* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ចិន, ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្តេជ្ញាដោះស្រាយ​រាល់បញ្ហារបស់វិស័យឯកជន ​ឱ្យបានសមស្រប និងទាន់ពេលវេលា (Video inside)

03-09-2026 16:17

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយនិងលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញសហធិបតីដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន ក្នុងគោលបំណងដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច កសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចចិន សំដៅជំរុញឱ្យមានការពង្រីកវិសាលភាពវិនិយោគបន្ថែម និងទាក់ទាញការវិនិយោគថ្មីៗទៀតមកកម្ពុជា។

កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន បានផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន៖ ការពិនិត្យលើបច្ចុប្បន្នភាព និងវឌ្ឍនភាពការងារ តាមរយៈការវាយតម្លៃរួមគ្នាលើស្មារតីដែលបានដាក់ចេញនៅក្នុងកិច្ចសន្ទនាលើកទី១, ការពិភាក្សាលើបច្ចុប្បន្នភាពស្តីពីគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា, ការចូលរួមមតិយោបល់ បញ្ចេញទស្សនៈ និងសំណូមពរពីតំណាងក្រុមហ៊ុនសហគ្រាសចិន ភ្ជាប់ជាមួយការឆ្លើយតប បកស្រាយពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, និងការកំណត់ និងដាក់ចេញនូវទិសដៅការងារបន្ត។

នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ទៅកាន់លោកឯកអគ្គរដ្ឋទូត, ទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ចនិងទំនាក់ទំនងពាណិជ្ជកម្ម នៃស្ថានទូតចិន, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាសមាជិក ក.អ.ក., ថ្នាក់ដឹកនាំ ក.អ.ក. ក៏ដូចជាវិនិយោគិន ធុរជន និងតំណាងក្រុមហ៊ុនសហគ្រាសចិនទាំងអស់ ដែលមានវត្តមានចូលរួមក្នុងជំនួបសន្ទនាដ៏មានសារៈសំខាន់នាព្រឹកនេះ។ ឆ្លៀតក្នុងឱកាសនេះលោកបានរំលឹកអំពីផ្លែផ្កានៃកម្មវិធី «Open Day with DPM» លើកទី១ ដែលទើបតែបានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែកញ្ញា កន្លងទៅថ្មីៗ។

តាមរយៈជំនួបផ្ទាល់ជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនចំនួន ២០ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទទួលស្ដាប់ដោយយកចិត្តទុកដាក់នូវរាល់កង្វល់ បញ្ហាប្រឈម និងតម្រូវការជាក់ស្តែង ហើយបានប្តេជ្ញានាំយកនូវរាល់បញ្ហាទាំងនោះទៅពិភាក្សា និងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងទាន់ពេលវេលា។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ជាថ្មីអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីកម្ពុជា ដើម្បីធានាបាននូវបរិយាកាសធុរកិច្ចប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។ ក្នុងស្មារតីនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ ដែលជាសក្ខីភាពស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់របស់កម្ពុជាក្នុងក្របខ័ណ្ឌតំបន់ និងជាអន្តរជាតិ។

លើសពីនេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកអំពីលទ្ធផលវិជ្ជមានដែលទទួលបានពីបេសកកម្មគោះទ្វារវិនិយោគនៅតាមបណ្តាប្រទេសនានាកន្លងមក ព្រមទាំងបានគូសបញ្ជាក់អំពីផែនការក្នុងការដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញការវិនិយោគនៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងទីក្រុង Xiamen និង Shenzhen នាពេលឆាប់ៗខាងមុខ ដើម្បីបន្តកៀរគរទុនវិនិយោគបន្ថែម និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។

នាឱកាសនោះដែរលោក Wang Wenbin បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក.អ.ក. ចំពោះការផ្តល់កិច្ចគាំទ្រពេញទំហឹង និងការយកចិត្តទុកដាក់រៀបចំ «កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន» ប្រកបដោយលទ្ធផលផ្លែផ្កា និងទទួលបានជោគជ័យត្រចះត្រចង់ សបញ្ជាក់ ពីមិត្តភាពដ៏ស្មោះត្រង់និងរឹងមាំ ជាមួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌ «សហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល»។

ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា តាមរយៈការផ្លាស់ប្តូរមតិយោបល់ប្រកបដោយស្មារតីស្ថាបនានៅក្នុងកិច្ចសន្ទនាលើកទី១ ស្ថានទូតមានសេចក្តីរីករាយដោយបានកត់សម្គាល់ឃើញថា សំណូមពរនិងបញ្ហាប្រឈមមួយចំនួនធំ ដែលវិស័យឯកជនចិនបានលើកឡើង ត្រូវបានយកចិត្តទុកដាក់ដោះស្រាយបានទាន់ពេលវេលា ដោយភាពសមស្រប និងមានប្រសិទ្ធភាពខ្ពស់ ដែលនេះឆ្លុះបង្ហាញឱ្យឃើញពីតម្លៃយ៉ាងធំធេង នៃការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំគាំទ្រការវិនិយោគពីវិស័យឯកជន។

តាមរយៈកិច្ចសន្ទនាដោយភាពស្មោះត្រង់ ក្នុងស្មារតីសហការខ្ពស់លោកឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញការវាយតម្លៃដែលមានន័យក្នុងទិសដៅរួមថា «កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន» មិនត្រឹមតែជាយន្តការពិគ្រោះយោបល់ និងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្ពានចម្លងយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការរឹតចំណងមិត្តភាពដែកថែប និងពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជានិងចិន ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ។

ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលផ្លែផ្កាដែលទទួលបានពីយន្តការនៃកិច្ចសន្ទនានេះ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្ម បង្កើនទំហំវិនិយោគទ្វេភាគី លើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពអំណោយផល និងឆ្លើយតបបានទាន់ពេលវេលា សំដៅនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង និងការអភិវឌ្ឍប្រកបដោយចីរភាពជូនដល់ប្រជាជន និងប្រទេសទាំងពីរ៕