* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុបចំនួន ២៨ ដោយកៀរគរបានមូលធន​ប្រមាណ ៧២០ លានដុល្លារ

10-09-2026 15:18

(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហាញពីសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយគិតមកដល់​ខែកញ្ញា ឆ្នាំ២០២៦នេះ ទទួលបានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៨ បានកៀរគរមូលធនេពីទីផ្សារបានប្រមាណ៧២០ លានដុល្លារអាមេរិក​ ស្របពេលទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមសម្រាប់៨ខែឆ្នាំ២០២៦ បានកើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ ២០២៥។ ​

​ទន្ទឹមនឹងភាពរីកចម្រើននេះ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ផ្សារមូលបត្រកម្ពុជា ​បានរៀបចំពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី​ ក្រោមអធិបតីភាព លោកបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, លោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC), លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី រួមទាំងតំណាងក្រសួងស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

លោ​កបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបបានសម្តែងការអបអរសាទរជូន គណៈគ្រប់គ្រង និង បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ដែលសម្រេចបាននូវការបោះផ្សាយ និង ចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពមានបុគ្គលធានា ក្រោមទឹកប្រាក់សរុប ២០ លានដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ ៥,៧៥% សម្រាប់រយៈពេល ៥ ឆ្នាំ ។ លោកបណ្ឌិតសភាចារ្យ បានគូសរំលេចថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ធ្លាប់បានកៀរគរទុនលើកទី១ ពីទីផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ ២០១៩ ក្នុងទំហំទឹកប្រាក់សរុប ២០ លានដុល្លារអាមេរិក, ហើយពេលនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ បានវិលត្រលប់ និងជ្រើសរើសនូវប្រភពទុនពីទីផ្សារមូលបត្រជាថ្មីម្តងទៀត (ជាលើកទី២)​ ដែលទាំងពីរលើក គ្រឹះស្ថាននេះបានកៀរគរមូលធនសរុបប្រមាណ ៤០ លានដុល្លារអាមេរិក ។

លោកបណ្ឌិតសភាចារ្យ បាន​បន្ថែមថា ការចូលក្នុងផ្សារមូលបត្រ បានបង្ហាញយ៉ាងច្បាស់អំពីរូបភាពល្អចំនួន៣គឺ១. តម្លាភាព និង អភិបាលកិច្ចដ៏រឹងមាំ តាមរយៈការអនុញ្ញាតឱ្យចុះបញ្ជីផ្លូវការពីនិយ័តករមូលបត្រកម្ពុជា និង ផ្សារមូលបត្រកម្ពុជា បានបញ្ជាក់អំពីអនុលោមភាពផ្លូវច្បាប់, ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ និង ស្ថិរភាពប្រតិបត្តិការខ្ពស់ របស់ក្រុមហ៊ុនបោះផ្សាយ, ទី២. ទំនុកចិត្តពីវិនិយោគិន ដោយការទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់វិនិយោគិនជាតិ និង អន្តរជាតិ ស្តែងឱ្យឃើញអំពីជំនឿទុកចិត្តលើ ចក្ខុវិស័យ និង និរន្តរភាពនៃការីកចម្រើនរបស់ក្រុមហ៊ុនបោះផ្សាយ​ និង ទី៣. ការរួមចំណែកអភិវឌ្ឍទីផ្សារមូលធនកម្ពុជា ដែលការចូលរួមរបស់ក្រុមហ៊ុនបោះផ្សាយ ជួយបង្កើនទំហំជួញដូរ និង ផ្តល់នូវជម្រើសវិនិយោគចម្រុះ ប្រកបដោយសុវត្ថិភាព និង មានផលតបស្នងសមរម្យ ជូនវិនិយោគិនសាធារណៈ និង វិនិយោគិនស្ថាប័ន ។

លោក ស៊ូ សុជាតិ បានមានប្រសាសន៍ថា សមិទ្ធផលនាថ្ងៃនេះ កើតចេញពីការរួមចំណែករបស់ CGCC ដែលបានធ្វើជាបុគ្គលធានាមូលបត្របំណុលរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី​ ហើយការផ្ដល់ការលើកកម្ពស់ឥណទាន (Credit Enhancement) តាមរយៈការធានានេះ បានដើរតួនាទីយ៉ាងសំខាន់ជា«ខែលការពារហានិភ័យ» ក្នុងការកាត់បន្ថយផលប៉ះពាល់ពីឥណទានមិនដំណើរការ (NPL) ដែលអាចប៉ះពាល់ដល់លទ្ធភាពរបស់គ្រឹះស្ថាន ក្នុងការទូទាត់សងការពារប្រាក់ដើម និង ការប្រាក់ជូនវិនិយោគិន ។ ការចូលរួមធានាមូលបត្របំណុលពី CCC មិនត្រឹមតែជួយកសាង និង បង្កើនទំនុកចិត្តខ្ពស់ ដល់វិនិយោគិនសាធារណៈប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងជាជំហានឈានមុខដ៏សំខាន់មួយ ក្នុងការលើកកម្ពស់កម្រិតឥណទានទីផ្សារ (Market Credit) និង ការបើកទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់ទីផ្សារមូលធនកម្ពុជា ដែលស្ថាប័នធានាឥណទានក្នុងស្រុក បានដើរតួនាទីក្នុងការគាំទ្រដល់ការបោះផ្សាយមូលបត្របំណុល នៅលើទីផ្សារមូលបត្រកម្ពុជា។

