អ៉ីរ៉ង់ថាសម្រេចបានវឌ្ឍនភាពលើចំណុចច្រើនជាមួយអាមេរិក ប៉ុន្តែកិច្ចព្រមព្រៀងនឹងមិនទាន់អាចឈានដល់ឆាប់ៗទេ (Video inside)
25-05-2026 16:21
(តេហេរ៉ង់)៖ នាថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ អ៉ីរ៉ង់បាននិយាយថា ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន សម្រេចបានវឌ្ឍនភាពលើចំណុចជាច្រើន ក្នុងកិច្ចប្រឹងប្រែងចរចា ដើម្បីបញ្ចប់សង្រ្គាម ប៉ុន្តែកិច្ចព្រមព្រៀងចុងក្រោយមួយ នឹងមិនទាន់អាចឈានដល់ក្នុងពេលឆាប់ៗទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baqaei បានលើកឡើងដូច្នេះថា «វាត្រឹមត្រូវដែលនិយាយថា ពួកយើងបានឈានដល់ការសម្រេចចិត្តលើមួយភាគធំ នៃបញ្ហានានាដែលត្រូវបានពិភាក្សា ប៉ុន្តែការនិយាយថា វាមានន័យការចុះកិច្ចព្រមព្រៀងនឹងធ្វើឡើងឆាប់ៗ គឺពុំមាននរណា អាចធ្វើការអះអាងបែបនេះឡើយ»។
លោក Baqaei បានគូសបញ្ជាក់ថា អ៉ីរ៉ង់កំពុងផ្តោតការចរចាជាចម្បង ដើម្បីបិទបញ្ចប់សង្រ្គាម និងមិនមែនកំពុងពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរទេ ហើយលោកបាននិយាយថា ការផ្លាស់ប្តូរគោលជំហរចុះឡើង និងការចេញសេចក្តីថ្លែងការណ៍ផ្ទុយម្តងហើយម្តងទៀត ដោយទីក្រុងវ៉ាស៉ីនតោន គឺជាឧបសគ្គរារាំងការឈានដល់កិច្ចព្រមព្រៀងណាមួយ។ បើតាមអ្នកនាំពាក្យអ៉ីរ៉ង់ បញ្ហាកម្មវិធីនុយក្លេអ៊ែរ នឹងត្រូវលើកមកពិភាក្សា លុះត្រាតែនៅក្រោយពេល ភាគីទាំងពីរឯកភាពគ្នាលើក្របខណ្ឌ សម្រាប់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា កិច្ចព្រមព្រៀងដើម្បីបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ អាចលេចចេញរូបរាងនៅថ្ងៃចន្ទនេះ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមមន្រ្តីរបស់លោក មិនឱ្យប្រញាប់ចុះកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់។ សង្រ្គាមអាមេរិកនិងអ៉ីស្រាអែល ប្រឆាំងប្រទេសអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ប៉ុន្តែការប្រយុទ្ធគ្នាត្រូវបានផ្អាក ក្រោមបទឈប់បាញ់៕




