សិង្ហបុរី ថាការនាំចេញទំហំ៧,៤ពាន់លានដុល្លារ រងការប៉ះពាល់ដោយសារពន្ធគយថ្មីរបស់អាមេរិក (Video inside)

06-08-2026 15:32

(សិង្ហបុរី)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសសិង្ហបុរី លោក Gan Kim Yong បាននិយាយថា ប្រមាណមួយភាគបី នៃទំនិញនាំចេញរបស់សិង្ហបុរីទៅកាន់សហរដ្ឋអាមេរិក ដែលមានទំហំស្មើនឹង៩,៥ពាន់លានដុល្លារសិង្ហបុរី (៧,៤ ពាន់លានដុល្លារអាមេរិក) នឹងរងផលប៉ះពាល់ដោយសារពន្ធគយថ្មីរបស់អាមេរិក អត្រា១២,៥ភាគរយ ដែលត្រូវបានដាក់ កាលពីថ្ងៃទី២៤ ខែកក្កដា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងនៅក្នុងសភាសិង្ហបុរី កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Gan បានលើកឡើងថា ពន្ធគយដែលបានដាក់ក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មរបស់អាមេរិកឆ្នាំ១៩៧៤ នឹងប៉ះពាល់ដល់ប្រមាណមួយភាគបីនៃទំនិញនាំចេញរបស់ប្រទេសសិង្ហបុរី រួមមានទាំងឧបករណ៍អុបទិក និងផលិតផលគីមី។ ទំនិញនាំចេញដែលត្រូវបានលើកលែង រួមមានដូចជា ថាមពលនិងផលិតផលថាមពល ក៏ដូចជាផលិតផលអេឡិចត្រូនិក និងផលិតផលបម្រើវិស័យអាកាសចរណ៍និងអវកាសមួយចំនួន ព្រមទាំងឧបករណ៍អេឡិចត្រូនិក និងឱសថ។

លោក Gan បានបន្តថា សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានដាក់ពន្ធគយនេះ ដោយសារសិង្ហបុរី មិនមានច្បាប់ហាមឃាត់ការនាំចូលទំនិញ ដែលផលិតដោយប្រើកម្លាំងពលកម្មដោយបង្ខំ ហើយក៏មិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក ដើម្បីអនុវត្តច្បាប់បែបនេះ។

ប៉ុន្តែលោកបានបន្ថែមថា អ្វីដែលសំខាន់ជាងនេះទៅទៀត គឺគ្មានប្រទេសណាមួយ ក្នុងចំណោម ៦០ប្រទេស ក្នុងនោះរួមទាំងប្រទេសដែលមានការហាមឃាត់បែបនេះរួចហើយ ទទួលបានការលើកលែងពន្ធគយទាំងស្រុងឡើយ ដោយលោកសំដៅទៅលើ ដៃគូពាណិជ្ជកម្មជាច្រើនផ្សេងទៀត ដែលត្រូវបានអាមេរិកដាក់ពន្ធគយថ្មីស្រដៀងគ្នាដែរ រួមមានទាំងសហភាពអឺរ៉ុប និងចិន។ សិង្ហបុរីបានបញ្ជាក់ថា គ្មានភស្តុតាងណាមួយបង្ហាញថា ខ្លួនពាក់ព័ន្ធនឹងការជួញដូរទំនិញ ដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនោះទេ។

លោករដ្ឋមន្រ្តីសិង្ហបុរី បាននិយាយថា បុរីរដ្ឋមួយនេះនឹងត្រូវពិចារណាដោយប្រុងប្រយ័ត្ន អំពីអ្វីដែលអាចនឹងត្រូវពាក់ព័ន្ធ ក្នុងកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដោយលោកកត់សម្គាល់ថា ពួកវាអាចនឹងទាក់ទងការប្តេជ្ញាចិត្តលើសពី ការហាមឃាត់ត្រឹមការនាំចូល ពោលគឺអាចរួមមានទាំងការគ្រប់គ្រងការនាំចេញ ឬការរឹតបន្តឹងដែលទាក់ទងនឹងប្រទេសទីបី។

ជាចុងក្រោយ លោក Gan បានលើកថា ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយ ការធ្វើពាណិជ្ជកម្មទំនិញ និងសេវាកម្មរបស់ប្រទេសលោក មានទំហំប្រមាណ ២,៥ពាន់ពាន់លានដុល្លារសិង្ហបុរី ក្នុងមួយឆ្នាំ ដែលក្នុងនោះ ១,៤ ពាន់ពាន់លានដុល្លារសិង្ហបុរី គឺជាទំនិញ ដូច្នេះការហាមឃាត់ការនាំចូលណាមួយ នឹងមានផលប៉ះពាល់ខ្លាំង។

គួរបញ្ជាក់ថា យោងតាមស្ថិតិរបស់ការិយាល័យប្រធានតំណាងពាណិជ្ជកម្មអាមេរិក USTR អតិរេកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាមួយសិង្ហបុរីមានទំហំ ៣,៦ពាន់លានដុល្លារ កាលពីក្នុងឆ្នាំ ២០២៥៕