* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* ឯកអគ្គរដ្ឋទូតបារាំង៖ បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយកម្ពុជា និងបន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា
* ដាណឺម៉ាក ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជុំវិញកោះ Greenland ជាមួយលោក ត្រាំ ដោយសង្ឃឹមថាវានឹងបិទបញ្ចប់បញ្ហាវិវាទ
* អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួនប្រាំ ដែលធ្វើប្រតិបត្តិការ និងសម្របសម្រួលឱ្យមានមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអនឡាញ
* លោក ពូទីន អះអាងថារុស្ស៉ីបបួលអឺរ៉ុបជួបគ្នានៅមូស្គូ ដើម្បីបញ្ជាក់ឱ្យច្បាស់ពីគោលជំហរចំពោះកិច្ចចរចាស្ដីពីសង្រ្គាមអ៊ុយក្រែន
* កម្ពុជា ច្រានចោលការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលចោទកម្ពុជាថា ប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅភ្នំពេញ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ
* ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងរំលឹកសារជាថ្មីនៅចំពោះមុខប្រជុំ APEC ថា «ថៃត្រូវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងត្រូវអនុញ្ញាតឲ្យជនភៀសសឹកកម្ពុជាទាំងអស់វិលត្រឡប់មកលំនៅដ្ឋានវិញ»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) អាចទទួលបានការលើកទឹកចិត្តពន្ធរហូតដល់ ១៥ឆ្នាំ (Video inside)

20-11-2026 16:03

(ភ្នំពេញ)៖ លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងឱ្យដឹងថា កម្ពុជាបានផ្ដល់ការលើកទឹកចិត្តពន្ធ ដល់គម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) រហូតដល់ ១៥ឆ្នាំ ព្រមទាំងអត្ថប្រយោជន៍លើកទឹកចិត្តបន្ថែមជាច្រើនទៀត ដើម្បីបង្កើនភាពទាក់ទាញ និងបង្កបរិយាកាសវិនិយោគ ជំរុញការផលិតក្នុងស្រុក និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

លោកបណ្ឌិត អេង រតនា បានថ្លែងឱ្យដឹងថា ច្បាប់វិនិយោគថ្មីនេះ ផ្ដល់ជូនការលើកទឹកចិត្តពន្ធដែលត្រូវបានបែងចែកជាដំណាក់កាល ដោយក្នុងរយៈពេល៩ឆ្នាំ និង ៦ឆ្នាំ គម្រោងវិនិយោគទទួលបានការបន្ធូរបន្ថយពន្ធចំនួន ៧៥% ក្នុងរយៈពេល ២ឆ្នាំដំបូង បន្ទាប់មកបន្ធូរបន្ថយ ៥០% ក្នុងរយៈពេល ២ឆ្នាំបន្ទាប់ និងបន្តការបន្ធូរបន្ថយ ២៥% នៅដំណាក់កាលចុងក្រោយ។ និយាយជារួម ៩ឆ្នាំ និង ៦ឆ្នាំ គឺសរុបទាំងអស់ ១៥ឆ្នាំ ដែលទទួលបានការលើកទឹកចិត្តនេះ។

លោកបណ្ឌិតបានបន្ថែមថា ក្រៅពីនេះ ក្នុងអំឡុងពេលទទួលបានការលើកទឹកចិត្ត គម្រោងវិនិយោគក៏ទទួលបានការអនុគ្រោះលើពន្ធលើប្រាក់ចំណេញ និងការលើកលែងពន្ធអប្បបរមា (Minimum Tax) តាមលក្ខខណ្ឌដែលបានកំណត់ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ការវិនិយោគនៅកម្ពុជាក៏ទទួលបានការលើកទឹកចិត្ត លើការនាំចូលគ្រឿងម៉ាស៊ីន សម្ភារបរិក្ខារផលិតកម្ម និងសម្ភារសំណង់មួយចំនួនដែលបម្រើដល់ការសាងសង់ និងប្រតិបត្តិការគម្រោងវិនិយោគ ដោយអាករលើតម្លៃបន្ថែម (VAT) លើការនាំចូលទាំងនេះជាបន្ទុករបស់រដ្ឋ តាមលក្ខខណ្ឌកំណត់។

ជាពិសេស ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ក៏ផ្ដល់ការលើកទឹកចិត្តបន្ថែម ចំពោះគម្រោងដែលទិញធាតុចូលផលិតកម្មពីក្នុងស្រុកផងដែរ។

លោកបណ្ឌិតបានថ្លែងឱ្យដឹងថា ការលើកទឹកចិត្តនេះរួមមាន ការលើកលែងពន្ធអាករលើតម្លៃបន្ថែម (VAT) ចំពោះការទិញធាតុចូលផលិតកម្មក្នុងស្រុក ដែលយកទៅប្រើប្រាស់ក្នុងដំណើរការផលិត ដើម្បីទទួលបានផលិតផលសម្រេចសម្រាប់លក់។ វិធានការនេះត្រូវបានចាត់ទុកថា ជាការលើកទឹកចិត្តពិសេសមួយរបស់កម្ពុជា ដែលប្រទេសដទៃមិនមានការលើកទឹកចិត្តពិសេសមួយនេះឡើយ។ ជាក់ស្ដែង សូម្បីតែសហគ្រាសដែលមិនមែនជាអ្នកប្រើប្រាស់ចុងក្រោយ ក៏អាចទទួលបានអត្ថប្រយោជន៍នេះ តាមលក្ខខណ្ឌដែលបានកំណត់ផងដែរ។

លោកបណ្ឌិតបានបន្តថា ក្រៅពីការលើកទឹកចិត្តចំពោះការប្រើប្រាស់ធាតុចូលផលិតកម្មក្នុងស្រុក វិនិយោគិនក៏អាចទទួលបានអត្ថប្រយោជន៍បន្ថែមពីការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការច្នៃប្រឌិត និងនវានុវត្តន៍ ការបណ្ដុះបណ្ដាលជំនាញដល់និយោជិត និងកម្មករខ្មែរ ព្រមទាំងការចំណាយលើសុខុមាលភាពកម្មករដូចជា កន្លែងស្នាក់នៅ ម្ហូបអាហារ និងអាហារដ្ឋានជាដើម ក៏ត្រូវបានរដ្ឋចូលរួមជួយចំនួន ៥០ភាគរយផងដែរ។

លោកបណ្ឌិត អេង រតនា បានបញ្ជាក់ថា ដោយឡែកចំពោះការចំណាយលើការទិញគ្រឿងម៉ាស៊ីនទំនើប សម្រាប់បម្រើដល់ខ្សែច្រវាក់ផលិតកម្ម មធ្យោបាយដឹកជញ្ជូនកម្មករ ទារកដ្ឋាន ការផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងកាកសំណល់ដែលអាចប៉ះពាល់ដល់បរិស្ថាន ក៏ស្ថិតក្នុងចំណោមការចំណាយដែលអាចទទួលបានការលើកទឹកចិត្ត តាមរយៈយន្តការកាត់កងចំណាយបន្ថែមផងដែរ។

លោកបណ្ឌិតបានបញ្ជាក់ថា ចំពោះច្បាប់វិនិយោគថ្មីនេះ មានការលើកទឹកចិត្តច្រើនជាងច្បាប់ចាស់ ហើយកម្ពុជាជាកន្លែងមួយផ្ដល់ការលើកទឹកចិត្តច្រើន ដូច្នេះហើយបានជាការវិនិយោគមានការកើនឡើងជាបន្តបន្ទាប់៕

សូមស្តាប់ការលើកឡើងរបស់លោក អេង រតនា៖