* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះពិនិត្យព្រំដែនកម្ពុជា-ថៃ នៅច្រកគីឡូ១៣ ក្នុងខេត្តបាត់ដំបង
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា
* ក្រោយចាប់បដិសន្ធិជិត៦០ឆ្នាំ, កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការប្រទេសនិយាយភាសាបារាំងជាលើកដំបូង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ ប្រធានាធិបតីរវ៉ាន់ដា និងភរិយា មកកាន់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងមកដល់កម្ពុជាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានរដ្ឋសភាឡាវ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកពេលជាប់ឆ្នោត និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ
* ប្រធានាធិបតីរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជាហើយ
* Nvidia ត្រៀមដកហូតតំណែង CEO លោក Jensen Huang ក្រោយរឿងអាស្រូវជាប់ពាក់ព័ន្ធចារកម្មចិន
* វិភាគអន្តរជាតិ៖ លទ្ធភាពនៃ «សន្និសីទ Yalta សម័យទំនើប» កំពុងអង្រួនសណ្ដាប់ធ្នាប់អាស៊ី ក្រោយសម័យសង្រ្គាម
* អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka លាលែងពីតំណែង
* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ស៊ឹម វីរៈ៖ គិតពីការវិនិយោគ គិតពីពាណិជ្ជកម្ម និងគិតពីទំនាក់ទំនងកម្ពុជា-ចិន ឆ្ពោះទៅរកភាពជាដៃគូសេដ្ឋកិច្ចស៊ីជម្រៅ

12-11-2026 15:30

(ណានជីង-ចិន)៖ លោក ស៊ឹម វីរៈ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានលេខាធិការដ្ឋានក្រុមការងារ ជំរុញការវិនិយោគនៅភូមិភាគឦសាន និងជាប្រធានដឹកនាំប្រតិភូនៅក្នុងកម្មវិធីមេដឹកនាំធុរកិច្ចវ័យក្មេងឆ្នាំ២០២៦ (Young Business Leader Program 2026) បានធ្វើបេសកកម្មផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងសៀងហៃ និងទីក្រុងណានជីង ដែលកម្មវិធីនេះត្រូវបានរៀបចំឡើង ដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន។

ក្នុងឱកាសនោះនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងណានជីង លោក ស៊ឹម វីរៈ បានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាធុរកិច្ចកសិកម្មកម្ពុជា-ចិន។

លោកបានលើកឡើងថា ក្រោមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរ កម្ពុជា និងចិន បានឯកភាពគ្នាខិតខំអភិវឌ្ឍសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។
ខណៈដែលថ្នាក់ដឹកនាំកម្រិតកំពូល កំណត់ទិសដៅយុទ្ធសាស្ត្រដែលមានចក្ខុវិស័យវែងឆ្ងាយ ការងាររបស់ពួកយើង គឺការខិតខំធ្វើសមាហរណកម្មសេដ្ឋកិច្ច ឱ្យសម្រេចបានលទ្ធផលជាក់ស្តែង ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ រោងចក្រកែច្នៃ ការផ្លាស់ប្តូរបច្ចេកទេស និងច្រករបៀងពាណិជ្ជកម្ម។

ចំណុចស្នូលនៃការផ្លាស់ប្តូរនេះ គឺវិស័យកសិកម្ម ដែលត្រូវបានគូសបញ្ជាក់តាមរយៈគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ «ច្រករបៀងមច្ឆា និងអង្ករ»។
ប៉ុន្តែ សម្រាប់កម្ពុជា ការអភិវឌ្ឍវិស័យកសិកម្ម មិនមែនត្រឹមតែជាការដាំដុះដំណាំឱ្យបានច្រើន ដើម្បីដឹកជញ្ជូនចេញជាវត្ថុធាតុដើមសុទ្ធសាធទៀតនោះទេ។

គោលដៅយុទ្ធសាស្ត្ររបស់យើង គឺការកសាងតម្លៃបន្ថែមក្នុងស្រុក ធ្វើជាម្ចាស់លើការកែច្នៃកម្រិតខ្ពស់ ប្រកាន់ខ្ជាប់នូវស្តង់ដារគុណភាពអន្តរជាតិខ្ពស់ និងតភ្ជាប់យ៉ាងរលូនទៅកាន់ទីផ្សារសកល។ ការសម្រេចបាននូវចក្ខុវិស័យនេះ ទាមទារឱ្យមានការចូលរួមយ៉ាងស៊ីជម្រៅពីវិស័យឯកជន ជាមួយសហគ្រាសដែលមានចក្ខុវិស័យឆ្ពោះទៅអនាគត ដែលមានបច្ចេកវិទ្យាទំនើប ដើមទុន និងបណ្តាញចែកចាយដ៏រឹងមាំ។

