* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

CSX: ទីផ្សារភាគហ៊ុនកម្ពុជា កាន់តែមានភាពរស់រវើក ជាមួយនឹងកំណើនយ៉ាងរឹងមាំ

03-09-2026 15:34

(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានអះអាងថា នៅក្នុងខែសីហា ឆ្នាំ២០២៦ ស្ថានភាពទីផ្សារនៅផ្សារមូលបត្រកម្ពុជា (ផមក) ទទួលបានការចាប់អារម្មណ៍ និងការចូលរួមយ៉ាងផុសផុល ដោយសកម្មភាពជួញដូរ ទំហំទឹកប្រាក់ និងថ្លៃភាគហ៊ុន បានបន្តកើនឡើងយ៉ាងគំហុក បើទោះបីជា រដូវកាលនៃការចែកភាគលាភប្រចាំឆ្នាំត្រូវបានបញ្ចប់ក៏ដោយ។

១. សន្ទស្សន៍ទីផ្សារហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ និងសន្ទនីយភាពកើនឡើងគួរឱ្យកត់សម្គាល់

នៅក្នុងខែសីហានេះ សន្ទស្សន៍ ផមក បានបិទនៅកម្រិត ៥៤១,០២ ពិន្ទុ ដោយកើនឡើង ១៨% ក្នុងខែសីហានេះ ឬកើនឡើងជិត ២៨% គិតចាប់ពីដើមឆ្នាំមក។ ជាពិសេស នៅថ្ងៃទី២៦ ខែសីហា សន្ទស្សន៍បានហក់ឡើងដល់ ៥៦០,០៩ ពិន្ទុ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៤ ឆ្នាំចុងក្រោយ (គិតចាប់តាំងពីខែមីនា ឆ្នាំ ២០២២)។ លើសពីនេះ ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងខែសីហា បានកើនឡើងដល់ ៣.១៧៥ លានរៀល (ជិត ៨០ម៉ឺនដុល្លារអាមេរិក) ដែលកើនឡើង ប្រមាណជិត ៣០០% បើធៀបនឹងទំហំជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៧ខែដំបូង ក្នុងឆ្នាំ ២០២៦ នេះ។

សន្ទុះកើនឡើងជាវិជ្ជមាននេះ បណ្ដាលមកពីកត្តាសំខាន់ៗមួយចំនួនដូចជា៖ ថ្លៃភាគហ៊ុននៅមានភាពទាក់ទាញធៀបនឹងសក្តានុពលនិងមូលដ្ឋានគ្រឹះនៃអាជីវកម្ម អត្រាទិន្នផលភាគលាភឆ្នាំកន្លងមកមានលក្ខណៈល្អប្រសើរ ស្របពេលដែលលទ្ធផលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចុះបញ្ជីនីមួយៗមានភាពវិជ្ជមាន និងមានកំណើនល្អក្នុងត្រីមាសទី២ ២០២៦នេះ។ លើសពីនេះទៅទៀត ការកើនឡើងនៃសន្ទនីយភាពនេះ ក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់វិនិយោគិន ស្ថាប័ន ដែលបានរួមចំណែកក្នុងការបង្កើនទំនុកចិត្ត ពង្រីកសក្តានុពលរីកចម្រើន និងសុទិដ្ឋិនិយមចំពោះទីផ្សារទាំងមូល។

២. ការកើនឡើងនូវគណនីជួញដូរថ្មី និងកំណត់ត្រាថ្មីនៃចំនួនវិនិយោគិនសកម្ម

ចំនួននៃការបើកគណនីជួញដូរថ្មី ក្នុងខែសីហានេះមានរហូតដល់ ២.០០៦ គណនី ដែលកំណើនយ៉ាងគំហុកនេះ បានបង្ហាញពីការយល់ដឹងកាន់តែទូលំទូលាយ និងចំណាប់អារម្មណ៍របស់សាធារណជន អំពីឱកាសបង្កើតប្រាក់ចំណូលបន្ថែមតាមរយៈការវិនិយោគភាគហ៊ុន។ ស្របពេលដែលសន្ទនីយភាពទីផ្សារកើនឡើង ការចូលរួមរបស់វិនិយោគិនក៏បានបំបែកកំណត់ត្រាថ្មីៗគួរឱ្យកត់សម្គាល់ផងដែរ។

ក្នុងខែសីហានេះ ចំនួនវិនិយោគិនសកម្ម (វិនិយោគិនដែលបានជួញដូរជោគជ័យយ៉ាងតិចម្តង) បានកើនឡើងរហូតដល់ ៧.៩០១ នាក់ ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ តួលេខនេះបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់វិនិយោគិនថ្មី ពិសេសការវិលត្រឡប់ចូលទីផ្សារយ៉ាងក្លៀវក្លារបស់វិនិយោគិនចាស់ ដើម្បីវិនិយោគបន្ថែម និងទាញយកផលចំណេញពីទីផ្សារ។

ទិន្នន័យជាក់ស្តែងខាងលើគឺជាសក្ខីភាព បញ្ជាក់ពីសក្តានុពលរីកចម្រើនយ៉ាងរឹងមាំនៃទីផ្សារមូលបត្រកម្ពុជា។ កំណើននៃការចូលរួមរបស់វិនិយោគិន គឺជាកាតាលីករដ៏សំខាន់ដែលជំរុញឱ្យ ផមក បន្តពង្រីកសេវាកម្ម អភិវឌ្ឍផលិតផលហិរញ្ញវត្ថុថ្មីៗ និងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបម្រើផលប្រយោជន៍វិនិយោគិនឱ្យកាន់តែសម្បូរបែប៕