អាជ្ញាធរអ៊ុយក្រែន៖ មនុស្ស៦នាក់ស្លាប់ ក្នុងការវាយប្រហារថ្មីចុងក្រោយរបស់រុស្ស៉ី

06-08-2026 14:17

(កៀវ)៖ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរនៅប្រទេសអ៊ុយក្រែន បានឱ្យដឹងថា ក្រុមភ្នាក់ងារជួយសង្រ្គោះ កំពុងព្យាយាមពន្លត់អគ្គិភ័យនិងរើគំនរបាក់បែក នៅទីក្រុង Balakliia ភាគខាងកើត ក្រោយការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី បានត្រូវចំលំនៅដ្ឋានសម្លាប់មនុស្ស៣នាក់ កាលពីពេលវេលាយប់កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ទន្ទឹមគ្នា មនុស្ស៣នាក់ ក៏ត្រូវបានសម្លាប់ផងដែរ និងយ៉ាងហោច១៩នាក់បានរងរបួស ក្នុងការវាយប្រហាររបស់រុស្ស៉ីលើតំបន់ Sumy នៅភាគខាងជើង។ ប៉ូលិសអ៊ុយក្រែន បានអះអាងថា មនុស្ស១២នាក់ផ្សេងទៀត បានរងរបួសនៅទីក្រុង Sumy ផ្ទាល់ ខណៈរដ្ឋបាលតំបន់ Kherson នៅភាគខាងត្បូង បាននិយាយថា ការវាយប្រហារដោយដ្រូន ត្រូវចំលើរថយន្ត១គ្រឿង បានបង្ក​ឱ្យរបួសមនុស្ស៦នាក់ នៅទីនោះ។

គួរបញ្ជាក់ថា ភាគីទាំងពីរបានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយដាក់គ្នាទៅវិញទៅមក ក្នុងពេលប៉ុន្មានសប្តាហ៍មកនេះ ដោយរុស្ស៊ីបានបង្កើនការប្រើប្រាស់មីស៊ីលទ្វេដង កាលពីក្នុងខែកក្កដា។ កាលពីពេលថ្មីៗនេះ អង្គការសហប្រជាជាតិ បានបង្ហាញក្តីបារម្ភពីការកើនឡើងខ្លាំង នៃចំនួនជនស៉ីវិលបាត់បង់ជីវិត នៅក្នុងជម្លោះរវាងប្រទេសទាំងពីរ គិតចាប់តាំងពីឆ្នាំ២០២២មក។ ទាំងទីក្រុងមូស្គូនិងទីក្រុងកៀវ សុទ្ធតែបានបដិសេធដូចគ្នា ចំពោះការកំណត់គោលដៅលើជនស៊ីវិល នៅក្នុងសង្គ្រាមដែលបង្កឡើងដោយ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២៕