ភាពយន្ដខ្នាតធំរឿង «កំណើតអរូប» របស់ផលិតកម្ម «Wonder Film» ប្រកាសនាំចេញទៅចាក់បញ្ចាំងនៅទូទាំងអាស៊ីអាគ្នេយ៍ និងតំបន់អឺរ៉ុប រហូតដល់ទៅ ១៥ប្រទេស
25-12-2023 10:38
(ភ្នំពេញ)៖ ជាការបោះជំហានមួយទៅកាន់ទីផ្សារភាពយន្តលំដាប់សកល ខ្សែភាពយន្តខ្នាតធំគុណភាពអន្តរជាតិរបស់កម្ពុជាគឺរឿង «កំណើតអរូប» ត្រូវបានប្រកាសជាផ្លូវការក្នុងការនាំចេញទៅចាក់បញ្ចាំងនៅទូទាំងអាស៊ីអាគ្នេយ៍ និងប៉ែកអឺរ៉ុប រហូតដល់ទៅ១៥ប្រទេសធំៗ។
នេះគឺជាដំណឹងមួយដ៏ល្អសម្រាប់វិស័យភាពយន្តរបស់កម្ពុជាយើង ដែលកំពុងត្រូវប៉ាន់ពីខាងទីផ្សារភាពយន្តក្រៅស្រុក ជាពិសេសផលិតកម្ម Wonder Film Entertainment ដែលជាអ្នកបើកទំព័រដំបូងគេក្នុងប្រវត្តិសាស្រ្តភាពយន្តកម្ពុជាឆ្ពោះទៅកាន់អន្តរជាតិយ៉ាងច្រើនប្រទេសដូច្នេះ ហើយក៏ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រសម្រាប់វិស័យភាពយន្តខ្មែរ ដែលឈានជើងចូលទីផ្សារអឺរ៉ុប ជាពិសេសបញ្ចាំងផ្លូវការសុទ្ធតែរោងភាពយន្តលំដាប់ៗនៅទីនោះ។
អ្នកនិពន្ធ និងដឹកនាំរឿងលោក សែម វិសាល បានថ្លែងឱ្យដឹងក្នុងអង្គពិធីសន្និសីទសារព័ត៌មានស្តីពីការផ្សព្វផ្សាយនៅអន្តរជាតិអំពីខ្សែភាពយន្ត «កំណើតអរូប» នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នេះថា ការនាំយកទៅចាក់បញ្ចាំងនៅក្រៅប្រទេសនេះ គឺពុំមានការកែកុនសាច់រឿង ឬបន្ថែមប្លង់ណាមួយឡើយ គឺគ្រាន់តែសម្រួលផ្នែកបច្ចេកទេសសំឡេងឱ្យកាន់តែទាក់ទាញ និងមានស្តង់ដារអន្តរជាតិជាងមុន។ សមិទ្ធផលថ្មីនេះ នឹងត្រឡប់មកដាក់បញ្ចាំងឱ្យមហាជនកម្ពុជាបានទស្សនាម្តងទៀត។
លោកបន្តថា ចក្ខុវិស័យរបស់ផលិតកម្ម Wonder Film Entertainment គឺចង់ពាំនាំខ្សែភាពយន្តខ្មែរ ពោរពេញដោយគុណភាពពិតប្រាកដ និងបន្តបន្ទាប់ ដើម្បីចូលរួមលើកកំពស់ និងផ្សព្វផ្សាយវិស័យវប្បធម៌ តំបន់ទេសចរណ៍ ប្រពៃណី អរិយធម៌ ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ សាសនា ដ៏សម្បូរបែប និងបុរាណយូរលង់ជាកិត្តិនាមរបស់កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ទៅកាន់ពិភពលោកឲ្យបានកាន់តែច្រើន។
ទន្ទឹមនឹងការកោតសរសើរ ប្រធានសមាគមភាពយន្តកម្ពុជា លោក ឆាយ បូរ៉ា បានសម្តែងពីអារម្មណ៍មានមោទកភាពខ្លាំងបំផុត ដែលរឿងខ្មែរអាចធ្វើបានបែបនេះ។
គួរបញ្ជាក់ថា រឿង «កំណើតអរូប» បានចាប់ផ្តើមចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅប្រទេសកម្ពុជា កាលពីដើមខែមេសា ឆ្នាំ២០២៣ ដោយទទួលបានការគាំទ្រខ្លាំងយ៉ាងមិននឹកស្មានដល់ពីអ្នកនិយមចូលចិត្តមើលរឿងប្រភេទរន្ធត់ ឬលងបន្លាច ក្នុងរយៈពេលមួយដ៏ខ្លី រហូតដល់មានការចាប់អារម្មណ៍ពីប្រទេសជិតខាងដូចជាឡាវ និងថៃជាដើម។
សាច់រឿងដ៏ប្លែកមួយនេះ នឹងធ្វើដំណើរ GOINTERNATIONAL ទៅបណ្តាប្រទេសទាំង១៥ លើសកលលោកក្នុងពេលឆាប់ៗនេះ។ មិនត្រឹមតែ ១៥ប្រទេសលើទីផ្សារអាស៊ី និងអឺរ៉ុបនោះទេ នឹងបញ្ជាក់ផ្លូវការបន្ថែមប្រមាណជិត ២០ប្រទេសទៀត និងក្រោយបញ្ចាំងតាមបណ្ដារោងភាពយន្ត អន្តរជាតិរួចរាល់ នឹងមានក្នុង platform online ធំៗប្រមាណជិត ២០០ ប្រទេសទៀតផង។
រឹតតែពិសេសជាងនេះទៀតនោះ ខ្សែភាពយន្តថ្មីរបស់ Wonder Film នឹងកាន់តែអស្ចារ្យបន្ថែមទៀត ទាំងបច្ចេកទេស និងគុណភាពលំដាប់អន្តរជាតិ ដែលនឹងចេញជាផ្លូវការចាប់ពី ពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខនេះតទៅ៕


















