ធានាគុណភាព! Intertek ចុះអនុស្សរណៈយោគយល់គ្នាជាមួយ BVM Petroleum លើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ, រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព
29-08-2026 15:12
(ភ្នំពេញ)៖ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) និងក្រុមហ៊ុន Intertek បានចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ សម្រាប់ការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ ក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
ក្រោមកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តនេះ ក្រុមហ៊ុន Intertek ដែលជាក្រុមហ៊ុនឈានមុខគេមួយលើពិភពលោក ក្នុងការផ្តល់សេវាកម្មផ្ទៀងផ្ទាត់គុណភាពគ្រប់ជ្រុងជ្រោយ នឹងដើរតួនាទីជាស្ថាប័នឯករាជ្យ ក្នុងការត្រួតពិនិត្យ វាយតម្លៃ និងផ្ទៀងផ្ទាត់ប្រេងឥន្ធនៈ ដើម្បីធានាដល់គុណភាពនៃប្រេងរបស់ ប៊ីវីអឹម។
កិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តនេះ គឺជាកិច្ចប្រឹងប្រែងរបស់ ប៊ីវីអឹម ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តល់ជូននូវប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ និងអនុលោមតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងពង្រឹងទំនុកចិត្តរបស់អតិថិជនទៅលើគុណភាព និងស្តង់ដានៃផលិតផលប្រេងឥន្ធនៈដែលផ្គត់ផ្គង់នៅតាមស្ថានីយ ប៊ីវីអឹម ក៏ដូចជាអតិថិជនទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោកស្រី ស៊ូ សុភីវ៉ាន់ អគ្គនាយិកាប្រតិបត្តិ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានថ្លែងថា «គុណភាពប្រេងឥន្ធនៈ គឺជាកត្តាសំខាន់បំផុត សម្រាប់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងសម្រាប់ការអភិវឌ្ឍរយៈពេលវែងនៃវិស័យប្រេងឥន្ធនៈ។ សម្រាប់ ប៊ីវីអឹម ការចាប់ដៃគូជាមួយក្រុមហ៊ុន Intertek មិនមែនគ្រាន់តែជាគំនិតផ្តួចផ្តើម ផ្នែកបច្ចេកទេស ដើម្បីធានាគុណភាពប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់អាទិភាពដល់អ្នកប្រើប្រាស់ ការការពារគុណភាពផលិតផល និងការកសាងទំនុកចិត្តដ៏រឹងមាំចំពោះអតិថិជន និងដៃគូអាជីវកម្ម»។
លោកស្រី បានបន្តថា «ឆន្ទៈមួយនេះគឺស្របគ្នាទាំងស្រុង ទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការតម្រង់ទិស និងពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក ពិសេសគឺគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ ជំរុញគុណភាព ធានាការប្រកួតប្រជែងដោយស្មោះត្រង់ និងកសាងទំនុកចិត្តឱ្យកាន់តែរឹងមាំចំពោះផលិតផល និងអាជីវកម្មនៅកម្ពុជា»។
លោក Chee Teck Ang, តំណាងក្រុមហ៊ុន Intertek កម្ពុជា បានថ្លែងថា «សង្វាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈដែលមានភាពរឹងមាំ ប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចទំនើប។ ប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ គឺជាកម្លាំងជំរុញដ៏ចាំបាច់សម្រាប់វិស័យដឹកជញ្ជូន ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការធានាឱ្យបានថាផលិតផលប្រេងឥន្ធនៈដែលបំពេញតាមលក្ខណៈបច្ចេកទេស និងស្តង់ដារដែលបានកំណត់ គឺមិនត្រឹមតែជាការពង្រឹងទំនុកចិត្តក្នុងសកម្មភាពពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមលើកកម្ពស់ សុវត្ថិភាពសាធារណៈ ការប្រកួតប្រជែងដោយស្មើភាព ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ព្រះរាជាណាចក្រកម្ពុជា ផងដែរ»។
ក្នុងន័យនេះ លោកសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូយុទ្ធសាស្ត្ររវាង Intertek និង BVM នឹងអាចរួមចំណែកយ៉ាងសំខាន់ ដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា មិនត្រឹមតែតាមរយៈការលើកកម្ពស់គុណភាព នៃការអនុវត្តអាជីវកម្ម និងការពង្រឹងប្រព័ន្ធធានាគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការកសាង និងអភិវឌ្ឍ វិស័យប្រេងឥន្ធនៈ ដែលមានសុវត្ថិភាព តម្លាភាព ប្រសិទ្ធភាព ភាពជឿជាក់ខ្ពស់ និងទទួលបានការទទួលស្គាល់ក្នុងកម្រិតអន្តរជាតិ ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន BVM ជាពិសេសការបោះជំហានយុទ្ធសាស្ត្រក្នុងការពង្រឹងគុណភាពប្រេងឥន្ធនៈ តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន Intertek ដែលជាក្រុមហ៊ុនឯកទេសល្បីឈ្មោះ។
ទន្ទឹមគ្នានេះ លោកស្រីបានថ្លែងអំណរគុណ ដល់ក្រុមហ៊ុននាំចូល និងចែកចាយប្រេងឥន្ធនៈទាំងអស់ ចំពោះកិច្ចសហការ និងស្មារតីបត់បែនខ្ពស់ក្នុងការចូលរួមដោះស្រាយវិបត្តិ ជាមួយរាជរដ្ឋាភិបាលកន្លងមក។
លើសពីនេះ លោកស្រីរដ្ឋមន្រ្តីបានជំរុញ ក្រុមហ៊ុននាំចូល និងចែកចាយប្រេងឥន្ធនៈ បន្តផ្តល់នូវកិច្ចសហការដ៏ល្អប្រសើរ និងជិតស្និទ្ធ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការធានានូវនិរន្តរភាព នៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងហ្គាស និងបន្តអនុវត្តយ៉ាងគត់មត់តាមសេចក្តីណែនាំបច្ចេកទេស និងសេចក្តីជូនដំណឹងអំពីថ្លៃលក់រាយ ចេញដោយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ។
ចំណែកក្រុមហ៊ុននាំចូល និងចែកចាយប្រេងឥន្ធនៈ រួមទាំងគ្រប់ស្ថានីយ និងដេប៉ូនៅ ក្នុងបណ្តាញចែកចាយរបស់ខ្លួន អនុវត្តឱ្យបានគត់មត់នូវបទដ្ឋានបច្ចេកទេសនិងគុណភាព សំដៅធានាបាននូវការប្រកួតប្រជែងដោយស្មើភាព យុត្តិធម៌ សុចរិតភាព និងធានាបាននូវកិច្ចការពារអ្នកប្រើប្រាស់ អនុលោមតាមច្បាប់និងបទដ្ឋានគតិយុត្តិជាធរមាន
បន្ថែមពីនេះ លោកស្រីរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើធុរកិច្ចដោយសុចរិតភាព ការប្រកួតប្រជែងដោយស្មើភាព ការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ និងបានណែនាំឱ្យក្រុមហ៊ុន BVM និង Intertek អនុវត្ត MoU នេះឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព៕














