អាជ្ញាធរឥណ្ឌូណេស៉ី ចាប់ខ្លួនអតីតរដ្ឋអាជ្ញាប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្រោយការរឹបអូសប្រាក់ជិត២០លានដុល្លារ និងមាស៧០គីឡូក្រាម (Video inside)

26-07-2026 10:25

(ហ្សាការតា)៖ អាជ្ញាធរនៃប្រទេសឥណ្ឌូណេស៊ី បានចាប់ខ្លួនអតីតរដ្ឋអាជ្ញាជាន់ខ្ពស់ម្នាក់ទទួលបន្ទុកប្រយុទ្ធប្រឆាំងអំពើពុករលួយ បន្ទាប់ពីបានរឹបអូសប្រាក់រាប់លានដុល្លារ និងមាសដុំជាង៧០គីឡូក្រាមពីផ្ទះនិងអចលនទ្រព្យដទៃទៀតរបស់មន្រ្តីម្នាក់នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦។

លោក Febrie Adriansyah ត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់ កាលពីអំឡុងពេលបម្រើការជារដ្ឋអាជ្ញាកំពូលផ្នែកប្រឆាំងអំពើពុករលួយរបស់ប្រទេស។ លោក Febrie បានលាលែងពីតំណែង កាលពីថ្ងៃទី១១ ខែកក្កដា បន្ទាប់ពីបម្រើការងារក្នុងតួនាទីនេះអស់រយៈពេលជាង៤ឆ្នាំ ក្រោយពីមានការបើកប្រតិបត្តិការឆ្មក់ឆែកឆេរនៅទីតាំងអចលនទ្រព្យជាច្រើនកន្លែង រួមទាំងផ្ទះរបស់លោកនៅជាយរដ្ឋធានីហ្សាការតា។

ក្រុមអ្នកស៊ើបអង្កេតបានរឹបអូសប្រាក់១៩លានដុល្លារ ក្នុងទម្រង់ជារូបិយប័ណ្ណផ្សេងៗគ្នា និងមាសដុំ៧៤គីឡូក្រាម ដែលមានតម្លៃរាប់លានដុល្លារបន្ថែមទៀត។ បន្ទាប់ពីការសាកសួរអស់ជាច្រើនម៉ោង លោក Febrie បានបដិសេធថាមិនបានប្រព្រឹត្តខុសអ្វីទាំងអស់ ហើយបាននិយាយថា លោកគឺជាជនរងគ្រោះនៃ «ការធ្វើឱ្យក្លាយជាឧក្រិដ្ឋជន»។ មេធាវីរបស់លោកបាននិយាយថា កូនក្តីរបស់ខ្លួនសង្ឃឹមថា ដំណើរការផ្លូវច្បាប់ នឹងអាចប្រព្រឹត្តទៅដោយយុត្តិធម៌។

គួរបញ្ជាក់ថា ការស៊ើបអង្កេតប្រឆាំងនឹងលោក Febrie ត្រូវបានចាប់ផ្តើមដោយប៉ូលិស បន្ទាប់មកវាត្រូវបានប្រគល់ទៅឱ្យ ក្រុមអ្នកឯកទេសប្រឆាំងអំពើពុករលួយ នៅក្នុងអតីតការិយាល័យរបស់លោកផ្ទាល់។ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ បានតស៊ូប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អស់រយៈពេលជាយូរមកហើយ និងបានចាប់ខ្លួនមន្ត្រីសាធារណៈជាច្រើននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