ជំនួសឱ្យការថ្លែងរៀបរាប់នូវពាក្យពេចន៍ការទូត លោក ស៊ឹម វីរៈ បានលើកឡើងនូវសំណួរជាក់ស្តែងចំនួនប្រាំ ដែលវិនិយោគិន និងអ្នករៀបចំគោលនយោបាយ គួរត្រិះរិះពិចារណា ដែលរួមមានដូចខាងក្រោម៖

សំណួរទី១. តើយើងពង្រីកពាណិជ្ជកម្មទ្វេភាគី ទន្ទឹមនឹងការកាត់បន្ថយឱនភាពពាណិជ្ជកម្មដោយរបៀបណា?

គោលដៅរបស់យើងមិនមែនដើម្បីកាត់បន្ថយការនាំចេញរបស់ចិនមកកម្ពុជានោះទេ។ ប៉ុន្តែ យើងចង់ឃើញការបង្កើនការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ប្រទេសចិន ពោលគឺការពង្រីកទំហំពាណិជ្ជកម្មសរុបសម្រាប់ប្រទេសទាំងពីរ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទំហំពាណិជ្ជកម្មទ្វេភាគីរបស់យើងបានកើនឡើងពី ៨,២ ប៊ីលានដុល្លារក្នុងឆ្នាំ២០២០ ដល់ ១៩,៧៣ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៥។

ប៉ុន្តែ នៅឆ្នាំ២០២៥ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានទំហំត្រឹមតែ ១,៦៨ ប៊ីលានដុល្លារប៉ុណ្ណោះ ខណៈដែលការនាំចូលពីប្រទេសចិនមានរហូតដល់ ១៨ ប៊ីលានដុល្លារ ដែលជាគម្លាតខុសគ្នារហូតដល់ដប់ដង។ ខណៈដែលកម្ពុជានាំចេញអង្ករគុណភាពខ្ពស់ ចេក ដំឡូងមី កៅស៊ូ មៀនប៉ៃលិន និងស្វាយ ព្រមទាំងមុខទំនិញថ្មីៗដូចជា ស្វាយចន្ទី ទុរេន និងសំបុកត្រចៀកកាំ អាទិភាពរួមរបស់យើង គួរផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការកសិ-ឧស្សាហកម្មដើម្បីបិទគម្លាតនៃឱនភាពពាណិជ្ជកម្ម។

សំណួរទី២. ហេតុអ្វីពាណិជ្ជករចិន គួរមើលមកផលិតផលកសិកម្មរបស់កម្ពុជា ក្នុងទស្សនៈខុសប្លែកពីប្រទេសដទៃ?

ប្រសិនបើវាស់វែងសុទ្ធសាធលើបរិមាណ ឬតម្លៃធូរថ្លៃ កម្ពុជាមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងដែលមានទំហំដី និងសមត្ថភាពផលិតកម្មទ្រង់ទ្រាយធំបានឡើយ។
ផ្ទុយទៅវិញ យើងចង់អញ្ជើញពាណិជ្ជករ និងធុរជនចិនឱ្យផ្តោតចំណាប់អារម្មណ៍ លើគុណភាពកម្រិតខ្ពស់នៃកសិផលកម្ពុជា។

ដីកសិកម្មរបស់កម្ពុជារក្សាបាននូវជីវជាតិធម្មជាតិខ្ពស់ ដោយមិនទាន់ត្រូវបានប្រើប្រាស់លើសកម្រិត ឬការបូមយកផលប្រយោជន៍ពីដីហួសហេតុ ដើម្បីដេញតាមបរិមាណនោះទេ។ ការណ៍នេះជួយរក្សារសជាតិ និងគុណភាពធម្មជាតិ និងក្លិនក្រអូបប្លែកនៃផលិតផលកសិកម្មរបស់កម្ពុជា។ ឧទាហរណ៍ ដូចជាអង្ករផ្កាម្លិះកម្ពុជា។ ទោះបីជាមានមិនអាចផលិតក្នុងបរិមាណខ្ពស់ ប៉ុន្តែ អង្ករក្រអូបរបស់កម្ពុជា បានឈ្នះពានរង្វាន់ «អង្ករល្អដាច់គេលើពិភពលោក» ជាច្រើនដង និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លានៅទ្វីបអាមេរិក និងអឺរ៉ុប។

