លោក ហ្សេលេនស្គី៖ រុស្ស៉ីចង់នាំទាហានកូរ៉េខាងជើង ៣០០០០នាក់ទៀត មកចូលរួមក្នុងសង្រ្គាមអ៊ុយក្រែន (Video inside)

26-07-2026 12:14

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថា រុស្ស៊ីចង់នាំកងទ័ពកូរ៉េខាងជើង ៣០០០០នាក់ទៀត មកចូលរួមក្នុងសង្រ្គាមដែលអូសបន្លាយជាង៤ឆ្នាំរបស់ខ្លួន ហើយថាទីក្រុងមូស្គូកំពុងត្រៀមរួចជាស្រេច ទទួលទាហានទាំងអស់នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Zelenskiy បានថ្លែងនៅក្នុងសុន្ទរកថាវីដេអូប្រចាំពេលយប់របស់លោក យ៉ាងដូច្នេះថា «យើងក៏មើលឃើញកិច្ចសហប្រតិបត្តិការរបស់រុស្ស៊ី ជាមួយកូរ៉េខាងជើងផងដែរ។ រុស្ស៊ីចង់នាំយកទ័ពកូរ៉េខាងជើង ៣០០០០នាក់បន្ថែមទៀត»។ លោកប្រធានាធិបតីអ៊ុយក្រែន បន្តថា «ការត្រៀមរៀបចំ គឺត្រូវបានចាប់ផ្តើមនៅក្នុងតំបន់ Voronezh របស់រុស្ស៊ី តាំងពីខែមិថុនា ដើម្បីទទួលពួកគេ»។

លោក Zelenskiy បានអះអាងទៀតថា កូរ៉េខាងជើងកំពុងត្រៀមផ្គត់ផ្គង់ឱ្យរុស្ស៊ីនូវប្រព័ន្ធបាញ់មីស៊ីលផ្លោងថ្មី។ លោកបានបន្ថែមថា ««នេះមិនមែនត្រឹមជាការគំរាមកំហែងចំពោះអ៊ុយក្រែនតែឯងនោះទេ។ រុស្ស៊ីកំពុងជួយកូរ៉េខាងជើងរៀនពីរបៀបធ្វើសង្គ្រាម របៀបធ្វើឱ្យប្រសើរឡើងនូវអាវុធរបស់ពួកគេ ហើយទទួលបានបទពិសោធប្រយុទ្ធពិតប្រាកដ ក្នុងការប្រើប្រាស់ពួកវា»។ លោកបន្តថា ««ទាំងអស់នេះ បង្កការគំរាមកំហែងចំពោះគ្រប់ប្រទេសនៅតំបន់អាស៊ី ដែលស្ថិតក្នុងរយៈចម្ងាយមីស៊ីលរបស់កូរ៉េខាងជើង»។ លោក Zelenskiy បានប្តេជ្ញាថា អ៊ុយក្រែននឹងឆ្លើយតបចំពោះការគំរាមកំហែងនេះ។

គួរបញ្ជាក់ថា ក្រោមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ដែលត្រូវបានចុះហត្ថលេខារវាងលោក គីម ជុងអ៊ុន និងលោក វ៉្លាឌីមៀ ពូទីន កូរ៉េខាងជើង បានបញ្ជូនទាហានប្រមាណ ១៤០០០ នាក់ ទៅកាន់តំបន់ Kursk របស់រុស្ស៊ី កាលពីក្នុងឆ្នាំ២០២៤ ដើម្បីជួយទីក្រុងម៉ូស្គូទប់ទល់នឹងការវាយលុកលុយដ៏ធំមួយ ចូលទៅក្នុងតំបន់នោះ ដោយកងកម្លាំងអ៊ុយក្រែន៕