អាជ្ញាធរអាកាសចរណ៍អាមេរិក ថាឧទ្ធម្ភាគចក្រដឹកលោក ដូណាល់ ត្រាំ បានហោះកៀកខ្លាំងពេកជាមួយយន្តហោះដឹកអ្នកដំណើរ១គ្រឿង ប៉ុន្តែលោកប្រធានាធិបតីមិនបានស្ថិតក្នុងគ្រោះថ្នាក់ទេ (Video inside)
06-08-2026 13:31
(វ៉ាស៉ីនតោន)៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ឧទ្ធម្ភាគចក្រយោធា១គ្រឿងដែលដឹកលោកប្រធានាធិបតី ដូណាល់ ត្រាំ បានស្ថិតនៅចម្ងាយកៀកខ្លាំងពេកមួយភ្លែត ជាមួយយន្តហោះដឹកអ្នកដំណើរ១គ្រឿង ដែលចាកចេញពីអាកាសយាន Reagan Washington National Airport ប៉ុន្តែលោក ត្រាំ មិនបានស្ថិតក្នុងគ្រោះថ្នាក់ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ឧប្បត្តិហេតុខាងលើនាំឱ្យមានការចោទសួរជាខ្លាំង ថាហេតុអ្វីបានជាយន្តហោះដឹកអ្នកដំណើរនោះ ត្រូវបានអនុញ្ញាតឱ្យចាកចេញ ស្របពេលដែលឧទ្ធម្ភាគចក្រ Marine One កំពុងតែស្ថិតនៅក្បែរនោះ ដែលជាពេលមួយ ជាទូទៅគឺការធ្វើចរាចរណ៍របស់យន្តហោះពាណិជ្ជកម្ម ត្រូវបានផ្អាកជាបណ្តោះអាសន្នសិន។
ប្រភពចំនួន២ បានបង្ហើបប្រាប់ Reuters ថា ឧទ្ធម្ភាគចក្រ Marine One របស់លោក ត្រាំ បានហោះចាកចេញពីសេតវិមាន កាលពីរសៀលថ្ងៃអង្គារ ប៉ុន្តែក្រុមអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស មិនបានផ្អាកជើងហោះហើរពាណិជ្ជកម្មជាបណ្តោះអាសន្ន នៅឯអាកាសយានដ្ឋាន Reagan National ដូចដែលបានកំណត់ក្រោមគោលការណ៍ ដាក់ចេញកាលពីឆ្នាំមុនឡើយ។ ក្រោយគ្រោះថ្នាក់បុកគ្នាលើផ្ទៃអាកាស កាលពីខែមករា ឆ្នាំ២០២៥ រវាងឧទ្ធម្ភាគចក្រយោធា១គ្រឿង និងយន្តហោះពាណិជ្ជកម្ម១គ្រឿង ដែលបានផ្តាច់ជីវិតមនុស្សសរុប ៦៧នាក់ FAA បានហាមឃាត់ចរាចរណ៍លាយឡំគ្នារវាងឧទ្ធម្ភាគចក្រ និងយន្តហោះដឹកអ្នកដំណើរ នៅក្បែរអាកាសយានដ្ឋាននោះ។
គួរបញ្ជាក់ថា គោលការណ៍របស់ FAA តម្រូវឱ្យយន្តហោះត្រូវរក្សាគម្លាតឆ្ងាយពីគ្នា យ៉ាងហោច១,៥ម៉ាយស៍ ឬ២,៤គីឡូម៉ែត្រ និងលើក្រោមគ្នាប្រហែល៥០០ហ្វីត ឬ១៥២ម៉ែត្រ នៅក្បែរអាកាសយានដ្ឋាននានា។ គណៈកម្មការជាតិសុវត្ថិភាពមធ្យោបាយដឹកជញ្ជូន NTSB បាននិយាយថា ខ្លួននឹងបើកការស៉ើបអង្កេតលើឧប្បត្តិហេតុនេះ។ ទាំងឧទ្ធម្ភាគចក្ររបស់លោក ត្រាំ និងយន្តហោះដឹកអ្នកដំណើរប្រភេទ Embraer របស់ Envoy Air ដែលជាអាកាសចរណ៍បម្រើជើងហោះហើរក្នុងតំបន់ បានចុះចតដោយសុវត្ថិភាព៕





