ព្រះសង្ឃ និងពុទ្ធបរិស័ទប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា
18-05-2023 14:58
(សៀមរាប)៖ ចាប់តាំងពីឆ្នាំ២០១៣មកដល់បច្ចុប្បន្ននេះ ក្រោមព្រះអធិបតីភាពសម្តេចព្រះព្រហ្មរតនមុនី ពិន សែម គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ព្រមទាំងព្រះថេរានុត្ថេរៈគ្រប់ជាន់ថ្នាក់ ពុទ្ធបរិស័ទ បណ្តាស្ថាប័ន និងក្រុមហ៊ុននានា រួមទាំងក្រុមប្រឹក្សាភិបាល ក្រុមទីប្រឹក្សា គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ បានមូលមតិគ្នាជាឯកច្ឆន្ទនឹងប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅវត្តរាជបូណ៌ ក្រុងសៀមរាប ដើម្បីរៃអង្គាសថវិកាសម្រាប់ទ្រទ្រង់ដល់ដំណើរការប្រតិបត្តិនៃមន្ទីរពេទ្យកុមារអង្គរក្នុងការផ្តល់សេវាថែទាំ និងព្យាបាលដោយឯកទេសនិងទូទៅដល់កុមារនៅទូទាំងកម្ពុជា។
មន្ទីរពេទ្យកុមារអង្គរ គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញមួយបង្កើតឡើងដោយជនជាតិជប៉ុនតាំងពីឆ្នាំ១៩៩៩ ដែលគិតមកដល់សព្វថ្ងៃនេះបានផ្តល់សេវាពិនិត្យព្យាបាលកុមារបានជិត៣លានករណី និងបានផ្តល់ការបណ្តុះបណ្តាលនូវជំនាញ និងចំណេះដឹងដល់មន្ត្រីសុខាភិបាល សិស្ស និស្សិតវេជ្ជសាស្ត្រមកពីទូទាំងកម្ពុជារាប់រយនាក់ក្នុងមួយឆ្នាំៗ។
ជាងនេះទៅទៀត ក្រុមបុគ្គលិកមន្ទីរពេទ្យកុមារអង្គរក៏ចូលរួមធ្វើឲ្យមានភាពប្រសើរឡើងនូវសុខុមាលភាពប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងខេត្តសៀមរាប តាមរយៈការចុះអប់រំសុខភាព និងពង្រឹងសមត្ថភាព មន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព អ្នកស្ម័គ្រចិត្តសុខភាពភូមិ សិស្សានុសិស្ស គ្រូបង្រៀន និងប្រជាពលរដ្ឋបានរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។
កិច្ចការដ៏សំខាន់ និងចាំបាច់ទាំងអស់ខាងលើនេះ រួមជាមួយនឹងកិច្ចការអភិវឌ្ឍនូវគុណភាពនៃការព្យាបាល និងថែទាំជាច្រើនទៀតអាចប្រព្រឹត្តទៅបានអាស្រ័យមានការឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស។
ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យកុមារអង្គរត្រូវការថវិកាសម្រាប់ដំណើរការប្រតិបត្តិរបស់ខ្លួនពី៥-៦លានដុល្លារអាមេរិក ហើយថវិកាទាំងនោះប្រមាណ ៧៥% បានមកពីសប្បុរជននៅក្រៅប្រទេស និង ២៥% បានមកពីសប្បុរសជនក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានថវិកាបានមកពីពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដែលបានប្រារព្ធឡើងជារៀងរាល់ឆ្នាំផងដែរ។ ចាប់តាំងពីឆ្នាំទី១-៩ ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះបានប្រមូលថវិកាសរុបចំនួនជិត៩សែនដុល្លារអាមេរិក និងឆ្នាំនេះម្ចាស់ផ្តើមបុណ្យទាំងអស់ គ្រោងនឹងប្រមូលជំនួយថវិកាឲ្យបានយ៉ាងច្រើនតាមការដែលអាចធ្វើបានសម្រាប់ជួយទ្រទ្រង់ឲ្យមន្ទីរពេទ្យកុមារអង្គរ នៅតែអាចបន្តបេសកកម្មរបស់ខ្លួនឲ្យបានយូរអង្វែងទៅមុខទៀត។
