យល់ដឹងពីជំនួញ៖ អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចែករំលែកគន្លឹះដែលរដ្ឋ និងវិស័យឯកជន គួរដោះស្រាយបញ្ហាប្រឈមរបស់ SME (Video inside)
26-07-2026 11:10
(ភ្នំពេញ)៖ សហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជាមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែនៅតែប្រឈមនឹងបញ្ហាមួយចំនួន ដែលទាមទារការយកចិត្តទុកដាក់ និងដំណោះស្រាយរួមគ្នាពីរាជរដ្ឋាភិបាល និងវិស័យឯកជន។
ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានលើកឡើងពីបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដែល SME នៅកម្ពុជាជួបប្រទះ រួមមាន ការប្រកួតប្រជែងខ្លាំងជាមួយទំនិញនាំចូល តម្លៃដើមផលិតខ្ពស់ ការខ្វះដើមទុន និងការទទួលបានហិរញ្ញវត្ថុ ការខ្វះខាតបច្ចេកវិទ្យា ទីផ្សារមានកម្រិត និងផលិតផលមិនទាន់មានស្តង់ដារ ឬម៉ាកយីហោរឹងមាំ។
យ៉ាងនេះក្តី លោកបានលើកឡើងនូវគន្លឹះដោះស្រាយបញ្ហាមួយចំនួនដែលរដ្ឋ និងម្ចាស់សហគ្រាសខ្លួនឯង ត្រូវធ្វើដើម្បីជួយឱ្យ ដើម្បីជំរុញឱ្យ SME ឈរជើងរឹងមាំ។
លោកបានមានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ រាជរដ្ឋាភិបាលអាចផ្តោតលើការកាត់បន្ថយថ្លៃដើមផលិតកម្ម តាមរយៈការផ្តល់ឥណទានអត្រាការប្រាក់ទាប និងពង្រឹងមូលនិធិធានាឥណទានសម្រាប់ SME ឲ្យមានលក្ខណៈសាមញ្ញ។
ជាមួយគ្នានេះ រដ្ឋគួរជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក (Local Content Program) បណ្តុះបណ្តាលធនធានមនុស្ស និងផ្ទេរបច្ចេកវិទ្យា ព្រមទាំងពង្រឹងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ការក្លែងបន្លំផលិតផល និងទំនិញគេចពន្ធ។ ការជំរុញ SME ឲ្យទៅជាឌីជីថល និងការបើកទីផ្សារថ្មីៗតាមរយៈពិព័រណ៍ពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ជាចំណុចគន្លឹះផងដែរ។
ចំណែកឯ SME ខ្លួនឯងក៏ត្រូវតែពង្រឹងសមត្ថភាពដោយខ្លួនឯងផងដែរ តាមរយៈការបង្កើនគុណភាពផលិតផល និងស្តង់ដារផលិតកម្ម ការបង្កើតម៉ាកយីហោរឹងមាំ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងទីផ្សារ។
ការបង្កើតបណ្តាញរវាង SME គ្នាឯងដើម្បីកាត់បន្ថយថ្លៃដើមវត្ថុធាតុដើម ការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផលថ្មី (R&D) ព្រមទាំងការបង្កើនតម្លាភាពហិរញ្ញវត្ថុ ក៏ជាកត្តាចាំបាច់ដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ។ ការរួមចំណែកពីគ្រប់ភាគីនឹងជួយឲ្យ SME កម្ពុជាអាចឈរជើងរឹងមាំ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕
សូមស្តាប់ការពន្យល់លម្អិតរបស់ ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី៖







