* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម គ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង នឹងនាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់ព្រីតថេន (អតីតចក្រភពអង់គ្លេស) ដោយផ្ទាល់ជាលើកដំបូង

12-08-2026 16:58

(ស្ទឹងត្រែង)៖ តាមរយៈការសម្របសម្រួលយ៉ាងសកម្ម របស់ក្រសួងពាណិជ្ជកម្ម កសិផលគ្រាប់ស្វាយចន្ទីកម្ពុជា បានសាងប្រវត្តិសាស្ត្រថ្មីមួយ ដោយក្រុមហ៊ុនអេចស៊ីអេសធី អ៉ិនវេសម៉ិន ឯ.ក (HCST) នឹងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់ខ្លួន ដោយផ្ទាល់ជាលើកដំបូង ទៅកាន់ក្រុមហ៊ុន Whitworths នៃរាជាណាចក្ររួមនៃព្រីតថេន (អតីតចក្រភពអង់គ្លេស)។

ដើម្បីអបអរសាទរ និងជំរុញខ្សែច្រវាក់នាំចេញនេះ ឱ្យកាន់តែរលូន នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ លោក​ សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ (EPTF) បានដឹកនាំគណៈប្រតិភូចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃដោយផ្ទាល់នៅសហគ្រាស HCST ក្នុងខេត្តស្ទឹងត្រែង។

ភាពជោគជ័យនៃការបើកច្រកទីផ្សារដ៏មានសក្តានុពលនេះ គឺកើតចេញពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាង HCST និង Whitworths ដែលជាក្រុមហ៊ុនវ័យចំណាស់ និងឈានមុខគេប្រចាំចក្រភពអង់គ្លេស ផ្នែកកែច្នៃនិងផ្គត់ផ្គង់ផ្លែឈើក្រៀម និងគ្រាប់ធញ្ញជាតិ (Dried fruits, nuts, and seeds)។

តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន Whitworths បានជួយលើកកម្ពស់ស្តង់ដារផលិតកម្ម និងបច្ចេកទេសកែច្នៃរបស់ HCST ឱ្យឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងលក្ខខណ្ឌតម្រូវ និងស្តង់ដារគុណភាពអន្តរជាតិ ដើម្បីធានាបាននូវទំនុកចិត្តខ្ពស់លើទីផ្សារ។

ស្របពេលជាមួយគ្នានេះ ដំណើរការឈានទៅរកការនាំចេញនេះ ទទួលបានការគាំទ្របច្ចេកទេសយ៉ាងពេញទំហឹងពីរដ្ឋាភិបាលអង់គ្លេស (តាមរយៈស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងកម្មវិធី UKTP) ព្រមទាំងសហភាពអឺរ៉ុប និងអាល្លឺម៉ង់ (តាមរយៈគម្រោង Export Lab - EU German GATE) ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពសហគ្រាស ក្នុងស្រុកឱ្យអាចប្រកួតប្រជែងលើឆាកអន្តរជាតិ។

ជោគជ័យជាប្រវត្តិសាស្ត្រនេះ គឺជាផ្លែផ្កានៃការចរចា និងការភ្ជាប់ទំនាក់ទំនងទីផ្សារដោយស្វិតស្វាញ របស់ក្រសួងពាណិជ្ជកម្មជាបន្តបន្ទាប់ដែលរួមមាន៖

* ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤៖ ជំនួបពិភាក្សាដំបូងរវាងតំណាងក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម ជាមួយលោកស្រី Natalia Pietrzak-Freigant, Director of Commodities នៃក្រុមហ៊ុន Whitworths នៅអង់គ្លេស ដែលពេលនោះក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍បញ្ជាទិញពីកម្ពុជា។
* ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥៖ ជំនួបជាមួយតំណាងក្រុមហ៊ុន Whitworths នៅទីស្តីការក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងទំនុកចិត្តលើកសិផលកម្ពុជា និងរៀបចំផែនការចុះពិនិត្យរោងចក្រកែច្នៃផ្ទាល់។
* ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥៖ បេសកកម្មពាណិជ្ជកម្មរបស់គណៈប្រតិភូកម្ពុជា ដើម្បីតភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងអ្នកនាំចេញកម្ពុជា និងអ្នកបញ្ជាទិញសក្ដានុពល ក៏ជាដំណើរឈានទៅដល់ការសម្រេចការបញ្ជាទិញជាស្ថាពរ។

សមិទ្ធផលដ៏សំខាន់នេះ បង្ហាញពីសក្តានុពលនៃវិស័យគ្រាប់ស្វាយចន្ទីកម្ពុជា ក្នុងការជំរុញការនាំចេញផលិតផលកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់ និងអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិដែលមានស្តង់ដារខ្ពស់។

បន្ថែមពីនេះ វាក៏បានរំលេចអំពីសារៈសំខាន់នៃការសម្របសម្រួលជាប្រចាំពីរាជរដ្ឋាភិបាល ភាពជាដៃគូជាមួយវិស័យឯកជន និងការគាំទ្រផ្នែកបច្ចេកទេស ក្នុងការភ្ជាប់ទំនាក់ទំនងរវាងបណ្ដាក្រុមហ៊ុនកម្ពុជា ជាមួយអ្នកទិញនៅលើឆាកអន្តរជាតិ។

ជាទិសដៅបន្ត ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមការងារជំរុញការនាំចេញ ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថា ចរន្តនៃការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ចក្រភពអង់គ្លេស ព្រមទាំងទីផ្សារអន្តរជាតិផ្សេងៗទៀត នឹងបន្តប្រព្រឹត្តទៅដោយរលូន មានស្ថិរភាព និងប្រកបដោយចីរភាពយូរអង្វែង៕