* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា នឹងប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ ដើម្បីរំលត់ និងបញ្ចប់បញ្ហាព្រំដែនជាមួយថៃ (Video inside)

02-06-2025 10:18

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានអះអាងជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ ដើម្បីរំលត់ និងបញ្ចប់បញ្ហាព្រំដែនជាមួយប្រទេសថៃ បើទោះបីថៃមិនព្រមឡើងទៅតុលាការ ICJ យ៉ាងណាក៏ដោយ។

ការបញ្ជាក់ជាថ្មីរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងសមាជជាលើកដំបូងជជែកអំពីប្រព័ន្ធ​គាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម របស់រដ្ឋសភា និងព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដោះស្រាយតាមផ្លូវតុលាការអន្ដរជាតិ ដើម្បីកុំឲ្យប្រទេសទាំងពីរឈានដល់ការផ្ទុះអាវុធដាក់គ្នា និងធ្លាក់ចូលអន្ទាក់របស់ក្រុមជ្រុលនិយម។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដោយសារភាពមិនច្បាស់លាស់អំពីបញ្ហាព្រំដែន ក៏ដូចជា MoU ឆ្នាំ២០០០។ បើទោះបីជាភាគីថៃ មិនឯកភាពជាមួយយើង នៅក្នុងយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្ដឹង ICJ ដើម្បីបញ្ចប់បញ្ហា និងពន្លត់បញ្ហានេះតែម្ដងកុំឲ្យមានបញ្ហាស្រពិចស្រពិលគ្នា ពិសេសការធ្លាក់ចូលក្នុងការបំផុសរុញច្រាន ដោយក្រុមជ្រុលនិយមមួយក្ដាប់តូច នៅក្នុងប្រទេសថៃ និងកម្ពុជា ដែលអាចឈានទៅដល់ការផ្ទុះអាវុធ និងការប្រឈមមុខដាក់គ្នា»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, បើទោះបីជាកម្ពុជា ព្យាយាមដោះស្រាយដោយសន្ដិវិធីតាមយន្ដការបច្ចេកទេស និងផ្អែកលើមូលដ្ឋានច្បាប់អន្ដរជាតិ ប៉ុន្ដែកម្ពុជារក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាមានការប៉ុនប៉ង់រំលោភដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធ។

សូមរំលឹកថា តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ក៏ទើបបានបញ្ជាក់ថា ក្រោយពីត្រឡប់ពីបំពេញ​បេសក​កម្មក្រៅប្រទេស នៅព្រឹកថ្ងៃនេះ សម្តេចបានជួបប្រជុំជាមួយ​ថ្នាក់​ដឹក​នាំកងទ័ពនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍​ពីសភាព​ការណ៍​ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា ដូចអ្វីដែលសម្តេចបានបញ្ជាក់​នាពេលកន្លងទៅ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែន​ដោយសន្តិ​វិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល​។

ឈរលើស្មារតីខាងលើនេះ សម្តេចមហាបវរធិបតី បានបញ្ជាឱ្យគណៈ​កម្ម​ការ​​ព្រំដែនចម្រុះ (JBC) កម្ពុជា ធ្វើកិច្ចការចំនួនពីរដូចខាងក្រោម៖

១៖ រៀបចំការប្រជុំ JBC ជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន និង​បន្តការងារវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង​ប្រទេស​ទាំងពីរ។

២៖ ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការ​យក​​​បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ទៅ​តុលា​ការ​យុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចផងដែរថា ដោយសារ​ក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតា​មាន់​ធំ ប្រាសាទតាមាន់តូច មានសកម្មភាពជាបន្ត​បន្ទាប់​របស់ក្រុមជ្រុល​និយម​មួយចំនួនតូចបានបំផុសចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែល​អាចឈានទៅការប្រឈម​មុខដាក់គ្នាសារជាថ្មី​នៅពេល​ខាងមុខ។ សម្តេចមហាបវរធិបតី សង្ឃឹមថា ភាគីទាំងពីរនិងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។

បើទោះបីជាយ៉ាងណា សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់សារជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កំលាំងកងទ័ព៕

">