វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ ឆ្នាំ២០២៦ បើកទំព័រថ្មីសម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម មានលទ្ធភាពខ្ពស់ជាងមុន ក្នុងការទទួលបានទុន
27-10-2026 13:47
(ភ្នំពេញ)៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» ត្រូវបានបើកជាផ្លូវការនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ MSMEs ក្នុងការទទួលបានហិរញ្ញប្បទាន និងប្រភពទុនបន្ថែម។
វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB បានថ្លែងថា MSMEs គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ប៉ុន្តែបានជួបប្រទះបញ្ហាប្រឈមជាមូលដ្ឋានពីរគឺ កង្វះទុន និងទីផ្សារ។
លោកបណ្ឌិតបានគូសបញ្ជាក់ថា វេទិកានេះ មិនមែនជាវេទិកានិយាយតែទ្រឹស្តីនោះទេ ប៉ុន្តែជាវេទិកាប្រតិបត្តិជាក់ស្តែង ដែលនាំមកនូវផលប្រយោជន៍ស្នូលពីររួមមាន ទីមួយ គឺផលប្រយោជន៍នៃការទទួលបានទុន ដែលវេទិកានេះនឹងការបំបែករបាំងហិរញ្ញវត្ថុ តាមរយៈការធានាឥណទានពីរដ្ឋ ដោយក្រុមហ៊ុនសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងកញ្ចប់ឥណទានពិសេសពី ARDB និង SME Bank និង ទីពីរ គឺការបើកទូលាយទីផ្សារ សម្រាប់ផលិតផលខ្មែរ តាមរយៈការតភ្ជាប់ខ្សែច្រវាក់តម្លៃ យុទ្ធនាការ «ខ្មែរស្រឡាញ់ខ្មែរគាំទ្រផលិតផលខ្មែរ» និងការជំរុញទីផ្សារឌីជីថល។
ទន្ទឹមគ្នានេះ វេទិកានេះបានរៀបចំជំនួបពាណិជ្ជកម្ម (B2B) ដោយផ្ទាល់រវាងសហគ្រាសក្នុងស្រុក ជាមួយក្រុមហ៊ុនបញ្ជាទិញធំៗ ផ្សារទំនើប សណ្ឋាគារ និងភោជនីយដ្ឋាន ដើម្បីជំរុញការប្រើប្រាស់ផលិតផលខ្មែរ។
លោកបណ្ឌិត កៅ ថាច បន្ថែមថា «វេទិកានាថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ថារាជរដ្ឋាភិបាលកំពុង ឈរនៅក្បែរបងប្អូន ដើម្បីរួមសុខទុក្ខ និងដោះ ស្រាយបញ្ហាជាមួយបងប្អូន»។
ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានថ្លែងថា MSMEs បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលគ្រួសារ និងរួមចំណែកយ៉ាងធំធេងដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ កន្លងមកម្ចាស់សហគ្រាសភាគច្រើនតែងតែជួបប្រទះនូវ «របាំងចំបង មួយ គឺលទ្ធភាពទទួលបានហិរញ្ញប្បទាន ឬទុនបង្វិលពីស្ថាប័នហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវកម្ម»។
លោកបន្តថា «គោលបំណងសំខាន់ នៅក្នុងវេទិកានាពេលនេះគឺ យើងខ្ញុំចង់ប្រមូលផ្ដុំបណ្ដាធនាគារពាណិជ្ជ និងធនាគារគោលនយោបាយរបស់រដ្ឋទាំងអស់ ដើម្បីសហការគ្នារិះរកមធ្យោបាយសំរបសំរួលបន្ធូរបន្ថយលក្ខខណ្ឌវិនិច្ឆ័យផ្តល់កម្ចី ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម( MSMEs) ដែលកន្លងមកភាគច្រើនជួបនូវបញ្ហាសំខាន់ៗ ចំនួនពីរជាចំបងគឺ ខ្វះទ្រព្យបញ្ចាំ និងខូចប្រវត្តិឥណទាន (CBC) ដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ចសកល និងកូវីដ១៩ ដែលធ្វើឲ្យការសងត្រឡប់ មិនបានទៀងទាត់ ទៅអោយធនាគារនាពេលកន្លងមក ដែលតម្រូវឲ្យរាជរដ្ឋាភិបាលជួយដោះស្រាយ និងមានវិធានការ»។
នាឱកាសថ្លែងបើកវេទិកានេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs គឺជាយន្តការដ៏សំខាន់មួយ ក្នុងការផ្សារភ្ជាប់រវាងផ្នែកផ្គត់ផ្គង់ហិរញ្ញប្បទាន ដែលជាគ្រឹះស្ថានធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ, ទាំងរដ្ឋ និង ឯកជន ជាមួយផ្នែកតម្រូវការឥណទាន ដែលជាសហគ្រាសធុន មីក្រូ, តូច និង មធ្យម សំដៅជំរុញការអភិវឌ្ឍវិស័យឯកជន ដែលផ្ដោតជាសំខាន់ លើការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន ប្រកបដោយបរិយាបន្ន និង ភាពបត់បែន ដើម្បីធានាស្ថិរភាពអាជីវកម្ម, បង្កើនសមត្ថភាពប្រកួតប្រជែង និង ជំរុញសកម្មភាពសេដ្ឋកិច្ចជាតិ ឲ្យមានសម្ទុះកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការស្អិតល្មួត និង ការសម្របសម្រួលជិតស្និទ្ធ ក្នុងចំណោមក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ជាមួយនឹងវិស័យឯកជន។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្ថែមថា តាមរយៈវេទិកានេះ, ក្រសួង-សា្ថប័នពាក់ព័ន្ធ និង វិស័យឯកជន នឹងមានឱកាសដ៏ពិសិដ្ឋ សម្រាប់ផ្លាស់ប្តូរទស្សនៈ ចែករំលែកបទពិសោធ និង បន្ស៊ីគោលនយោបាយពាក់ព័ន្ធនានា សំដៅដោះស្រាយបញ្ហាប្រឈម និង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ MSMEs ជាពិសេស ការត្រៀមខ្លួនរបស់ MSMEs ឲ្យបានរួចរាល់ ក្នុងការទទួលបាននូវ ហិរញ្ញប្បទាន និង ប្រភពទុនបន្ថែម ក្នុងទំហំសមស្រប ទាន់ពេល និង ចំទិសដៅ តាមរយៈកម្ចីពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ, ទាំងរដ្ឋ និង ឯកជន ក៏ដូចជា តាមរយៈការបោះផ្សាយលក់ភាគហ៊ុន និង/ឬ មូលបត្របំណុល (សញ្ញាបណ្ណ) សម្រាប់ ក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និង បានបំពេញលក្ខខណ្ឌតម្រូវ។
ផ្អែកតាមជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិ, MSMEs បានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបានផ្តល់ការងារលើសពី ៧០% ជូនដល់ប្រជាជន ដោយមិនរាប់បញ្ចូលនូវវិស័យ កសិកម្ម ៕



