ឧទាហរណ៍ ម្រេចកំពត។ ខេត្តកំពតគឺជាខេត្តជាប់មាត់សមុទ្រដ៏តូចមួយ ប៉ុន្តែ ម្រេចកំពតមានអត្តសញ្ញាណភូមិសាស្ត្រដ៏ល្អវិសេស និងរសជាតិអស្ចារ្យមិនអាចប្រៀបបាន ដែលភោជនីយដ្ឋានលំដាប់ផ្កាយ Michelin ទូទាំងពិភពលោក តែងតែប្រាថ្នាចង់បាន។ ប្រសិនបើទីផ្សារអាមេរិក និងអឺរ៉ុបដែលមានលក្ខខណ្ឌតឹងរ៉ឹង ហ៊ានទទួលស្គាល់ និងផ្តល់តម្លៃដល់គុណភាពនៃផលិតផលកសិកម្មរបស់កម្ពុជា ដូច្នេះ យើងក៏ចង់ឃើញផលិតផលកសិកម្មរបស់កម្ពុជា មានវត្តមានយ៉ាងរឹងមាំនៅលើទូដាក់ទំនិញនៃទីផ្សារអ្នកប្រើប្រាស់របស់ប្រទេសចិនដូចគ្នា។

សំណួរទី៣. ហេតុអ្វីបានជាវិនិយោគិនចិនគួរចាប់ដៃគូជាមួយធុរកិច្ចកម្ពុជា?

ថ្នាក់ដឹកនាំធុរកិច្ចកម្ពុជា មិនមែនគ្រាន់តែជាអ្នកលក់ដែលស្វែងរកអតិថិជនចិននោះទេ ប៉ុន្តែពួកគេគឺជាអ្នកទិញដ៏សកម្ម នូវគ្រឿងម៉ាស៊ីន បច្ចេកវិទ្យា និងបរិក្ខារពីប្រទេសចិន។
ក្នុងប្រតិភូយើងខ្ញុំ មានក្រុមហ៊ុនដែលនាំចូលដ្រូនបាញ់ថ្នាំកសិកម្ម DJI ពីចិន។ យើងមានអ្នកកែច្នៃអង្ករដែលកំពុងសាងសង់រោងចក្រថ្មីៗដោយប្រើម៉ាស៊ីនចិន។ យើងមានប្រតិបត្តិករប្រព័ន្ធខ្សែច្រវាក់ត្រជាក់ដែលនាំចូលសាច់ទាពីទីក្រុងឈីងតាវ។ យើងមានអ្នកកែច្នៃចំណីអាហារដែលនាំចេញទៅអឺរ៉ុប និងអាមេរិក អ្នកចែកចាយឱសថដែលលក់ដាំដាច់ខ្លាំងនៅទ្វីបអាហ្វ្រិក។ យើងមានក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនកុងស៊ុលតង់ ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំមូលដ្ឋានគ្រឹះដល់ការវិនិយោគចិននៅកម្ពុជា។

ក្នុងនាមជាអ្នកទិញដ៏សកម្មនូវម៉ាស៊ីន បរិក្ខារ និងបច្ចេកវិទ្យាចិន យើងចង់ស្វែងរកដៃគូដែលអាចបញ្ចូលកសិផលកម្ពុជា ទៅក្នុងបណ្តាញចែកចាយរបស់ចិន បំពេញតាមស្តង់ដាររបស់ចិន និងវិនិយោគលើកិច្ចសហប្រតិបត្តិការបច្ចេកទេសរួមគ្នា ដើម្បីលើកកម្ពស់ស្តង់ដារផលិតកម្ម និងបង្កើនការនាំចេញផលិតផលកសិកម្មកែច្នៃពីកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

សំណួរទី៤. តើរាជរដ្ឋាភិបាលកម្ពុជាផ្តល់ការគាំទ្រដល់វិនិយោគិនតាមរបៀបណា?

ក្រៅពីនីតិវិធីរដ្ឋបាល «ច្រកចេញចូលតែមួយ» ដែលមានចែងនៅក្នុងច្បាប់ស្តីពីវិនិយោគ កម្ពុជាផ្តល់ជូននូវកម្មវិធីពិសេស មានដូចជា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងកម្មវិធីពិសេសជំរុញការវិនិយោគនៅភូមិភាគឦសាន (កម្មវិធី SPIN)។ សម្រាប់កម្មវិធីពិសេសភូមិភាគឦសាន ការវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ អាចទទួលបានការលើកលែងពន្ធរហូតដល់ ១២ ឆ្នាំ។

ពិតណាស់ ទីផ្សារកំពុងអភិវឌ្ឍមិនអាចមានភាពល្អឥតខ្ចោះ ១០០% នោះទេ ដូច្នេះ យើងត្រូវការវិនិយោគិន ដែលហ៊ានត្រួសត្រាយផ្លូវ ដើម្បីកសាងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃថ្មីៗ។ អ្នកដែលហ៊ានបោះជំហានមកមុនគេ ហ៊ានត្រួសត្រាយផ្លូវមុនគេនៅកម្ពុជា តែងតែទទួលបានផលតបស្នងដ៏គួរឱ្យកត់សម្គាល់។

សំណួរទី៥. ហេតុអ្វីបានជាក្រុមហ៊ុនយក្សរបស់ចិន ដូចជា BYD សម្រេចចិត្តបង្កើតរោងចក្រនៅកម្ពុជា?

