ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖ ការរីកចម្រើនសហគ្រាស ជួយដល់ជីវិតមនុស្សរាប់ពាន់នាក់ ផ្លាស់ប្តូរទៅរកភាពប្រសើរ និងដើម្បីអនាគតកម្ពុជា (Video inside)
28-10-2026 17:20
(ភ្នំពេញ)៖ ក្នុងគោលបំណង ដើម្បីរួមគ្នាជួយជំរុញការរីកចម្រើនសហគ្រាសនៅកម្ពុជា, ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានលើកឡើងថា ភាពរីកចម្រើនរបស់សហគ្រាសនីមួយៗ ទាំងអស់នៅក្នុងប្រទេសកម្ពុជា គឺបានជួយដល់ជីវិតមនុស្សរាប់ពាន់នាក់ ផ្លាស់ប្តូរទៅរកភាពប្រសើរ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវេទិកាថ្នាក់ជាតិ ស្តីពី ហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពីក្រោយសហគ្រាសនីមួយៗ ដែលរីកចម្រើន មានជីវិតមនុស្សដែលផ្លាស់ប្តូរទៅរកភាពប្រសើរឡើង។ ហើយនៅពីក្រោយជីវិតរាប់ពាន់នោះ គឺអនាគតរបស់កម្ពុជា»។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏បាននិយាយទៅកាន់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងបងប្អូនទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យវេទិកាថ្នាក់ជាតិនេះ កើតឡើងថា៖ «សូមបងប្អូនមានមោទនភាព ចំពោះអ្វីដែលខ្លួនបានធ្វើ»។
ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានប្រាប់ដល់ម្ចាស់សហគ្រាសទាំងអស់ថា ការរៀបចំវេទិកានេះមិនត្រឹមតែបានរៀបចំ ការជួបជុំមួយប៉ុណ្ណោះទេ គឺបានផ្តល់ចំណែកមួយ នៃខ្លួនឯង ដើម្បីបម្រើគោលបំណងរួមដ៏ធំធេង ដោយមិនឈរមើលការអភិវឌ្ឍពីចម្ងាយ ប៉ុន្តែបានចូលរួមជាតួអង្គផ្ទាល់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏បានប្រាប់ឲ្យម្ចាស់សហគ្រាសទាំងអស់ បន្តរួមដៃគ្នា ប្រែក្លាយការប្តេជ្ញាចិត្ត ទៅជាសកម្មភាព ប្រែក្លាយសកម្មភាព ទៅជាលទ្ធផល ហើយប្រែក្លាយលទ្ធផល ទៅជាវឌ្ឍនភាពសម្រាប់ប្រជាជនរបស់យើង។
ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានគូសបញ្ជាក់ថា ភាពរុងរឿងនៃប្រទេសជាតិ ត្រូវបានកសាងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយការចូលរួមរបស់មនុស្សម្នាក់ៗ និងការខិតខំប្រឹងប្រែងរួមគ្នារបស់យើងទាំងអស់គ្នា៕




























