រដ្ឋប្រមូលចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធបានជាង ៤ពាន់លានដុល្លារ កើនឡើង ៦.៧% ក្នុងឆមាសទី១ ឆ្នាំ២០២៦

18-08-2026 16:35

(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ រដ្ឋាភិបាលកម្ពុជាបានប្រមូលចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធបាន​ ចំនួន ១៦ ៥៣៧ ២០៦ លានរៀល ឬប្រមាណជាង៤ពាន់លានដុល្លារអាម៉េរិកកើនឡើង៦.៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥​ ដែលតួលេខនេះស្មើនឹង ៥៥.៥% នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។

យោងតាម​របាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុបានឱ្យ​​ថា ការប្រូមចំណូលសារពើពន្ធបានរួមចំណែកយ៉ាងសំខាន់ ដោយសម្រេចបាន ១៤ ៥០៤ ៩០៤ លានរៀល (ប្រមាណជាង ៣.៥ពាន់លានដុល្លារ) ស្មើនឹង ៥៧.២%នៃច្បាប់ហិរញ្ញវត្ថុ។ ការកើនឡើងនេះកើតចេញពីការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ រួមទាំងការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអាករលើការនាំចេញខ្សាច់។

​ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់បន្ថែមថា «ជារួមចំណូលសារពើពន្ធក្នុងឆ្នាំ ២០២៦ នេះ គឺអនុវត្តបានខ្ពស់ជាងឆ្នាំ ២០២៥ ធៀបនឹងរយៈពេល ៦ខែ ដើមឆ្នាំដូចគ្នា ដោយសារការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការមុតស្រួចក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអាករលើការនាំចេញខ្សាច់បន្ត មានសកម្មភាពល្អ។ ទន្ទឹមគ្នានឹងការកើនឡើងនៃប្រភពចំណូលមួយចំនួន​ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីក្នុងក្របខ័ណ្ឌអាស៊ាន និងរវាងអាស៊ាន ជាមួយនឹងដៃគូអាស៊ានផ្សេងទៀត និងការលើកទឹកចិត្តពន្ធ និងអាករសម្រាប់គម្រោងវិនិយោគ និងវិស័យអាទិភា​​ពនានា ក៏ធ្វើឱ្យប៉ះពាល់ដល់ចំណូលដែលត្រូវប្រមូលដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មួយផ្នែកផងដែរ»។

ទោះជាយ៉ាងណាក៏ដោយ ចំណូលមិនមែនសារពើពន្ធបានថយចុះបន្តិច ដោយអនុវត្តបានចំនួន ១ ៧៨៧ ៩០១ លានរៀល (ប្រមាណជាង ៤៤២លានដុល្លារ) ស្មើនឹង ៤៦.៣% នៃច្បាប់ហិរញ្ញវត្ថុ ដែលទាបជាង ៥.២ពិន្ទុភាគរយ ធៀបនឹងឆ្នាំ២០២៥។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប៉ាន់ស្មានថា រហូតដល់ដំណាច់ឆ្នាំ ២០២៦ ចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ អាចនឹងសម្រេចបាន ១០២.៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៦ ពោលគឺខ្ពស់ជាងច្បាប់ចំនួន ២.៤%។ ​តាមការវាយតម្លៃនេះ ចំណូលចរន្តនឹងសម្រេចបានខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ១៧១លានដុល្លារអាម៉េរិក ដោយសារចំណូលពន្ធដារអាចសម្រេចបាន ខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ៧១លានដុល្លារអាម៉េរិក និងចំណូលគយអាចខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ៨០ លានដុល្លារអាម៉េរិក និងចំណូលមិនមែនសារពើពន្ធនឹងសម្រេចខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុប្រមាណ ២០លានដុល្លារអាម៉េរិក៕