មេដឹកនាំឧស្សាហកម្មដូចជាក្រុមហ៊ុន BYD មិនបានមើលត្រឹមតែទីផ្សារក្នុងស្រុករបស់កម្ពុជាដែលមានប្រជាជនតែ ១៧ លាននាក់នោះទេ ប៉ុន្តែ ពួកគេមើលឃើញច្រកយុទ្ធសាស្ត្រមួយទៅកាន់ទីផ្សារអាស៊ានដែលមានប្រជាជនជាង ៧០០ លាននាក់ និងបណ្តាញដ៏ធំទូលាយនៃភាពអនុគ្រោះពាណិជ្ជកម្ម ដែល
កម្ពុជាទទួលបាននៅលើទីផ្សារជឿនលឿន នៅលើពិភពលោក។ ក្រុមហ៊ុនយក្សរបស់ចិន បានសម្រេចចិត្តវិនិយោគទៅលើស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្មរបស់កម្ពុជា ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងវិស័យយានយន្ត អេឡិចត្រូនិក និងការផលិតសំបកកង់ឡាន។
សម្ទុះនៃការវិនិយោគបរទេសនៅកម្ពុជា គឺជាសក្ខីភាពជាក់ស្តែង។

ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤១៥ ដែលមានទុនសរុប ៦,១៦ ប៊ីលានដុល្លារ។
កម្ពុជាបានបំបែកកំណត់ត្រាពីរឆ្នាំជាប់ៗគ្នា។ នៅឆ្នាំ២០២៤ កម្ពុជាបានបំបែកកំណត់ត្រា ដោយបានអនុម័តគម្រោងលើសពី ៥០០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងទុនវិនិយោគសរុប ៦,៩ ប៊ីលានដុល្លារ។ ហើយនៅឆ្នាំ២០២៥ កម្ពុជាបានបំបែកកំណត់ត្រាសាជាថ្មី ជាមួយនឹងការអនុម័តគម្រោងវិនិយោគចំនួន ៦៣០ ដែលមានទុនសរុប ១០ ប៊ីលានដុល្លារ។

ការវិនិយោគរបស់ចិនឈរនៅលើកំពូលតារាង ក្នុងឆ្នាំ២០២៥ ដោយមានទំហំទុន ៥,៤២ ប៊ីលានដុល្លារ ឬស្មើនឹង ៥៤,២៥% នៃទុនវិនិយោគសរុប។
មានតែសហគ្រាសដែលបាននិងកំពុងវិនិយោគដោយផ្ទាល់នៅកម្ពុជា តួយ៉ាងដូចជា ក្រុមហ៊ុន Sunwah Group និងសម្ព័ន្ធសហគ្រិនអន្តរជាតិហុងកុង យ៉ាងជើ ដែលតា ប៉ុណ្ណោះ ដែលអាចផ្តល់សក្ខីកម្មអំពីបរិយាកាសធុរកិច្ចជាក់ស្តែងនៅកម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុនទាំងនេះ បានបង្កើតជាផលចំណេញហិរញ្ញវត្ថុយ៉ាងរឹងមាំ ទន្ទឹមនឹងការជំរុញការបង្កើតការងារ ការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍកម្លាំងពលកម្មនៅទូទាំងប្រទេសកម្ពុជា។

គន្លងនៃទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ចិន គឺអាស្រ័យលើការបោះជំហានផុតពីទម្រង់ពាណិជ្ជកម្មប្រពៃណី ទៅរកភាពជាដៃគូសេដ្ឋកិច្ចស៊ីជម្រៅ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងសងខាង។

តាមរយៈការផ្គូផ្គងវិនិយោគ និងពាណិជ្ជកម្ម យើងសង្ឃឹមថា នឹងអាចតភ្ជាប់ផលិតផលប្រកបដោយគុណភាពរបស់កម្ពុជា នៅក្នុងទីផ្សាររបស់ចិន ដើម្បីកសាងទំនាក់ទំនងសេដ្ឋកិច្ចដ៏រស់រវើកមួយ ដែលមានឱនភាពពាណិជ្ជកម្មរួមតូចបន្តិចម្តងៗ ដើម្បីបង្កើតបានជាគុណតម្លៃដ៏ល្អប្រសើរ សម្រាប់ទំនាក់ទំនងទ្វេភាគី និងវិបុលសុខរួមរបស់ប្រទេសយើងទាំងពីរ កម្ពុជា និងចិន៕