និយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ សម្រេចផ្អាកប្រតិបត្តិការលក់ គម្រោងអភិវឌ្ឍលំនៅឋាន និងអគារខុនដូរទាំងអស់ក្រុមហ៊ុន ព្រីនស៍

12-01-2026 18:36

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹង ស្តីពី អាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានឲ្យដឹងថា គម្រោងអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ មានចំនួន ៥គម្រោង រួមមាន៖
(១)៖ គម្រោងអគារសហកម្មសិទ្ធិ (ខុនដូ) PRINCE HAPPINESS PLAZA ឬ The Pinnacle RESIDENCE,
(២)៖ គម្រោងអគារសហកម្មសិទ្ធិ (ខុនដូ) PRINCE GOLDEN BAY និង (៣)៖ គម្រោងអគារ-សហកម្មសិទ្ធិ (ខុនដូ) មជ្ឈមណ្ឌល Prince Huan Yu,
(៤)៖ គម្រោងលំនៅឋាន (បុរី) Prince One Tropica
និង (៥)៖ គម្រោងលំនៅឋាន (បុរី) ភូមិសំរោង ត្រូវបានផ្អាកមិនឲ្យធ្វើប្រតិបត្តិការលក់ផ្ទះ/យូនីត (បន្ទប់ខុនដូ) របស់គម្រោងបន្តទៀតឡើយ ។

អតិថិជនដែលបានចុះកិច្ចសន្យាលក់-ទិញផ្ទះ/យូនីតជាមួយគម្រោងខាងលើរួច ត្រូវបន្តអនុវត្តកាតព្វកិច្ច រហូតដល់បញ្ចប់កិច្ចសន្យាលក់-ទិញជាស្ថាពរ។

ដោយឡែកចំពោះអតិថិជនដែលបានបញ្ចប់កាតព្វកិច្ចស្រប តាមកិច្ចសន្យាលក់-ទិញជាមួយគម្រោងខាងលើ ត្រូវបន្តស្នើសុំការរៀបចំផ្ទេរកម្មសិទ្ធិផ្ទះ/យូនីត តាមគម្រោង នីមួយៗ ដោយមានកិច្ចសហការជួយសម្របសម្រួលរវាង និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