ឧកញ៉ា ឡាយ ឈុនហួ៖ ការបើកផ្លូវដឹកជញ្ជូនតាមផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករទៅកាន់ហ្វីលីពីន ជួយឱ្យអ្នកនាំចេញផ្សេងទៀតរៀនសូត្រតាម ដើម្បីជំរុញការនាំចេញអង្ករ ១លានតោន ឬលើស១លានតោននៅឆ្នាំបន្តបន្ទាប់
16-09-2026 18:50
(ព្រះសីហនុ)៖ ពិធីសម្ពោធដ៏សំខាន់នៃ «ការដឹកជញ្ជូនអង្ករ ១០ ០០០ តោន តាមផ្លូវទឹកដោយនាវាដឹកទំនិញរាយ» រវាងក្រុមហ៊ុន City Rice និង Dilai Trading ដើម្បីនាំចេញដោយផ្ទាល់ពីព្រះរាជាណាចក្រកម្ពុជាទៅកាន់សាធារណរដ្ឋហ្វីលីពីន បានសម្រេចជាផ្លូវការហើយ។
ពិធីនេះគឺក៏មានការអញ្ជើញចូលរួមពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាអធិបតីភាពក្នុងជាការចាប់ផ្តើមថ្មីមួយសម្រាប់វិស័យអង្ករកម្ពុជា ដោយការដឹកជញ្ជូនតាមរយៈនាវាដឹកទំនិញរាយ នឹងបង្កើនសមត្ថភាពការនាំចេញអង្ករតាមផ្លូវទឹកបន្ថែមទៀតពីលើការដឹកជញ្ជូនតាមនាវាកុងតឺន័រ។ មធ្យោបាយនេះជួយបង្កើនប្រសិទ្ធភាព បង្កើនភាពប្រកួតប្រជែងរបស់អង្ករកម្ពុជាលើទីផ្សារអន្តរជាតិ កាត់បន្ថយចំណាយនិងពេលវេលាដឹកជញ្ជូន និងធានានូវការផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ទៅទីផ្សារហ្វីលីពីនប្រកបដោយស្ថិរភាព។
ការដឹកជញ្ជូននាំចេញអង្ករកម្ពុជាតាមនាវាទំនិញរាយ គឺសម្រេចបានតាមរយៈការផ្ដល់ការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការប្រើប្រាស់កំពង់ផែស្វយ័តព្រះសីហនុ ហើយជោគជ័យនេះ គឺកើតចេញពីការសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធពីកំពង់ផែស្វយ័តព្រះសីហនុ។
ឧកញ៉ា ឡាយ ឈុនហួ អគ្គនាយក្រុមមហ៊ុន City Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ការសម្រេចនាំចេញតាមសាឡង់ ១ម៉ឺនតោនទៅកាន់ទីផ្សារហ្វីលីពីននេះគឺ ជាការជម្រុញមួយកម្រិតទៀត ដែលឈានដល់គោលដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្រ្តី ហើយការនាំចេញអង្កររាយដែលដាក់នៅតាមសាឡង់នេះគឺ ជាមធ្យោបាយថ្មីមួយទៀតសម្រាប់នាំចេញតាមកុងទ័រន័រ ដែលកន្លងមកមានការខ្វះខាតផងដែរ។
ឧកញ៉ា ឡាយ ឈុនហួ បានបញ្ជាក់ថា ក្នុងនាមជាអគ្គនាយកក្រុមហ៊ុន City Rice សូមថ្លែងអំណរគុណដល់ការជួយ ជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាដែលធ្វើឲ្យក្រុមហ៊ុនក្លាយជាក្រុមហ៊ុននាំចេញអង្ករជាលើកដំបូងទៅកាន់ប្រទេសហ្វីលីពីន ដឹកដោយសាឡង់នេះហើយសង្ឃឹមថា ការបើកផ្លូវទាំងអស់នេះធ្វើឲ្យសមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជានិងអ្នកនាំចេញផ្សេងៗធ្វើការរៀនសូត្រ ដើម្បីជំរុញការនាំចេញអង្ករ១លានតោន ឬលើស១លានតោននៅឆ្នាំបន្តបន្ទាប់ទៀត។
ឧកញ៉ា ឡាយ ឈុនហួ បានបញ្ជាក់ថា បើសិនជាគ្មានការដាក់ចេញគោលការណ៍ច្បាស់លាស់ពីប្រមុខរាជរដ្ឋាភិបាលទេ គឺយើងនឹងមិនអាចសម្រេចបានការនាំចេញ១លានតោនបាននោះទេ ហើយក្នុងនាមសហព័ន្ធស្រូវអង្ករកម្ពុជា សូមថ្លែងអំណរគុណដល់ប្រជាកសិករដែលខិតខំផលិតស្រូវបានល្អនឹងមានគុណភាព ដែលសហព័ន្ធនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការចរចារពង្រីកទីផ្សារជូនដល់កសិករ ដើម្បីបង្កើនជីវភាពកាន់តែល្អប្រសើរផងដែរ។
ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីនបានចំនួន ១២២ ១០២ តោន ដែលស្មើនឹងជាង ១៥,៤% នៃបរិមាណនាំចេញអង្ករសរុប ៧៩២ ២១២ តោន។ តាមការបញ្ជាក់របស់សហព័ន្ធអង្ករកម្ពុជា (CRF) អង្ករដែលមានកិច្ចសន្យាទិញរួចហើយសម្រាប់ខែកញ្ញា ដល់ខែធ្នូឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានបន្ថែមទៀត ៨៧ ៣៤៤ តោន ដែលនឹងធ្វើឱ្យបរិមាណនាំចេញសរុបទៅហ្វីលីពីនក្នុងឆ្នាំ២០២៦ ឈានដល់ប្រមាណ ២០៩ ៤៤៦ តោន។ នេះគឺជាការកើនឡើងដ៏ធំបើប្រៀបធៀបនឹងឆ្នាំមុនៗ ហើយជាកត្តាដ៏ធំមួយដែលរួមចំណែកក្នុងការព្យាករណ៍ឆ្ពោះទៅកាន់ការនាំចេញច្រើនជាង ១ លានតោន នៅឆ្នាំ ២០២៦ នេះដែលជាការបំបែកឯតទគ្គកម្មនាំចេញ៩៤០ ៣២១ តោនកាលពីឆ្នាំ ២០២៥ ។
សមិទ្ធផលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន ព្រមទាំងវិស័យឯកជននៃប្រទេសទាំងពីរ ក្នុងនោះក្រសួងពាក់ព័ន្ធ ដែលខិតខំជួយជ្រោមជ្រែង ការបើកទីផ្សារថ្មីនៅហ្វីលីពីន និងការតភ្ជាប់វិស័យឯកជន ដើម្បីផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមកដោយកម្ពុជាទទួលបានទីផ្សារថ្មី ហើយហ្វីលីពីនទទួលបានប្រភពអង្ករថ្មីដើម្បីចូលរួមធានាសន្តិសុខស្បៀង៕

































