ក្រុមការងារយុវជនស្មគ្រចិត្តក្រុងធានជីង បំពេញទស្សនកិច្ចសិក្សាឈ្វេងយល់ពីការអភិវឌ្ឍភូមិគំរូមិត្តភាពកម្ពុជា-ចិន (ភូមិតានន)
26-07-2026 16:12
(ខេត្តតាកែវ)៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារយុវជនស្មគ្រចិត្តមកពីក្រុងធានជីង ប្រ៦ចិន បានអញ្ជើញបំពេញទស្សនកិច្ចសិក្សា ឈ្វេងយល់ពីការអភិវឌ្ឍ ភូមិគំរូមិត្តភាពកម្ពុជា-ចិន (ភូមិតានន) ស្ថិតនៅឃុំដូង ស្រុកបាទី ខេត្តតាកែវ ដែលជាគម្រោងអភិវឌ្ឍសហគមន៍ដ៏ជោគជ័យមួយ ក្រោមកិច្ចសហប្រតិបត្តិការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ។
ក្នុងឱកាសនោះ លោកស្រី សោម បូរិន និងលោក ប៉ាង សាម៉ឺឌី មេភូមិតានន បានធ្វើបទបង្ហាញជូនគណៈប្រតិភូចិន អំពីការប្រែប្រួលមុខមាត់របស់ភូមិ ដែលពីមុនជាភូមិក្រីក្រ ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ មកជាភូមិដែលមានការអភិវឌ្ឍលើវិស័យជាច្រើន ដូចជា អគារពហុបំណង អគារសាលារៀន១ខ្នង ផ្លូវបេតុងជាង៣០០០ម៉ែត្រ ប្រព័ន្ធទឹកស្អាត អគ្គិសនីបំភ្លឺ អនាម័យ ដេីមឈេីលម្អផ្លូវនិងភូមិ បរិស្ថាន និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។ ការផ្លាស់ប្តូរជាវិជ្ជមាននេះ បានកើតឡើងតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ដែលបានចាប់ផ្តើមអនុវត្តគម្រោងចាប់តាំងពីឆ្នាំ២០២១មក។
ជំនួសមុខឱ្យក្រុមការងារយុវជនស្មគ្រចិត្តក្រុងធានជីង លោកស្រី Li Ai បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងវឌ្ឍនភាពដែលភូមិតាននសម្រេចបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ លោកស្រីបានលើកឡើងថា ភូមិតានន គឺជាគំរូដ៏ល្អមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន ហើយបានបង្ហាញពីប្រសិទ្ធភាពនៃការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងការអភិវឌ្ឍសហគមន៍។ លោកស្រីក៏បានបញ្ជាក់ពីការបន្តគាំទ្រការពង្រឹង កិច្ចសហការរវាងសង្គមស៊ីវិលនៃប្រទេសកម្ពុជា និងប្រទេសចិន ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្លាស់ប្តូរបទពិសោធន៍រវាងយុវជននៃប្រទេសទាំងពីរ។
ដោយទទួលបានការចង្អុលបង្ហាញពី ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក ជា មុនីឫទ្ធិ បានធ្វើបទបង្ហាញជូនគណៈប្រតិភូ អំពីផែនការសកម្មភាពអភិវឌ្ឍភូមិសម្រាប់រយៈពេលពីរឆ្នាំបន្តទៀត ដោយផ្តោតលើការពង្រឹងជីវភាពប្រជាពលរដ្ឋ ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់បរិស្ថាន ការអប់រំ និងសុខុមាលភាពសហគមន៍។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីទិសដៅសកម្មភាពសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ដែលនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូចិន និងអង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យភូមិតាននក្លាយជាគំរូនៃការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាព និងជានិមិត្តរូបនៃមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន។
ដំណើរទស្សនកិច្ចនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការបន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងយុវជន និងអង្គការសង្គមស៊ីវិលនៃប្រទេសទាំងពីរ ព្រមទាំងបានរួមចំណែកលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍសហគមន៍ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍរួមនាពេលអនាគត ស្របតាមកិច្ចកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី៕
វិទ្យុមិត្តភាពកម្ពុជាចិន







