រុស្ស៉ីអះអាងពីការបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនជាង៦០០គ្រឿង

06-08-2026 14:52

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ ថា រុស្ស៊ីបានបាញ់ទម្លាក់ យន្តហោះដ្រូនអ៊ុយក្រែនចំនួន៦០៥គ្រឿង អំឡុងវេលាយប់កន្លងទៅនេះ នៅលើទឹកដីប្រទេសរុស្ស៉ី និងនៅឧបទ្វីបគ្រីមៀ ដែលទីក្រុងមូស្គូបានក្រសោបយកពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រសួងបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «ក្នុងអំឡុងពេលយប់មិញនេះ ប្រព័ន្ធការពារដែនអាកាស បានបាញ់ស្ទាក់និងបំផ្លាញយន្តហោះដ្រូនអ៊ុយក្រែនសរុប ៦០៥ គ្រឿង»។ ក្រសួងបានលើកឡើងពីការវាយប្រហារនៅក្នុងតំបន់ Tver ចម្ងាយប្រហែល១៨០គីឡូម៉ែត្រ ពីភាគពាយព្យនៃរដ្ឋធានីម៉ូស្គូ ជាទីដែលអាជ្ញាធរប្រចាំតំបន់ បានរាយការណ៍ថា មជ្ឈមណ្ឌលឡូជីស្ទីគមួយកន្លែង របស់ក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់រុស្ស៉ី Wildberries បានរងការខូចខាត។

អភិបាលតំបន់​ខាងលើ គឺលោក Vitaly Korolyov បានប្រាប់ថា ប្រព័ន្ធការពារដែនអាកាស បានទប់ស្កាត់ការវាយប្រហាររបស់អ៊ុយក្រែន។ លោកបានសរសេរនៅលើបណ្តាញ Telegram ថា ជាលទ្ធផលនៃការធ្លាក់បំណែកពីយន្តហោះដ្រូន ផ្នែកខាងមុខនៃមជ្ឈមណ្ឌលឡូជីស្ទីគរបស់ Wildberries បានរងការខូចខាតតែមិនធ្ងន់ធ្ងរទេ ហើយលោកបន្ថែមថា គ្មាននរណាម្នាក់ រងរបួសឡើយ។

អ៊ុយក្រែនបានវាយប្រហារទីតាំងជាច្រើនរបស់ Wildberries ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ពេញនិយមបំផុត រហូតត្រូវបានគេដាក់រហស្សនាមថា Amazon របស់រុស្ស៊ី ម្តងហើយម្តងទៀតនៅទូទាំងប្រទេសរុស្ស៉ី ចាប់តាំងពីពាក់កណ្តាលខែកក្កដាមក។

លោក Mikhail Yevrayev អភិបាលតំបន់ Yaroslavl ស្ថិតនៅចម្ងាយប្រហែល ២៥០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុងម៉ូស្គូ បានរាយការណ៍ពីការវាយប្រហារដ៏ធំសម្បើមមួយ ប្រឆាំងនឹងតំបន់របស់លោក ដោយអះអាងថា យន្តហោះដ្រូន៩២គ្រឿង ត្រូវបានបាញ់ទម្លាក់។ លោកបានបន្ថែមនៅលើ Telegram ថាបំណែកដ្រូន បានបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះផ្ទះ និងខូចខាតរថយន្តមួយចំនួន។

គួរបញ្ជាក់ថា ជាងបួនឆ្នាំបន្ទាប់ពីការចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន កិច្ចប្រឹងប្រែងការទូតដើម្បីស្វែងរកទីបញ្ចប់សម្រាប់ជម្លោះ នៅតែជាប់គាំង ហើយប្រទេសទាំងពីរ បានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយដាក់គ្នា ដែលបណ្តាលឱ្យចំនួនជនស៊ីវិលរងគ្រោះ កើនឡើងយ៉ាងកត់សម្គាល់៕