អគ្គនាយក SME Bank ថា ការផ្តល់កម្ចីត្រូវតែគិតគូរទៅលើលក្ខខណ្ឌ២ គឺប្រើប្រាស់កម្ចីចំគោលដៅ និងលទ្ធភាពនៃការសងត្រឡប់វិញ ខណៈអ្នករកស៊ីចង់ឱ្យសម្រួលបន្ថែម (Video inside)
16-08-2026 11:07
(ភ្នំពេញ)៖ ម្ចាស់សហគ្រាស ធុនតូច និងមធ្យមមួយចំនួន បានលើកឡើងថា ពួកគេនៅតែមានភាពលំបាកក្នុងការទទួលបានហិរញ្ញប្បទាន យកមកពង្រឹងអាជីវកម្ម ជាពិសេសពីធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ដែលធនាគាររបស់រដ្ឋ ដោយនីតិវិធីស្មុគស្មាញហាក់មានភាពស្មុគ្រស្មាញច្រើន។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកឡើងថា បើទោះបីជាធនាគារ SME ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់ SME ក៏ដោយ ប៉ុន្តែការទទួលបានកម្ចីពីធនាគារនេះហាក់មានការលំបាក និងស្មុគ្រស្មាញច្រើន ដូច្នេះហើយទើបម្ចាស់សហគ្រាសសុខចិត្តទៅរកកម្ចីពីធនាគារពាណិជ្ជវិញ។ លោកបានគូសបញ្ជាក់ថា បើទោះបីជាធនាគារពាណិជ្ជមានអត្រាការប្រាក់ខ្ពស់ក៏ដោយ ក៏ម្ចាស់ SME នៅតែសុខចិត្តទៅខ្ចីពីធនាគារទាំងនោះ។
ជាមួយគ្នានេះ លើកបានកត់សម្គាស់ផងដែរពីអត្រាការប្រាក់របស់ធនាគារ SME ដែលមានកម្រិតមិនទាបជាងធនាគារពាណិជ្ជប៉ុន្មាននោះដែរ ដែលធ្វើឱ្យម្ចាស់ SME ពិបាករកប្រាក់ចំណេញគ្រប់គ្រាន់ដើម្បីទូទាត់ការប្រាក់កម្ចី។
លោកបានស្នើសុំឱ្យធនាគារ SME ពិនិត្យលទ្ធភាពស្នើសុំទៅស្ថាប័នពាក់ព័ន្ធដើម្បីទម្លាក់អត្រាការប្រាក់ឱ្យនៅកម្រិតមួយដែលអាចជួយដល់ SME ពិតប្រាកដ និងពិចារណាឡើងវិញអំពីលក្ខខណ្ឌនៃការផ្ដល់កម្ចី ដើម្បីសម្រួលដល់ការទទួលបានកម្ចីសម្រាប់ SME ឱ្យកាន់តែងាយស្រួល។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ក្រុម «គ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលបានរៀបចំឡើងដោយក្រសួងឧស្សាហកម្មវិទ្យាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាពេលថ្មីៗនេះ។
ក្នុងកិច្ចប្រជុំនេះ វិស័យឯកជនបានលើកឡើងពីបញ្ហាមួយផងដែរ ដែលពួកគេបានជួបប្រទះ ក្នុងការពិបាកទទួលបានឥណទាន ពី SME Bank គឺនៅពេលដែលម្ចាស់អាជីវកម្មបានផ្តល់ឯកសារតម្រូវនានា ដើម្បីដំណើរការសិក្សាពីទំហំកម្ចី អត្រាការប្រាក់ និងលក្ខខណ្ឌផ្សេងៗរួចរាល់ និងទទួលបានអនុម័តកម្ចីហើយនោះ ដោយរង់ចាំតែថ្ងៃទទួលប្រាក់ប៉ុណ្ណោះ។ ប៉ុន្តែនៅទីបំផុត បែរជាត្រូវបដិសេធមិនផ្តល់ជូនកម្ចីនេះទៅវិញ។ ស្ថានភាពបែបនេះបានបង្ខំឱ្យម្ចាស់អាជីវកម្ម SMEs មួយចំនួនត្រូវស្វែងរកកម្ចីពីធនាគារឯកជនដែលមានអត្រាការប្រាក់ខ្ពស់មកជំនួសវិញ ព្រមទាំងត្រូវចំណាយបន្ថែមក្នុងការដោះបន្ទុកប្លង់រឹងរបស់សហគ្រាស ដែលជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្មរបស់ពួកគេ។
ករណីនេះ ពួកគេបានស្នើឱ្យមន្ត្រីដែលអនុវត្តលើដំណើរការនៃការស្នើសុំកម្ចីនេះ ធ្វើការពិនិត្យឱ្យបានច្បាស់លាស់លើឯកសារពាក់ព័ន្ធ មុននឹងចេញលិខិតផ្តល់កម្ចីទៅកាន់ម្ចាស់អាជីវកម្ម ដើម្បីជៀសវាងការបដិសេធនៅពេលចុងក្រោយ ដែលបង្កផលប៉ះពាល់ដល់ផែនការអាជីវកម្មរបស់ SMEs។
