* សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport
* កម្ពុជា-កាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* កាណាដា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ នៅឆ្នាំ២០២៨ ខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* ក្រោយបញ្ចប់កិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ចំនួន៣២ចំណុច
* កិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដែលមានចំណុចគន្លឹះចំនួន៧ ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយ ក្រោយបន្សល់ទុកផ្លែផ្កាជាប្រវត្តិសាស្ត្រ និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង និងពិភពហ្វ្រង់កូហ្វូនី
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ
* លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ
* ប្រធានាធិបតីបារាំង សម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះព្រះរាជបន្ទូលភាសាបារាំងដ៏ល្អឥតខ្ចោះរបស់ ព្រះមហាក្សត្រខ្មែរ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា
* ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ, ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បារាំង ជារដ្ឋសមាជិកសហភាពអឺរ៉ុបទី១ ដែលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ ការយកពន្ធត្រួតគ្នា

16-11-2026 17:25

(ភ្នំពេញ)៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ (Double Taxation Agreement-DTA) ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦
ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងលោក អូលីវីយេ រីស្នា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា សាធារណរដ្ឋបារាំង គឺជារដ្ឋសមាជិកសហភាពអឺរ៉ុបទី១ ដែលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង DTA ជាមួយ ហើយកិច្ចព្រមព្រៀង DTA កម្ពុជា-បារាំងនេះ ក៏ជាកិច្ចព្រមព្រៀង DTA ទី១៦ ដែលកម្ពុជាបានចុះហត្ថលេខាជាមួយយុត្តាធិការដៃគូ។

តាមរយៈកិច្ចព្រមព្រៀងនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពន្ធដារកម្ពុជា-បារាំង នឹងត្រូវបានពង្រឹងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលនឹងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។

ជារួម កិច្ចព្រមព្រៀង DTA ផ្តល់អត្ថប្រយោជន៍ ដល់ភាគីហត្ថលេខីលើកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី, ធ្វើឱ្យប្រាកដប្រជាក្នុងការកំណត់សិទ្ធិនៃការយកពន្ធ, កំណើន មូលដ្ឋានគិតពន្ធតាមរយៈការទាក់ទាញវិនិយោគដោយផ្ទាល់, រំហូរមូលធន, ការផ្ទេរបច្ចេកវិទ្យានិងជំនាញពីបរទេស, ការការពារ និវាសនជនពីប្រព្រឹត្តិកម្មមិនត្រឹមត្រូវពាក់ព័ន្ធនឹងពន្ធ, និងការការពារចំណូលពន្ធក្នុងស្រុក តាមរយៈកិច្ចសហប្រតិបត្តិការប្រយុទ្ធ ប្រឆាំងនឹងការគេចវេះពន្ធរវាងប្រទេសទាំងពីរ។

គួររលឹកផងដែរថា សម្រាប់ឆមាសទី២ នៃឆ្នាំ២០២៦ នេះ កម្ពុជាបានសម្រេចលើការចុះហត្ថលេខាកិច្ចព្រមព្រៀង DTA ជាមួយដៃគូចំនួន ៣ គឺ មីយ៉ាន់ម៉ា អាស៊ែបៃហ្សង់ និងបារាំង។

ការចុះហត្ថលេខាឱ្យមានកិច្ចព្រមព្រៀង DTA កម្ពុជា-បារាំង គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាល នីតិកាលទីប្រាំពីរនៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចបានស្របតាមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន។

ទន្ទឹមនឹងនេះដែរ ព្រះរាជាណាចក្រកម្ពុជា ក៏កំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងនេះ ជាមួយបណ្តាប្រទេសដៃគូ មួយចំនួនទៀតដូចជា ជប៉ុន ម៉ារ៉ុក អេមីរ៉ាតអារ៉ាប់រួម កាតា និងកៀហ្ស៊ីស៊ីស្ថាន ជាដើម៕