លោក គង់ វិបុល លើកទឹកចិត្តឱ្យភ្នាក់ងារសេវាកម្មពន្ធដារ ប្រើប្រាស់យន្តការសន្ទនា ដើម្បីដោះស្រាយបញ្ហាប្រឈម និងស្នើឱ្យប្រើប្រាស់ GDT HomeTax និង GDT Chatbot Beauramei ឱ្យបានទូលំទូលាយ
27-10-2026 18:19
(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកទឹកចិត្តភ្នាក់ងារសេវាកម្មពន្ធដារទាំងអស់ ប្រើប្រាស់យន្តការសន្ទនា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។
លោកបន្តថា អគ្គនាយកដ្ឋានពន្ធដារតែងតែចាត់ទុក ភ្នាក់ងារសេវាកម្មពន្ធដារ មិនត្រឹមតែជាអ្នកអនុវត្តច្បាប់ និងផ្តល់សេវាដល់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូដែលចូលរួមផ្តល់ធាតុចូល សម្រាប់ការកែទម្រង់រដ្ឋបាលសារពើពន្ធកម្ពុជាផងដែរ។
លោកចាត់ទុកថា បទពិសោធន៍ និងមតិយោបល់របស់បងប្អូន ដែលជាអ្នកអនុវត្តផ្ទាល់ ពិតជាមានសារៈសំខាន់សម្រាប់ អគ្គនាយកដ្ឋានពន្ធដារ ក្នុងការបន្តអភិវឌ្ឍប្រព័ន្ធ និងកម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ និងផ្ដល់សេវាជូនអ្នកជាប់ពន្ធកាន់តែល្អប្រសើរ។
ការលើកឡើងរបស់លោក គង់ វិបុល ធ្វើឡើងក្នុងសិក្ខាសាលា ស្តីពី “សិទ្ធិ កាតព្វកិច្ច និងក្រមសីលធម៌របស់ភ្នាក់ងារសេវាកម្មពន្ធដារ” នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ អគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ។
លោកអគ្គនាយកបានលើកដូច្នេះថា «ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូនប្រើប្រាស់យន្តការសន្ទនា និងកិច្ចសហការដែលមានស្រាប់រវាង អពដ. និងវិស័យឯកជន រួមទាំងយន្តការក្នុងក្របខ័ណ្ឌភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរដែលមានលក្ខណៈរួម ឬជាបញ្ហាប្រព័ន្ធ»។
ជាមួយគ្នានេះ លោក គង់ វិបុល បានបន្ថែមទៀតថា អគ្គនាយកដ្ឋានពន្ធបាន និងកំពុងបន្តជំរុញការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ, ជាក់ស្តែងកាលពីខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ពន្ធដារបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ GDT HomeTax ដែលជាកម្មវិធីឌីជីថល និងជាច្រកចេញ-ចូលតែមួយ (Single Portal) បានរៀបចំឡើងដើម្បីផ្តល់ភាពងាយស្រួល បានមួយកម្រិតទៀតជូនអ្នកបង់ពន្ធ និងភា្នក់ងារសេវាកម្មពន្ធដារផងដែរ។
បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានដាក់ចេញនូវ GDT ChatBot Beauramei ជាកម្មវិធី AI ជំនួយក្នុងការពិគ្រោះយោបល់ទៅអ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារ ដោយផ្តល់ព័ត៌មាននិងឯកសារពាក់ព័ន្ធនឹងពន្ធដារ។
ក្នុងន័យនេះ លោករដ្ឋមន្ត្រីប្រតិភូ សូមលើកទឹកចិត្តឱ្យភ្នាក់ងារសេវាកម្មពន្ធដារទាំងអស់ ចូលរួមប្រើប្រាស់ GDT HomeTax និង GDT Chatbot Beauramei ឱ្យបានទូលំទូលាយ ព្រមទាំងចូលរួមផ្តល់មតិយោបល់អំពីចំណុចខ្វះខាត បញ្ហាបច្ចេកទេស និងចំណុចដែលគួរកែលម្អបន្ថែម។
បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធដារបានរៀបចំរួចរាល់នូវប្រព័ន្ធសម្រាប់គាំទ្រដល់ការបង្វិលសងអាករលើតម្លៃបន្ថែម (VAT Refund) តាមអនឡាញ ដែលនឹងដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខ។ ប្រព័ន្ធនេះនឹងបង្កើនប្រសិទ្ធភាព តម្លាភាព និងភាពងាយស្រួលក្នុងការអនុវត្តនីតិវិធីបង្វិលសងអាករលើតម្លៃបន្ថែម៕





































































































