ការប្រមូលទុនពីវិស័យមូលបត្រនឹងកើនដល់ ១ពាន់លានដុល្លារនៅចុងឆ្នាំ២០២៦ (Video inside)
29-09-2026 15:42
(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា ការប្រមូលទុនពីវិស័យមូលបត្រនៅកម្ពុជា នឹងកើនឡើងដល់១ ពាន់លានដុល្លារអាម៉េរិក នៅចុងឆ្នាំ២០២៦ នេះ ខណៈបច្ចុប្បន្នក្រុមហ៊ុនដែលចុះបញ្ជី ក្នុងទីផ្សារប្រមូលបានទុនជាង ៧០០លានដុល្លារសម្រាប់ពង្រីកអាជីវម្ម។
លោករំពឹងបែបនេះ គឺផ្អែកលើឆន្ទៈរបស់ក្រុមហ៊ុននានា ដែលមានផែនការចង់បោះផ្សាយមូលបត្របន្ថែម។
ថ្លែងក្នុង «វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រ ប្រចាំឆ្នាំ២០២៦»នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា ភាពជោគជ័យនៃការប្រមូលទុននេះ គឺជាសញ្ញាវិជ្ជមានមួយ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើន និងភាពទាក់ទាញនៃវិស័យមូលបត្រកម្ពុជា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុនចំនួន ២៨ បានបោះផ្សាយលក់មូលបត្រជាសាធារណៈ។ ក្នុងចំណោមក្រុមហ៊ុនទាំង ២៨ នោះ ក្រុមហ៊ុនចំនួន ១២ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ដោយប្រមូលសាច់ប្រាក់បានចំនួន ១៣៤.៨១ លានដុល្លារអាម៉េរិក។ រីឯក្រុមហ៊ុនចំនួន ១៦ ផ្សេងទៀត បានបោះផ្សាយលក់សញ្ញាបណ្ណ រួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ដោយប្រមូលសាច់ប្រាក់បានចំនួន ៥៨៥.៧៤ លានដុល្លារអាម៉េរិក។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានថ្លែងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ទំហំមូលធនូបនីយកម្មទីផ្សារបានកើនជាមធ្យមប្រមាណ ១៦.៧% ក្នុងមួយឆ្នាំ ដែលជាសញ្ញាណវិជ្ជមាននៃកំណើនសេដ្ឋកិច្ច។ ជាមួយគ្នានេះ ទីផ្សារមូលបត្រក៏មានសន្ទុះប្រកបដោយចីរភាព តាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណបៃតង (Green Bonds) និងសញ្ញាបណ្ណចីរភាព (Sustainability Bonds) ដែលមានកំណើនរហូតដល់ប្រមាណ ៨០ លានដុល្លារអាម៉េរិក។ ជាក់ស្តែងក្នុងខែកញ្ញានេះ សញ្ញាបណ្ណចីរភាព ក៏ត្រូវបានចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា និងបានប្រមូលសាច់ប្រាក់ប្រមាណ ២០លានដុល្លារអាម៉េរិក ដោយអនុលោមតាមស្តង់ដារអន្តរជាតិ។
លោកឧបនាយករដ្ឋមន្រ្តីបន្តថា ចំនួនវិនិយោគិនក្នុងទីផ្សារក៏បានកើនគួរឱ្យកត់សម្គាល់ ដោយចំនួនលេខអត្តសញ្ញាណវិនិយោគិន (Investor ID) បានកើនរហូតដល់ ៧៦ ៦៩៦ ខណៈការជួញដូរភាគហ៊ុនបានកើនលើសពី ៣ លានដុល្លារអាម៉េរិកក្នុងមួយថ្ងៃ។ លើសពីនេះ ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងនវានុវត្តន៍ផ្នែកបទប្បញ្ញត្តិ តាមរយៈយន្តការបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការចាប់យកថ្នាលឌីជីថលដូចជា CamDX, CamDigikey និង Verify.gov.kh បានធានានូវស្ថិរភាព និងសុវត្ថិភាពហិរញ្ញវត្ថុយ៉ាងរឹងមាំ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្ថែមថា វិស័យមូលបត្រមិនត្រឹមតែបំពេញតម្រូវការដើមទុន សម្រាប់ក្រុមហ៊ុន និងសហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការជំរុញនវានុវត្តន៍ បរិយាបន្ន ចីរភាព អភិបាលកិច្ចសាជីវកម្ម និងការធ្វើធុរកិច្ចប្រកបដោយតម្លាភាព និងគណនេយ្យភាពនៅកម្ពុជា៕






