លោក ហុង សុហួរ បានឱ្យដឹងថា គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៨ បានកៀរគរទុនសរុបប្រមាណ ៧២០ លានដុល្លារអាមេរិក រួមមានក្រុមហ៊ុនចំនួន ១២ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និង ក្រុមហ៊ុនចំនួន ១៦ ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម ។ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមគិតត្រឹម ៨ ខែ ឆ្នាំ ២០២៦ មានប្រមាណជាង ២៣ ម៉ឺនភាគហ៊ុន កើនឡើងជិត ១៥០% បើធៀបនឹងឆ្នាំ២០២៥, ហើយទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ ៣០ ម៉ឺនដុល្លារអាមេរិក ។ សម្រាប់ខែសីហាកន្លងទៅនេះ, បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម បានកើនឡើងគំហុកដល់ជាង ៥៨ ម៉ឺនភាគហ៊ុនក្នុងមួយថ្ងៃ និង ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ ៨០ ម៉ឺនដុល្លារអាមេរិក ។ ដោយឡែក, ចំនួនគណនីជួញដូរមានការកើនឡើង រហូតដល់ប្រមាណ ៨២ ០០០ គណនី ។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) បានមានប្រសាសន៍ថា មូលបត្របំណុលចីរភាពនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលមូលនិធិរយៈពេលវែង សម្រាប់គាំទ្រគម្រោង និង សកម្មភាពដែលផ្តល់ប្រយោជន៍ជាក់ស្តែងដល់បរិស្ថាន និង សង្គម, ហើយការបោះផ្សាយមូលបត្របំណុលនេះ បង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អិលអូអិលស៊ី ក្នុងការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ស្របតាមគោលការណ៍បរិស្ថាន សង្គម និង អភិបាលកិច្ច (ESG), និង ការចូលរួមគាំទ្រគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល ។ មូលនិធិដែលទទួលបានពីការបោះផ្សាយមូលបត្របំណុលចីរភាពនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការផ្តល់ហិរញ្ញប្បទាន ដល់គម្រោងដែលគាំទ្រផ្នែកបរិស្ថានប្រមាណ ២០% និង ផ្នែកសង្គមប្រមាណ ៨០%។

លោកបណ្ឌិតសភាចារ្យ ប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ចំពោះគ្រប់តួអង្គពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការល្អ និង ផ្តល់ការគាំទ្រ ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា។ លោកបណ្ឌិតសភាចារ្យ បានគូសរំលេចថា ភាពជោគជ័យរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ក៏ដូចជា បណ្តាក្រុមហ៊ុននានាដែលបានចុះបញ្ជី (ទាំងមូលបត្រកម្មសិទ្ធិ និង មូលបត្របំណុល) អាចសម្រេចទៅបាន គឺកើតចេញពីការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងនិយ័តករមូលបត្រកម្ពុជា, ផ្សារមូលបត្រកម្ពុជា, ក្រុមហ៊ុនមូលបត្រ​ ភ្នាក់ងារផ្តល់សេវាមូលបត្រ​ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ និង វិនិយោគិន។

​លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា ការចូលរួមរបស់វិស័យឯកជន ជាពិសេស សហគ្រាសក្នុងស្រុក និងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងផ្សារមូលបត្រកម្ពុជា ពិតជាបានរួមចំណែកដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុ និង ការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ដើម្បីឈានទៅជាជន្ទល់នៃកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព។

ផ្សារមូលបត្រកម្ពុជា នឹងបន្តចូលរួមគាំទ្រ និង ជំរុញការលូតលាស់នៃសហគ្រាសធុនតូច និង មធ្យម ក្នុងគោលដៅរួមចំណែកដល់កំណើនអាជីវកម្ម/ធុរកិច្ចក្នុងស្រុក ព្រមទាំងជំរុញការពង្រីកខ្សែច្រវាក់ផលិតកម្ម និង បង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល និង ឈានជើងចូលទីផ្សារតំបន់។

លោកបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់សហគ្រិនទាំងអស់ សូមគិតគូរ និង ផ្សារភ្ជាប់អាជីវកម្មរបស់ខ្លួន ទៅនឹងការរីកលូតលាស់នៃទីផ្សារមូលបត្រកម្ពុជា, ជាពិសេស ត្រូវខិតខំទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការកៀរគរទុនជាសាធារណៈ និង ការធ្វើពិពិធកម្មប្រភពទុន តាមរយៈទីផ្សារមូលបត្រកម្ពុជា ជំរុញឱ្យការប្រកបអាជីវកម្មបានរលូន និង រីកចម្រើនប្រកបដោយចីរភាព៕