អ្វីដែលប្លែកជាងឆ្នាំមុនៗ ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០នេះ គឺមានការដង្ហែរអង្គផ្កាប្រាក់ធ្វើឡើងដោយបណ្តាស្ថាប័ននានា ក្រុមហ៊ុនឧបត្ថម្ភពិធីបុណ្យ និងសប្បុរសជនមួយចំនួន អមដោយភ្លេងឆៃយ៉ាំនៅក្នុងក្រុងសៀមរាប ដោយចាប់ចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរឆ្ពោះទៅកាន់វត្តរាជបូណ៌ ដោយកាត់តាមផ្សារចាស់ និងតាមផ្លូវមាត់ស្ទឹង ដើម្បីញ៉ាំងឲ្យមានការផ្សព្វផ្សាយ និងធ្វើឲ្យពិធីបុណ្យកាន់តែអធិកអធម។ ពេលទៅដល់វត្តរាជបូណ៌ ពិធីនឹងចាប់ផ្តើមដោយមានសេចក្តីរាយការណ៍អំពីមន្ទីរពេទ្យ របស់ថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យកុមារអង្គរ ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ការសម្តែងព្រះធម៌ទេសនាដោយសម្តេចព្រះព្រហ្មរតនមុនី ពិន សែម និងព្រះសង្ឃល្បីៗជាច្រើនអង្គ ផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រកាសលទ្ធផលបឋមនៃថវិកាដែលទទួលបានជាកិច្ចបញ្ចប់ពិធីបុណ្យ។
នេះជាដំណឹងមួយ ដើម្បីនិមន្តព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជាការគោរពអញ្ជើញសម្តេច ទ្រង់ អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេសទាំងអស់ឲ្យចូលរួមពិធីបុណ្យឲ្យបានច្រើនកុះករ ព្រមទាំងចាប់មគ្គផលបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីចូលរួមចំណែកនៅក្នុងការអភិវឌ្ឍ និងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពកុមារកម្ពុជា។សប្បុរសជនជិតឆ្ងាយក៏អាចចូលរួមបរិច្ចាគបច្ច័យតាមកម្លាំងសទ្ធាជ្រះថ្លានៅមុនពេល និងក្នុងកំឡុងពេលនៃកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះតាមរយៈ គណនីវីងដែលមានមុខងារនៅក្នុង Wing Bank App ឬតាមរយៈភ្នាក់ងារវីងដែលមាននៅទូទាំងប្រទេស ដោយឥតគិតថ្លៃសេវាអ្វីទាំងអស់។
ព័ត៌មានបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ៖
• ធនាគារ វីង ខេមបូឌា (Wing)៖ (Wing Bank App) ឬភ្នាក់ងារ វីង៖ លេខកូត 9122 (ប្រាក់រៀល) និង 8122 (ប្រាក់ដុល្លារ)
• ធនាគារ អេប៊ីអេ (ABA): 000 320 555
• ធនាគារ អេស៊ីលីដា (ACLEDA): 0100 0105 6968 28
• ធនាគារ ហត្ថា (HATTHA)៖ 168 000 384 857
• ធនាគារ ស្ថាបនា (Sathapana): 07808082834100102 ឬបរិច្ចាគដោយផ្ទាល់ នៅទីកន្លែងប្រារព្ធពិធីបុណ្យ
ទំនាក់ទំនងផ្សព្វផ្សាយ និងរៀបចំកម្មពិធីបុណ្យ៖ អ្នកស្រី ហ៊ាន សោភា មន្ត្រីជាន់ខ្ពស់ផ្នែករៀបចំព្រឹត្តិការណ៍នៃមន្ទីរពេទ្យកុមារអង្គរ [email protected] ឬ 098 / 017 725 745៕









