បណ្ឌិត កៅ ថាច៖ ការដែល MSMEs ពិបាកទទួលបានឥណទាន ដោយសារការមិនយល់ពីគ្នាទៅវិញទៅមក (Video inside)
27-10-2026 17:03
(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ARDB បានលើកឡើងថា ការលំបាករបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងការទទួលបានឥណទានពីគ្រឹះស្ថានធនាគារ អាចបណ្តាលមកពីការយល់ច្រឡំ និងការខ្វះព័ត៌មានអំពីលក្ខខណ្ឌនៃការផ្តល់ឥណទាន ដោយអ្នកស្នើសុំខ្លះមិនបានស្វែងយល់ព័ត៌មានដោយផ្ទាល់ពីគ្រឹះស្ថានហិរញ្ញវត្ថុនោះទេ ប៉ុន្តែពឹងផ្អែកលើព័ត៌មានដែលឮតៗគ្នា ដែលធ្វើឱ្យខ្វះចន្លោះព័ត៌មាន និងមិនយល់ពីគ្នាទៅវិញទៅមក។
ការលើកឡើងរបស់លោកបណ្ឌិត កៅ ថាច ធ្វើឡើងក្នុងកម្មវិធីវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» ក្រោមការចូលរួមពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។
លោកបណ្ឌិត កៅ ថាច បានថ្លែងថា «គ្រឹះស្ថានធនាគារមួយចំនួនមិនត្រឹមតែផ្តល់ឥណទានដល់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សេវាគាំទ្របន្ថែមដូចជា ការបណ្តុះបណ្តាលលើការគ្រប់គ្រងហិរញ្ញវត្ថុ ការផ្តល់យោបល់ផ្នែកទីផ្សារ និងការភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញ ដើម្បីជួយឱ្យសហគ្រាសអាចអភិវឌ្ឍអាជីវកម្ម និងបង្កើនសមត្ថភាពក្នុងការសងត្រឡប់ឥណទាន»។
លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ការផ្តល់ឥណទានតែមួយមុខមិនគ្រប់គ្រាន់សម្រាប់ជំរុញការរីកចម្រើនរបស់សហគ្រាសនោះទេ ដោយត្រូវមានសេវាបច្ចេកទេស និងការគាំទ្រផ្សេងៗបន្ថែមទៀត ដើម្បីជួយឱ្យអាជីវកម្មមានលទ្ធភាពបង្កើតប្រាក់ចំណូល និងសងប្រាក់ដើម ព្រមទាំងការប្រាក់ជូនគ្រឹះស្ថានហិរញ្ញវត្ថុ។ លោកបានចាត់ទុកការគាំទ្រទាំងនេះថា ជាសេវាកម្មបន្ថែមលើការផ្តល់ឥណទាន ឬហៅថា «Beyond Credit»។
លោក កៅ ថាច បានកត់សម្គាល់ថា ករណីដែលអ្នកស្នើសុំឥណទានមួយចំនួនអះអាងថា ការទទួលបានឥណទានមានភាពស្មុគស្មាញ ឬយឺតយ៉ាវ អាចពាក់ព័ន្ធនឹងការមិនបំពេញគ្រប់លក្ខខណ្ឌ ឬការមិនបានផ្តល់ឯកសារបន្ថែមតាមការស្នើសុំរបស់ធនាគារឱ្យបានទាន់ពេលវេលា បញ្ហាទាំងនេះអាចនាំឱ្យមានការយល់ច្រឡំ និងការរិះគន់លើដំណើរការផ្តល់ឥណទាន។
លោកបានបន្ថែមថា ការរៀបចំកម្មវិធីជួបជុំ និងផ្លាស់ប្តូរព័ត៌មានរវាងភាគីពាក់ព័ន្ធ មានសារៈសំខាន់ក្នុងការជួយឱ្យសហគ្រាស និងគ្រឹះស្ថានហិរញ្ញវត្ថុយល់ពីលក្ខខណ្ឌ បញ្ហាប្រឈម និងតម្រូវការរបស់គ្នាទៅវិញទៅមកបានកាន់តែច្បាស់ ដើម្បីកាត់បន្ថយការយល់ច្រឡំ និងបង្កើនប្រសិទ្ធភាពនៃការទទួលបានឥណទាន។
លោកបណ្ឌិត កៅ ថាច បានអំពាវនាវដល់ម្ចាស់អាជីវកម្ម និងអ្នកដែលមានបំណងស្នើសុំឥណទាន ឱ្យស្វែងរកព័ត៌មានដោយផ្ទាល់ពីគ្រឹះស្ថានធនាគារដែលខ្លួនចង់ខ្ចី ជាជាងជឿតាមការនិយាយតៗគ្នា។ លោកបានលើកឡើងថា ក្នុងយុគសម័យឌីជីថល គ្រឹះស្ថានធនាគារភាគច្រើនមានទំព័របណ្តាញសង្គមផ្លូវការសម្រាប់ផ្សព្វផ្សាយព័ត៌មាន និងលក្ខខណ្ឌនៃការផ្តល់ឥណទាន ដែលអ្នកស្នើសុំអាចចូលទៅស្វែងយល់ជាមុនបាន។
លោកបានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយព័ត៌មានឱ្យបានច្បាស់លាស់ និងការស្វែងយល់ពីគ្នាទៅវិញទៅមក គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយការយល់ច្រឡំ ព្រមទាំងជួយឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម អាចស្វែងរកប្រភពទុនសមស្របសម្រាប់ពង្រីកអាជីវកម្ម និងជំរុញការរីកចម្រើនប្រកបដោយចីរភាព៕