ឆ្លើយនឹងបញ្ហានេះ លោក ជា សុភ័ក្ដ អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានគូសបញ្ជាក់ថា SME Bank តែងតែយកចិត្តទុកដាក់ខ្ពស់ ទៅលើ SME ប៉ុន្តែការផ្តល់កម្ចី ត្រូវតែគិតគូរទៅលើលក្ខខណ្ឌ២គឺ ការប្រើប្រាស់ឥណទានត្រូវតែចំគោលដៅ ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល និងលក្ខខណ្ឌទីពីរ គឺទាក់ទងនឹងលទ្ធភាពសងត្រឡប់របស់សហគ្រាស។ ធនាគារតម្រូវឱ្យមានការផ្ទៀងផ្ទាត់ច្បាស់លាស់អំពីសមត្ថភាពរបស់សហគ្រាសក្នុងការសងប្រាក់កម្ចីមកវិញ ដោយសារថវិកាទាំងនេះគឺជាលុយរដ្ឋ និងជាលុយរបស់អ្នកបង់ពន្ធ ដែលតម្រូវឱ្យមានការចាត់ចែងយ៉ាងតឹងរ៉ឹង។
លោក ជា សុភ័ក្ដ បានបន្ថែមថា ធនាគារបាននិងកំពុងពិនិត្យមើល និងព្យាយាមបង្រួមនីតិវិធី លក្ខខណ្ឌ និងតម្រូវការផ្សេងៗ ដើម្បីសម្រួលដល់ការស្នើសុំឥណទាន។ តែយ៉ាងណា ការផ្តល់ឥណទាន គឺផ្តោតតែទៅលើ វិស័យអទិភាពស្របតាមគោលនយោបាយរដ្ឋតែប៉ុណ្ណោះ។ បន្ថែមពីនេះលោកទទួលស្គាល់ថា បើធៀបនឹងប្រទេសជិតខាង អត្រាការប្រាក់របស់ SME Bank អាចនឹងខ្ពស់ជាង ប៉ុន្តែបើធៀបនឹងទីផ្សារឥណទាននៅកម្ពុជា អត្រាការប្រាក់នេះ គឺទាបជាងគេ។
យោងតាមរបាយការណ៍របស់ SME Bank ក្នុងឆ្នាំ២០២៥ ធនាគារ SME បានបញ្ចេញឥណទានដោយផ្ទាល់ចំនួន ៥៨.៤លានដុល្លារអាម៉េរិក ដល់ ១៨៣ សហគ្រាស។ ក្នុងចំណោមនេះ ៧១.៨% នៃឥណទានត្រូវបានផ្តល់ទៅឱ្យវិស័យអាទិភាព ដែលជាងពាក់កណ្ដាលស្ថិតក្នុងវិស័យកែច្នៃ និងកម្មន្តសាល។
គិតត្រឹមឆ្នាំ ២០២៥ នេះ ធនាគារបានសម្រេចសមតុល្យហិរញ្ញប្បទានសរុបប្រមាណ ២៣០ លានដុល្លារអាម៉េរិក ដែលក្នុងនោះ គម្រោងហិរញ្ញប្បទានដោយផ្ទាល់មានប្រមាណ ១៦៥ លានដុល្លារអាម៉េរិក ខណៈគម្រោងសហហិរញ្ញប្បទានមាន ៦៥ លានដុល្លារអាម៉េរិក។
ជុំវិញបញ្ហានេះដែរ លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា (NBC) បានយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា ដោយសារ SME ត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
លោកបន្ថែមថា ដើម្បីធានាថា SME អាចទទួលបានហិរញ្ញវត្ថុសម្រាប់ការពង្រីកអាជីវកម្ម NBC បានរៀបចំនូវបទប្បញ្ញត្តិច្បាប់ជាច្រើនសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្ត។ ក្នុងចំណោមនោះ មានដូចជាច្បាប់ស្តីពីភតិសន្យាហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុជួលឧបករណ៍ ឬគ្រឿងចក្រដល់ SME។ ជាមួយគ្នានេះ ការបង្កើតប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ក៏បានជួយសម្រួលដល់ SME ក្នុងការទទួលបានឥណទានផងដែរ។ ថ្មីៗនេះ ប្រព័ន្ធទូទាត់ KHQR ក៏បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ SME ក្នុងការផ្ទេរប្រាក់ ទិញ លក់ និងទទួលប្រាក់ ដោយមិនចាំបាច់ទៅធនាគារផ្ទាល់ ដែលជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។
បន្ថែមពីនេះ NBC ក៏បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំវគ្គបណ្តុះបណ្តាលពាក់ព័ន្ធហិរញ្ញវត្ថុ SME និងវេទិកាសហគ្រិនភាព ដើម្បីលើកកម្ពស់ចំណេះដឹង និងលទ្ធភាពទទួលបានហិរញ្ញប្បទាន។ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ SME ក្នុងការទទួលបានហិរញ្ញទាន ដោយសារកង្វះវត្ថុបញ្ចាំ NBC ក៏បានជំរុញយន្តការ Value Chain Financing ដែលជាឧបករណ៍មួយអាចជួយ SME ទទួលបានហិរញ្ញទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយប្រើប្រាស់ទំនិញក្នុងឃ្លាំងជាវត្ថុបញ្ចាំ៕







