* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិស័យឯកជនស្នើឱ្យរាជរដ្ឋាភិបាល​ទប់ស្កាត់​​អំបិលនាំចូលពីក្រៅប្រទេស​ ដែលយកមកវេចខ្ចប់បន្លំជាផលិតផលខ្មែរ (Video inside)

07-08-2026 16:13

(ភ្នំពេញ)៖ វិស័យឯកជនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការនាំចូលអំបិលពីបរទេស ប៉ុន្តែយកមកវេចខ្ចប់ជាថ្មី ដោយប្រើប្រាស់ស្លាកសញ្ញា និងអក្សរខ្មែរ ព្រមទាំងបញ្ជាក់ថា ជាផលិតផលផលិតនៅប្រទេសកម្ពុជា។ ទង្វើនេះបានបង្កឱ្យមានការភាន់ច្រឡំដល់អ្នកប្រើប្រាស់ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផលិតកម្មអំបិលក្នុងស្រុក ក៏ដូចជាជីវភាពរបស់ប្រជាកសិករអ្នកផលិតអំបិល។

លើកឡើង​ក្នុងកិច្ចប្រជុំផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ក្រុម «គ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ​នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ ​លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ អំបិលកំពត-កែប បានសម្តែងការព្រួយបារម្ភ​ចំពោះបញ្ហាប្រឈមនានា ដែលកំពុងកើតមានលើវិស័យផលិតកម្មអំបិលធម្មជាតិនៅកម្ពុជា ​ជាពិសេសការប្រកួតប្រជែងមិនស្មោះត្រង់ ដោយលោកបានសង្កេតឃើញថា ​អំបិលមួយចំនួន ដែលនាំចូលពីបរទេស ​ត្រូវបានយកមកវេចខ្ចប់ដោយប្រើអក្សរខ្មែរ ​និងដាក់ថាជាផលិតផលខ្មែរ ដែរបង្កឱ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំថាជាអំបិលខ្មែរ។

បើតាម លោកប៊ុន ណារិន បច្ចុប្បន្ននេះ ក្នុងចំណោមសិប្បកម្ម ឬសហគ្រាសកែច្នៃអំបិលចំនួន ១៥ មូលដ្ឋាន មានតែ ៣ មូលដ្ឋានប៉ុណ្ណោះដែលទិញអំបិលពីខេត្តកំពត និងខេត្តកែប ដើម្បីកែច្នៃ និងវេចខ្ចប់ ក្រៅពីនោះគឺពួកគេជាឈ្មួញដែលបាននាំចូលអំបិល ពីបរទេសទាំងអស់​។
​
ឧកញ៉ាបណ្ឌិត ឈិន កេន អនុប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានស្នើឲ្យរដ្ឋាភិបាលពិចារណាអនុវត្តយន្តការកំណត់កូតានាំចូល ដូចបណ្ដាប្រទេសដទៃ ដើម្បីធានាថាផលិតផលក្នុងស្រុកអាចរក្សាបាននូវចំណែកទីផ្សាររបស់ខ្លួន។

បន្ថែមពីនេះ លោកក៏បានគូសបញ្ជាក់​ថា ការបន្លំវេចខ្ចប់ ​ដាក់ស្លាកសញ្ញាថាជាផលិតផលក្នុងស្រុក​ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះផលិតផលខ្មែរប៉ុណ្ណោះទេ ថែមទាំងបង្កការខាតបង់ដល់អ្នកផលិតពិតប្រាកដទៀតផង។

លោក​បានស្នើឲ្យមានកិច្ចសហការរវាងរដ្ឋាភិបាល និងឯកជន ដើម្បីចុះស្រាវជ្រាវរកទីតាំងដែលបន្លំ និងចាត់វិធានការណែនាំ ឬបង្ខំឲ្យរក្សាការវេចខ្ចប់ក្នុងទម្រង់ដើម។ ​​

​ឆ្លើយតបនឹងសំណើរនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ក្រសួងកំពុងយកចិត្តទុកដាក់លើបញ្ហានេះ។ ដោយឡែក ពាក់ព័ន្ធនឹងការកំណត់កូតានាំចូល គឺទាមទារឱ្យមានការពិភាក្សាជាមួយក្រសួងពាក់ព័ន្ធជាច្រើនទៀតដូចជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មជាដើម។

ជាមួយគ្នា លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំ និងផ្តល់ព័ត៌មានដល់អ្នកប្រើប្រាស់ផងដែរ ដើម្បីឱ្យពួកគេអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងគាំទ្រផលិតផលក្នុងស្រុក។​

​​លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ដល់ពេលហើយដែលកម្ពុជា ត្រូវគិតគូរជាយុទ្ធសាស្រ្ត ក្នុងការអភិវឌ្ឍវិស័យអំបិលក្នុងស្រុក ដើម្បីធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលនាពេលអនាគត។

ជាមួយគ្នានេះ លោកបានបង្ហាញការមិនគាំទ្រចំពោះការនាំចូលអំបិលពីក្រៅប្រទេស យកមកខ្ចប់ជាផលិតផល ដែល​បង្កផលប៉ះពាល់ដល់ឧស្សាហកម្មអំបិលក្នុងស្រុក និងកសិករផលិតអំបិល។

ដោយសារតម្លៃអំបិលក្នុងស្រុកទាប និងការប្រកួតប្រជែងជាមួយអំបិលនាំចូល បានធ្វើឱ្យកសិករផលិតអំបិលនៅកម្ពុជាថយចុះជាបន្ត​បន្ទាប់ ដោយកាលមុន ​មានចំនួន២០០ក្រុម ក្រោយមកបានថយចុះមក១៧០ក្រុម និងមកទល់ឆ្នាំ២០២៦នេះ បានថយមកជាង១៤០ក្រុមប៉ុណ្ណោះ។ នេះតាមការលើកឡើងរបស់ លោក ប៊ុន ណារិន។

​លោក ប៊ុន ណារិន បានឱ្យដឹងផងដែរ ក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវការអំបិលក្នុងរង្វង់៦ម៉ឺនទៅ៧ម៉ឺនតោន។ ក្នុងឆ្នាំ២០២៦នេះ ការផលិតអំ​បិលនៅកម្ពុជាមានបរិមាណ ៦​ម៉ឺនទៅ៧ម៉ឺនតោន សមមូលនឹងតម្រូវការ។ តែយ៉ាងណា លោក ប៊ុន ណារិន​សង្ឃឹមថា ការផលិតផលនៅដើមឆ្នាំក្រោយនឹងកើនឡើងជាងឆ្នាំនេះ ដោយសារបាតុភូតអែលនីណូ​។

តាមព័ត៌មាន បានឲ្យដឹងថា ក្រុមឈ្មួញបាននាំចូលអំបិលពីប្រទេសឡាវ៕