លោក ស៊ូ សុជាតិ៖ ការចុះបញ្ជីក្នុងផ្សារហ៊ុន មិនមែនត្រឹមតែទទួលបានទុន ប៉ុន្តែដើម្បីទទួលបានទំនុកចិត្ត និងការគាំទ្រ
13-11-2026 16:46
(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានសង្កត់ធ្ងន់ថា ការចុះបញ្ជីនៅក្នុងផ្សារមូលបត្រមិនមែនត្រឹមតែជាការស្វែងរកទុនប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងទំនុកចិត្ត និងការគាំទ្រពីវិនិយោគិន។
លោកបានអំពាវនាវដល់បណ្ដាធនាគារផ្សេង ក្រៅពីធនាគារអេស៊ីលីដា ចុះបញ្ជីក្នុងផ្សារហ៊ុន ដើម្បីជាការកសាងទំនុកចិត្ត និងការគាំទ្រពីវិនិយោគិនទាំងក្នុងប្រទេស និងអន្តរជាតិ។
លោក ស៊ូ សុជាតិ បានបន្តថា ប្រព័ន្ធនៃទីផ្សារមូលបត្រ គឺជាយន្តការមួយដែលមិនត្រឹមតែជួយបង្កើនទំនុកចិត្តនៅខាងក្នុងស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបង្កើនទំនុកចិត្តពីខាងក្រៅផងដែរ។ ការចុះបញ្ជីនេះ គឺជាការប្រមូលផ្ដុំការគាំទ្រពីសាធារណជន និងវិនិយោគិន ដែលជាកត្តាសំខាន់សម្រាប់កំណើន និងស្ថិរភាពរយៈពេលវែងរបស់ស្ថាប័ន។
ជាមួយគ្នានេះ លោកបានបន្ថែមថា ប្រទេសកម្ពុជាបានទទួលការកោតសរសើរពីក្រុមប្រទេសអន្តរជាតិមួយចំនួន សម្រាប់ការរក្សាបាននូវស្ថិរភាព និងមិនមានបញ្ហានៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន។ ការដែលគេស្គាល់ និងអនុញ្ញាតឲ្យកម្ពុជាមិនមានភាពចាំបាច់ត្រូវមានការតាមដានពិសេសនោះ គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីភាពរឹងមាំនៃប្រព័ន្ធ។ គោលបំណងសំខាន់នៃការកែទម្រង់ និងការអនុវត្តច្បាប់ គឺដើម្បីការពារផលប្រយោជន៍រួម និងធានាបាននូវភាពជឿជាក់៕







