កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ (Video inside)
31-10-2026 12:18
(ភ្នំពេញ)៖ លោក ចាន់ ភក្តី ក្រុមការងារសុវត្ថិភាពលើប្រព័ន្ធអនឡាញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា កុមារដែលចំណាយពេលប្រើប្រាស់បណ្ដាញសង្គម និងលេងហ្គេមអនឡាញច្រើនហួសប្រមាណ ងាយប្រឈមនឹងការឆបោក ការក្លែងបន្លំអត្តសញ្ញាណ និងការគំរាមកំហែងជំរិតទារប្រាក់ពីជនខិលខូចតាមប្រព័ន្ធអ៊ីនធឺណិត។
ការលើកឡើងរបស់លោក ចាន់ ភក្តី ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការការពារកុមារពីការឆបោកក្នុងយុគសម័យឌីជីថល»។
លោក ចាន់ ភក្តី បានពន្យល់ថា ទម្រង់នៃការឆបោក និងការបំពានលើកុមារតាមប្រព័ន្ធអនឡាញមានច្រើនរូបភាព ក្នុងនោះរួមមាន ការក្លែងបន្លំអត្តសញ្ញាណ ដោយជនខិលខូចបង្កើតគណនីក្លែងក្លាយ ដើម្បីស្នើសុំធ្វើជាមិត្ត និងបង្កើតទំនាក់ទំនងជាមួយកុមារ ក្នុងគោលបំណងបោកបញ្ឆោត ឬទាញយកព័ត៌មានផ្ទាល់ខ្លួន។
លោកបន្តថា ក្រៅពីនេះ កុមារក៏អាចរងការឆបោកពាក់ព័ន្ធនឹងការលេងហ្គេមអនឡាញ ការប្រើប្រាស់បណ្ដាញសង្គម និងការគំរាមកំហែងតាមអ៊ីនធឺណិត ដែលជាការបង្ហោះ ឬចែករំលែករូបភាព វីដេអូ និងព័ត៌មានក្នុងគោលបំណងមាក់ងាយ បង្អាប់ ឬធ្វើឱ្យកុមាររងភាពអាម៉ាស់ក្នុងសង្គម។
លោកបានបន្តថា បញ្ហាដែលគួរឱ្យព្រួយបារម្ភមួយទៀត គឺការល្បួងកុមារឱ្យបង្កើតទំនាក់ទំនងទុកចិត្តជាមួយជនល្មើសបន្តិចម្ដងៗ ដោយចាប់ផ្ដើមពីការសន្ទនាធម្មតា រហូតឈានដល់ការស្នើសុំរូបភាពឯកជន ឬការហៅជាវីដេអូដែលមានលក្ខណៈអាសអាភាស។
បន្ទាប់ពីទទួលបានរូបភាព ឬវីដេអូទាំងនោះ ជនល្មើសអាចប្រើប្រាស់វាជាឧបករណ៍គំរាមកំហែង ដោយទាមទារឱ្យកុមារផ្ដល់ប្រាក់ ឬធ្វើតាមការចង់បានរបស់ខ្លួន។
លោកបញ្ជាក់ថា ដោយក្នុងនោះ ជនល្មើសអាចគំរាមថា នឹងបញ្ចេញរូបភាព ឬវីដេអូឯកជនទាំងនោះទៅកាន់មិត្តភក្តិ អ្នកសិក្សារួមគ្នា ឬបង្ហោះលើបណ្ដាញសង្គម ប្រសិនបើកុមារមិនព្រមធ្វើតាមការទាមទារ។ ស្ថានភាពនេះអាចធ្វើឱ្យកុមារភ័យខ្លាច និងបង្ខំចិត្តយកប្រាក់ផ្ទាល់ខ្លួន ឬប្រាក់ពីឪពុកម្ដាយទៅបំពេញតាមការទាមទាររបស់ជនល្មើស។
លោក ចាន់ ភក្តី បានឱ្យដឹងថា បច្ចុប្បន្នមិនទាន់មានការសិក្សាស៊ីជម្រៅដែលអាចកំណត់បានច្បាស់លាស់ថា កុមារនៅកម្ពុជាប្រឈមនឹងទម្រង់នៃការឆបោកណាច្រើនជាងគេនោះទេ។ ទោះជាយ៉ាងណា បញ្ហាទាំងនេះមានកើតឡើងនៅក្នុងសង្គមកម្ពុជា ហើយការប្រើប្រាស់បណ្ដាញសង្គមដោយខ្វះការប្រុងប្រយ័ត្នអាចបង្កផលប៉ះពាល់ដល់កុមារ៕












