ប្រតិភូរដ្ឋបាលសារពើពន្ធ SGATAR ភ្ញាក់ផ្អើលចំពោះសមិទ្ធផលនៃការធ្វើកំណែទម្រង់ពន្ធដារកម្ពុជា ដែលបានពង្រឹងស្មារតីបង់ពន្ធ និងកសាងទំនុកចិត្តពីអ្នកជាប់ពន្ធ
08-09-2026 22:05
(សិង្ហបុរី)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលសារពើពន្ធសិង្ហបុរី, លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៥ នៃក្រុមសិក្សា និងស្រាវជ្រាវនៃរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក (SGATAR) នៅប្រទេសសិង្ហបុរី រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចពិភាក្សា នាថ្ងៃទី១នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៥ នៃក្រុមសិក្សា និងស្រាវជ្រាវនៃរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក (SGATAR) បានផ្តោតលើប្រធានបទ «ការពង្រឹងស្មារតីនៃការបង់ពន្ធ និងការកសាងទំនុកចិត្តពីអ្នកជាប់ពន្ធ (Strengthening Tax Morale and Building Trust)»។
ក្នុងកិច្ចប្រជុំនេះ លោក គង់ វិបុល បានចែករំលែកបទពិសោធន៍នៃការអនុវត្តវិធានការនានា ដែលរដ្ឋបាលសារពើពន្ធ បាននិងកំពុងអនុវត្តនៅប្រទេសកម្ពុជា ដើម្បីពង្រឹង និងបង្កើនទំនុកចិត្តរបស់អ្នកបង់ពន្ធលើប្រព័ន្ធពន្ធដារ តាមរយៈការកែទម្រង់រដ្ឋបាលសារពើពន្ធ ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការធ្វើបរិវត្តកម្មឌីជីថល, ការធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្ដល់សេវា ជូនអ្នកជាប់ពន្ធប្រកបដោយប្រសិទ្ធភាព តម្លាភាព និងរក្សាសុវត្ថិភាពទិន្នន័យជូនអ្នកជាប់ពន្ធ, និងការពង្រឹងភាពអាចប៉ាន់ប្រមាណបាន ព្រមទាំងការបន្តកិច្ចសហការល្អ និងភាពជាដៃគូជាមួយវិស័យឯកជន។
តាមរយៈបទបង្ហាញដោយបណ្ដារដ្ឋបាលសារពើពន្ធជាសមាជិក SGATAR បានបង្ហាញថា គំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់កន្លងមករបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ក្នុងការកសាងទំនុកចិត្ត និងពង្រឹងអនុលោមភាពសារពើពន្ធ គឺស្របតាមនិន្នាការ និងឧត្តមានុវត្តជាអន្តរជាតិ ដែលបាននិងកំពុងអនុវត្តដោយរដ្ឋបាលសារពើពន្ធ ក្នុងតំបន់ និងអន្តរជាតិ។
លោករដ្ឋមន្ត្រី គង់ វិបុល បទបង្ហាញដោយចែករំលែកនូវបទពិសោធន៍នៃការធ្វើកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដោយពង្រឹងនូវក្រមសីលធម៌ និងកសាងទំនុកចិត្តផ្នែកពន្ធ ដោយការធ្វើទំនើបកម្មតាមរយៈប្រព័ន្ធឌីជីថល ជូនដល់អ្នកជាប់ពន្ធឱ្យកាន់តែងាយស្រួលក្នុងការបង់ពន្ធ។
បន្ថែមលើសពីនេះ អគ្គនាយកដ្ឋានពន្ធដាររៀបចំនូវវេទិកាវិស័យរដ្ឋ និងឯកជន ដើម្បីជជែកដោះស្រាយបញ្ហានានាដែលវិស័យឯកជនជួបប្រទះ បន្ថែមពីលើការវេទិកាពន្ធដារប្រចាំឆ្នាំនានា ជាមួយវិស័យឯកជន ហើយថែមបង្កើតកម្មវិធី Live Show តាមរយៈហ្វ៊េសប៊ុកផេកផ្លូវការ ដើម្បីពន្យល់ជូនអ្នកជាប់ពន្ធឱ្យបានកាត់ជ្រួតជ្រាបអំពីកាតព្វកិច្ចពន្ធ។
អ្វីដែលចាប់អារម្មណ៍ បទបង្ហាញរបស់លោករដ្ឋមន្ត្រីប្រតិភូ គង់ វិបុល ដែលបានចែករំលែកនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៥ ថ្ងៃទី១ បានធ្វើឱ្យប្រតិភូរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក មានការភ្ញាក់ផ្អើល ចំពោះសមិទ្ធផលនៃកំណែទម្រង់របស់រដ្ឋបាលសារពើពន្ធកម្ពុជា ដែលជាគំរូមួយជួយសមាជិក SGATAR អាចរៀនសូត្រតាម៕















