សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សហការជាមួយសាលាមធ្យមវិចិត្រសិល្បៈ រៀបចំពិព័រណ៍រូបថត និងគំនូរ «ពណ៌ស្រស់ត្រកាលនៃមិត្តភាពកម្ពុជា-ចិន»
26-07-2026 15:26
(ភ្នំពេញ)៖ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សហការជាមួយសាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំកម្មវិធី «ពណ៌ស្រស់ត្រកាលនៃមិត្តភាពកម្ពុជា-ចិន»៖ ពិព័រណ៍រូបថត និងគំនូរ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ ព្រមទាំងពង្រឹងចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងចិន។
កម្មវិធីនេះទទួលបានការគាំទ្រពី មូលនិធិចិនសម្រាប់ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ, មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ និង មូលនិធិចិន Peaceland ដោយមានការចូលរួមពីសិល្បករគំនូរកម្ពុជា និងចិនរាប់សិបនាក់ ព្រមទាំងសិស្សានុសិស្សដែលកំពុងសិក្សាជំនាញវិចិត្រសិល្បៈជាង ១០០នាក់។
លោក Liu Wenzhi តំណាងមូលនិធិចិន Peaceland បានថ្លែងថា សិល្បៈគំនូរមានតម្លៃយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ វប្បធម៌ និងភាពច្នៃប្រឌិតរបស់ប្រជាជាតិ។ លោកបានបញ្ជាក់ថា ស្នាដៃរបស់សិល្បករកម្ពុជា និងចិន មិនត្រឹមតែបង្ហាញពីសោភ័ណភាពនៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកំណត់ត្រានៃអនុស្សាវរីយ៍ និងព្រឹត្តិការណ៍សំខាន់ៗ ដែលរួមចំណែកពង្រឹងការយល់ដឹង និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានមានប្រសាសន៍ថា សិល្បៈគំនូររបស់កម្ពុជា និងចិន មានភាពប្រទាក់ក្រឡាគ្នាតាំងពីអតីតកាលមក ហើយកម្មវិធីនេះបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់សិល្បករ និងសិស្សានុសិស្ស ក្នុងការផ្លាស់ប្តូរបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងរួមចំណែកលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាបេសកជនផ្លូវសូត្រ បានមានប្រសាសន៍ថា នេះជាលើកទី៣ហើយ ដែលសមាគមបានរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ក្រោមការគាំទ្រពីមូលនិធិចិនសម្រាប់ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ។ លោកបានបញ្ជាក់ថា កម្មវិធីនេះ គឺជាការរួមចំណែកអនុវត្ត គំនិតផ្តួចផ្តើមអរិយធម៌សកល (Global Civilization Initiative) ដែលប្រទេសចិនបានប្រកាសនៅឆ្នាំ២០២៣ ដោយផ្តោតលើការគោរពភាពចម្រុះនៃអរិយធម៌ ការលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមករវាងអរិយធម៌នានា។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានបន្ថែមថា សិល្បៈ និងវប្បធម៌ គឺជាស្ពានដ៏សំខាន់សម្រាប់ភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែមានការយល់ដឹង និងជឿទុកចិត្តគ្នាទៅវិញទៅមក។ តាមរយៈការរៀបចំពិព័រណ៍នេះ សមាគមសង្ឃឹមថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងយុវជន និងសិល្បករកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ ស្របតាមទិសដៅនៃការកសាងសហគមន៍កម្ពុជា-ចិនដែលមានអនាគតរួម។
ក្នុងឱកាសនោះ សិល្បករ និងសិស្សានុសិស្សក៏បានទស្សនាពិព័រណ៍រូបថត និងស្នាដៃគំនូរជាច្រើន ដែលបង្ហាញពីសម្រស់ធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជីវភាពរស់នៅ និងចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងចិន ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយការផ្លាស់ប្តូរផ្នែកសិល្បៈ និងវប្បធម៌៕
វិទ្យុមិត្តភាពកម្ពុជាចិន











