាបផងដែរថា វេទិកាដ៏សំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក., លោក ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោក សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. និងលោក សេង ចាន់ធឿន នាយកប្រតិបត្តិនៃក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក។ ព្រឹត្តិការណ៍នេះមានការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្ត្រីប្រមាណ ១០០ នាក់ មកពីនិយ័តករ និងអង្គភាពក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ក្នុងវេទិកានេះ វាគ្មិនជំនាញបានធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗដូចជា មូលដ្ឋានគ្រឹះនៃការវិនិយោគ និងការវិភាគលើការជួញដូរភាគហ៊ុន ដោយភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្ដែងតាមរយៈកម្មវិធី CSX Trade។ គោលបំណងចម្បងគឺដើម្បីប្រែក្លាយវេទិកានេះទៅជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ការរៀបចំយុទ្ធសាស្ត្រវិនិយោគនាពេលអនាគត ជំរុញឱ្យអ្នកចូលរួមអាចទាញយកផលប្រយោជន៍ពីវឌ្ឍនភាពនៃទីផ្សារមូលបត្រ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