លោក ត្រាំ ភ្ជាប់បញ្ហាកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ ទៅនឹងកិច្ចព្រមព្រៀង Abraham Accords
25-05-2026 20:25
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះបានថ្លែងថា វាគួរតែជាកាតព្វកិច្ចចាំបាច់សម្រាប់បណ្តាប្រទេសនានា រួមមាន កាតា ប៉ាគីស្ថាន អេហ្ស៊ីប ហ្សកដានី និងតួកគី ក្នុងការចុះហត្ថលេខាចូលរួមក្នុងកិច្ចព្រមព្រៀង «អាប្រាហាំ អាខដស៍» (Abraham Accords) ព្រមៗគ្នា ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅ លោកបានជួបសន្ទនាជាមួយមេដឹកនាំនៃប្រទេសទាំងនោះ ក៏ដូចជាប្រទេសអារ៉ាប៊ីសាអូឌីត និងបារ៉ែន ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែលរួចរាល់ហើយ។ លោកបានសង្កត់ធ្ងន់ថា បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាដ៏ស្មុគស្មាញនេះ ប្រទេសទាំងអស់នោះគួរតែមានកាតព្វកិច្ចចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham Accords នេះក្នុងពេលតែមួយ។
មេដឹកនាំអាមេរិករូបនេះបានបន្ថែមថា ប្រទេសទាំងនោះនឹងមានកិត្តិយសក្នុងការទទួលស្វាគមន៍ប្រទេសអ៊ីរ៉ង់ ឱ្យចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះផងដែរ នៅពេលដែលកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមត្រូវបានសម្រេចជាស្ថាពរ។ ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានបង្ហើបថា កិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់កំពុង «ដំណើរការទៅយ៉ាងរលូន» ប៉ុន្តែលោកមិនបានបញ្ជាក់សញ្ញាណាមួយថា កិច្ចព្រមព្រៀងនេះនឹងត្រូវសម្រេចបានក្នុងពេលឆាប់ៗនេះនោះទេ៕




